លេង​ធំ​ទៀត​ហើយ! PSG ត្រៀមលុយធំទិញយក Lamine Yamal ក្នុងតម្លៃបំបែកកំណត់ត្រា Neymar

ក្លិបអ្នកមាន Paris Saint-Germain កំពុងត្រៀមកញ្ចប់លុយយ៉ាងច្រើនមហាសាល ដើម្បីចរចាយកខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Lamine Yamal ពីក្លិបយក្ស អេស្ប៉ាញ Barcelona។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Defensa Central បានឱ្យដឹងថា ប្រធានក្លិប PSG លោក Nasser Al-Khelaïfi កំពុងត្រៀមកញ្ចប់លុយធំ រហូតដល់ទៅ ២៦៧.២៩ លានដុល្លារអាមេរិក ដើម្បីជាធ្នាក់ចរចាជាមួយ Barcelona នាំយក Lamine Yamal មកកាន់ទឹកដី បារាំង។

 

ដំណឹងអំពីការចង់បាន Yamal របស់ PSG លើកនេះ វាបានធ្វើឱ្យនឹកឃើញជាថ្មីកាលពីឆ្នាំ ២០១៧ ដែលពេលនោះក្លិបម្ចាស់ជើងឯក Champions League បានធ្វើរឿងមិននឹកស្មានក្នុងពិភពបាល់ទាត់ ដោយហ៊ានចាយលុយរហូតដល់ទៅ ២៥៨ លានដុល្លារអាមេរិក ទិញយក Neymar Jr. ពី Barcelona។

នៅឆ្នាំ ២០២៥ ពួកគេបានត្រឡប់មកវិញសារជាថ្មី ដោយគ្រោងចាយលុយធំម្តងទៀត ពោលគឺនឹងបំបែកកំណត់ត្រានៃតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធ ប្រេស៊ីល ផងដែរ ដើម្បីបំពេញមហិច្ចតារបស់ពួកគេនាំយក Lamine Yamal ពី Barcelona។

ទោះបីជាយ៉ាងណា ការចង់បានរបស់ PSG អាចនឹងក្លាយជារឿងស្មុគស្មាញ ពីព្រោះ Yamal បច្ចុប្បន្នកំពុងក្លាយជាកីឡាករដ៏សំខាន់របស់ក្លិប អេស្ប៉ាញ ហើយរូបគេទើបតែបន្តកិច្ចសន្យាថ្មីរហូតដល់ទៅឆ្នាំ ២០៣១ ឯណោះ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top