រយៈពេលជាង ១០ឆ្នាំ ចុងក្រោយមកនេះ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានចាយប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងទ្វីបអាហ្រ្វិក (CAF) ចាប់តាំងពីកម្មវិធីអភិវឌ្ឍបាល់ទាត់ (FIFA Forward) ដែលបានដាក់ដំណើរការតាំងពីឆ្នាំ ២០១៦។ នេះបើតាមការអះអាងរបស់លោក Gianni Infantino ប្រធាន FIFA ក្នុងសមាជសហព័ន្ធបាល់ទាត់អាហ្រ្វិក ក្នុងប្រទេសកុងហ្គោ កាលពីថ្ងៃទី៧ ខែតុលា។
មេ FIFA ចាត់ទុកកម្មវិធី FIFA Forward បានវិនិយោគសន្ធឹកសន្ធាប់ទៅលើ CAF និងសមាជិក FIFA ក្នុងតំបន់អាហ្វ្រិកចំនួន ៥៤ប្រទេស។ កម្មវិធីនោះបានផ្តល់ក្តីសង្ឃឹម និងឱកាសជាច្រើនដល់កុមារចាប់យកវិស័យកីឡាបាល់ទាត់ ដើម្បីសម្រេចក្តីស្រមៃ ហើយវាបានបង្ហាញពីការអភិវឌ្ឍបាល់ទាត់ពិតប្រាកដមួយក្នុងទ្វីបអាហ្រ្វិក។
គិតចាប់តាំងពីថ្ងៃដំណើរនៃកម្មវិធីវិនិយោគបាល់ទាត់របស់ FIFA កាលពីឆ្នាំ ២០១៦ មកដល់ត្រឹមខែកញ្ញា ឆ្នាំ ២០២៥ ទឹកប្រាក់ប្រមាណ ១,០៦ពាន់លានដុល្លារ ត្រូវបានចាយដើម្បីអភិវឌ្ឍលើវិស័យបាល់ទាត់ទ្វីបអាហ្រ្វិកតែមួយមុខប៉ុណ្ណោះ។ FIFA រំពឹងថានឹងចាយប្រាក់វិនិយោគទាំងស្រុង ប្រមាណជាង ១,២៨ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២៦ សម្រាប់ការអភិវឌ្ឍបាល់ទាត់ទ្វីបអាហ្រ្វិក។
ប្រធាន CAF លោក Patrice Motsepe បានបង្ហាញការអរគុណ ដឹងគុណចំពោះស្ថាប័ន FIFA ដែលបានជួយគាំទ្រខ្លួនខ្លាំង ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ទ្វីបអាហ្វ្រិក និងការផ្តល់ឱកាសជាច្រើនដល់ក្នុងអាហ្រ្វិកប្រកួតប្រជែងកម្រិតអន្តរជាតិ។ បុរសវ័យ ៦៣ឆ្នាំ ថែមទាំងអរគុណ FIFA ជាពិសេសលោក Infantino ផ្តល់ឱកាសដល់អាហ្វ្រិកចំនួន ៤ក្រុម ចូលរួមប្រកួតព្រឹត្តិការណ៍ FIFA Club World Cup ពេលកន្លងមក។
ចំពោះការបង្ហាញខ្លួនរបស់កីឡាករមកពីចំនួន ១៩ប្រទេស ពីទ្វីបអាហ្វ្រិកក្នុងការប្រកួត Club World Cup ឆ្នាំ ២០២៥ មេ FIFA វ័យ ៥៥ឆ្នាំ បានលើលសរសើរ និងចាត់ទុកជាភាពជោគជ័យធំបំផុតមួយ សម្រាប់ក្រុមអាហ្រ្វិកដែលមានកីឡាករល្អៗខ្លាំងពូកែ អាចលេងឈានដល់ការប្រកួតកម្រិតពិភពលោកបែបនេះ។
FIFA ថែមទាំងផ្តល់ឱកាសក្នុងការអភិវឌ្ឍន៍បាល់ទាត់ទ្វីបអាហ្វ្រិកខ្លាំងជាទ្វីបដទៃ បន្ទាប់ពីអឺរ៉ុប និងទ្វីបអាម៉េរិកជើងត្បូង ដោយផ្តល់ឱកាសឱ្យមានកៅអី World Cup ឆ្នាំ ២០២៦ ចំនួន ១០ ទៅដល់ក្រុមមកពីអាហ្វ្រិក។
ដោយឡែកក្នុងការប្រកួត U17 World Cup ឆ្នាំ ២០២៥ នៅប្រទេសកាតា អាហ្វ្រិកមានចំនួនចូលរួមរហូត ៥ក្រុម ដូចទៅនឹងការប្រកួតបានរង្វាន់ FIFA U17-Women World Cup ឆ្នាំ ២០២៥ ត្រៀមធ្វើឡើងនៅប្រទេសម៉ារ៉ុក។
មិនត្រឹមតែប៉ុណ្ណោះទេ FIFA ក៏មានគម្រោងបង្កើតក្រុមបាល់ទាត់យុវជន ប្រមាណចន្លោះពី ២០-៣០ក្រុម ក្នុងឆ្នាំ ២០២៧ ក្នុងទ្វីបអាហ្វ្រិក ដែលជាផ្នែកនៃគ្រោងការអភិវឌ្ឍបាល់ទាត់ខ្លួន ដោយផ្តោតសំខាន់លើការបង្វឹកកីឡាករមានសមត្ថភាពខ្ពស់ តាមរយៈការផ្តល់ជំនួសគ្រូបង្វឹក និងបដិក្ខាហ្វឹកហាត់ទំនើប។
បើតាម FIFA កម្មវិធីសាលាបាល់ទាត់បង្កើតឡើងដោយ FIFA ក្នុងទ្វីបអាហ្វ្រិក បច្ចុប្បន្នកំពុងតែដំណើរការប្រមាណ ៤០ប្រទេស នៅក្នុងតំបន់អាហ្រ្វិក ដែលនឹងផលិត និងបណ្តុះបណ្តាលធនធានបាល់ទាត់ពីតំបន់នេះ ឱ្យរីកចម្រើន កាន់តែខ្លាំង នៅពេលខាងមុខ៕
ប្រភព៖ THMEYTHMEY



