កីឡាការិនីចំបាប់ ម៉ុន ស្រីពីន ខំប្រឹងកាន់តែខ្លាំង ដើម្បីត្រៀមការប្រកួតកីឡាយុវជនអាស៊ី នៅបារ៉ែន ចុងខែនេះ

(ភ្នំពេញ)៖ ស្របពេលការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅបារ៉ែន កាន់តែកៀកដល់ថ្ងៃប្រកួត កីឡាការិនីចំបាប់ ម៉ុន ស្រីពីន បានបង្កើនការហ្វឹកហាត់កាន់តែខ្លាំង ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួម និងឈានទៅប្រជែងមេដាយ ពីការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាយុវជនកម្រិតទ្វីបនេះ។

កីឡាការិនីវ័យ ១៧ឆ្នាំរូបនេះ បានឲ្យដឹងថា ក្រោយទទួលបានឱកាសចូលរួមជាមួយក្រុមថ្នាលជម្រើសជាតិ ខ្លួនបានយកចិត្តទុកដាក់ និងខិតខំហ្វឹកហាត់ជាមួយគ្រូបង្វឹក ដើម្បីអភិវឌ្ឍន៍សមត្ថភាព ពិសេសបន្ទាប់ពីមានឈ្មោះទៅប្រកួតកីឡាយុវជនអាស៊ី នៅបារ៉ែន បានធ្វើឲ្យកញ្ញាកាន់តែសប្បាយចិត្ត ហើយពង្រឹងការហ្វឹកហាត់កាន់តែខ្លាំង ដ្បិងនាងមានក្ដីស្រម៉ៃចង់ដណ្ដើមមេដាយពីព្រឹត្តិការណ៍ដ៏ធំនេះ។

យ៉ាងណាក្ដី ដោយសារនេះជាលើកដំបូង ដែល ស្រីពីន ត្រូវប្រកួតកម្រិតទ្វីបលើកដំបូង ខ្លួនក៏មានក្ដីបារម្ភខ្លះៗដែរ លើថាមពល និងបច្ចេកទេស ។ ប៉ុន្ដែក្រោមការតាំងចិត្តយ៉ាងមុតមាំ កីឡាការិនីមានដើមកំណើតពីខេត្តកំពង់ឆ្នាំងរូបនេះ បានបង្ដេជ្ញាបង្កើនការហ្វឹកហាត់ទ្វេដង ទម្រាំដល់ថ្ងៃប្រកួតផ្លូវការ ដើម្បីបំពេញនូវចំណុចខ្វះខាត ក្នុងការឈានទៅសម្រេចក្ដីគោលដៅដណ្ដើមមេដាយជូនជាតិមាតុភូមិ។

សម្រាប់បេសកកម្មចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសបារ៉ែននេះដែរ សហព័ន្ធកីឡាចំបាប់កម្ពុជា បានត្រៀមបញ្ជូនកីឡាករ-កីឡាការិនីថ្នាលរបស់ខ្លួន ៣រូបចូលរួម រួមមានកីឡាការិនី ម៉ុន ស្រីពីន, ផាន់ លាងភី និងកីឡាការិនី។ ក្រៅពីកីឡាចំបាប់ កម្ពុជាក៏បានបញ្ជូនអត្តពលិក ១២ប្រភេទផ្សេងទៀត ចូលរួមព្រឹត្តិការណ៍នេះដែរ គឺមានកីឡាអត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ៣x៣, យូដូ, គុនខ្មែរ, ជីជីតស៊ូ, គុនចម្រុះ, វាយកូនឃ្លីលើតុ, តេក្វាន់ដូWT, ចំបាប់, លើកទម្ងន់ និងកីឡាបាល់ទាត់លើតុ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top