ខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo បានធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោក ភ្ញាក់ផ្អើលជាមួយរឿងធំៗចំនួន ៣ អំពីអាជីពជាកីឡាករបាល់ទាត់របស់គាត់ក្នុងឆ្នាំ ២០២៥ នេះ។
ជាការពិត Ronaldo គឺជាកីឡាករម្នាក់ ដែលមានការតស៊ូខ្លាំង បូករួមជាមួយភាពអំណត់អត់ធន់ សមត្ថភាព និងទេពកោសល្យ បានធ្វើឱ្យគាត់ឈរជាកំពូលកីឡាករអស់រយៈពេលជិត ២ ទសវត្សមកហើយ។ នៅឆ្នាំ ២០២៥ នេះ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ បានឈានចូលវ័យ ៤០ ឆ្នាំទៅហើយ ប៉ុន្តែគាត់នៅតែអាចធ្វើរឿង ៣ យ៉ាង រហូតធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកនឹកស្មានមិនដល់។
រឿងដំបូង គឺដូចដឹងស្រាប់ហើយថា Ronaldo បានឈានចូលវ័យ ៤០ ឆ្នាំទៅហើយ ប៉ុន្តែគាត់នៅតែអាចឈរជាកំពូលកីឡាករម្នាក់។ គាត់នៅតែជាកីឡាករលេងក្នុងកម្រិតខ្ពស់ និងមានឥទ្ធិពលក្នុងក្រុម មិនថានៅជម្រើសជាតិ ព័រទុយហ្គាល់ និងក្លិប។
Luka Modric ក៏ដូចជាកីឡាករមួយចំនួនទៀត ដែលមានវ័យ ៤០ ឆ្នាំដូចគ្នាក៏បន្តលេងក្នុងកម្រិតខ្ពស់ផងដែរ ប៉ុន្តែរឿងមួយ ដែលធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរបំផុតចំពោះ Ronaldo គឺ គាត់នៅតែមានមហិច្ចតាចង់ឈ្នះ និងដណ្តើមពានផ្សេងៗ។ ចំណុចធំមួយទៀត គាត់កំពុងបន្តលេងដល់សព្វថ្ងៃ ដើម្បីសម្រេចក្តីស្រមៃឈ្នះពានបាល់ទាត់ជើងឯកពិភពលោកជាលើកដំបូង និងសម្រេចក្តីស្រមៃនៃការរកគ្រាប់បាល់ចំនួន ១,០០០ គ្រាប់នៅក្នុងអាជីព ស្របពេលបច្ចុប្បន្នកីឡាកររកបានចំនួន ៩៤៦ គ្រាប់ហើយ។
រឿងទី ២ គឺពាក់ព័ន្ធនឹងតម្លៃពលកម្ម។ ជឿជាក់ ថា គ្មានអ្នកគាំទ្រណាម្នាក់ធ្លាប់ស្មានដល់ ថា នៅពេល Ronaldo មានវ័យកាន់តែចាស់ គាត់នឹងអាចរកបានប្រាក់ឈ្នួលកាន់តែច្រើន ប៉ុន្តែរឿងនេះវាបានក្លាយជាការពិតហើយ។ នៅឆ្នាំ ២០២២ នៅពេលចូលរួមជាមួយ Al-Nassr គាត់បានបំបែកកំណត់ត្រាក្លាយជាកីឡាករបាល់ទាត់រកបានតម្លៃពលកម្មច្រើនជាងគេបំផុត ដោយទទួលបាន ២៣៦.៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែកនៅឆ្នាំ ២០២៥ គាត់នៅតែឈរជាកីឡាករបាល់ទាត់មានតម្លៃពលកម្មថ្លៃជាងគេបំផុតក្នុងលោក ដ្បិតមានវ័យ ៤០ ឆ្នាំក៏ដោយ ដោយទទួលបាន ៤០០ លានដុល្លារអាមេរិក បន្ទាប់ពីបន្តកិច្ចសន្យាថ្មីជាមួយ Al-Nassr រយៈពេល ២ ឆ្នាំ។
រឿង ៣ គឺពិតជាអស្ចារ្យខ្លាំងណាស់ ដោយ Ronaldo ផ្តើមចេញពីត្រកូលអ្នកក្រក្សត់ វិវត្តខ្លួនក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេបង្អស់ក្នុងពិភពលោក។ ថ្មីៗនេះ The Bloomberg Billionaires Index ដែលជាក្រុមហ៊ុនតាមដានអ្នកមានកំពូលៗក្នុងពិភពលោក បានវាយតម្លៃទ្រព្យសម្បត្តិរបស់ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ៥ សម័យជាលើកដំបូង។ នៅទីបំផុតពួកគេបានទទួលស្គាល់ Ronaldo ជាមហាសេដ្ឋីម្នាក់ក្នុងពិភពលោកចាប់ពីពេលនេះតទៅ បន្ទាប់ពីគេរកឃើញ ថា បច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិសរុបខ្ទង់ ១.៤ ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ KAMPUCHEATHMEY



