ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ផ្នែកនារី ឆ្នាំ ២០២៥ នៅប្រទេសបារាំង បានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា បន្ទាប់ពីដំណើរការប្រកួតជាច្រើនថ្ងៃ។
លទ្ធភាគភាគច្រើនជាក្រុមកីឡាការិនីប៉េតង់នៅតំបន់អាស៊ានដែលដណ្តើមបានមេដាយមាស ប៉ុន្តែក្រុមកីឡាការិនីប៉េតង់កម្ពុជាដែលធ្លាប់ខ្លាំងលើឆាកអន្តរជាតិបែរជាមិនអាចរកបានមេដាយមាសសោះ។
ក្រុមកីឡាប៉េតង់ជម្រើសជាតិម៉ាឡេស៊ី បានឈ្នះជើងឯក Nations Cup សម្រាប់វិញ្ញាសាក្រុមនារី។ បន្ទាប់ពីឆ្លងកាត់វគ្គសន្សំពិន្ទុដោយជោគជ័យមក ក្រុមនារីម៉ាឡេស៊ី បានឈ្នះ ក្រុមនារី ជប៉ុន ដោយពិន្ទុ ១៣-៥ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ហើយបានបន្តយកឈ្នះ ន័រវេស ដោយលទ្ធផល ១៣-៣ នៅវគ្គ ៨ ក្រុមចុងក្រោយ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម៉ាឡេស៊ី បានយកឈ្នះ អូទ្រីស ដោយលទ្ធផល ១៣-៣ និងវគ្គផ្តាច់ព្រ័ត្រ បានឈ្នះ អ៉ីតាលី ដោយលទ្ធផល ១៤-៦ ដើម្បីក្លាយជាម្ចាស់ពាន Nations Cup។
ថៃបានឈ្នះមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុនារីទោល។ ក្រោយឆ្លងកាត់វគ្គសន្សំពិន្ទុ កីឡាការិនីថៃបានយកឈ្នះវៀតណាមដោយលទ្ធផល ៣៤-២១ នៅវគ្គ ៨ ក្រុមចុងក្រោយ និងបានបន្តឈ្នះ ន័រវេស ដោយពិន្ទុ ២៨-២៥ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលបានឈ្នះ អេស្ប៉ាញ ដោយពិន្ទុ ៤៣ – ៣១ ដើម្បីក្លាយជាម្ចាស់មេដាយមាស។
ចំពោះក្រុមនារីកម្ពុជាធ្វើបានល្អបំផុតដោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសា ក្រុមនារី ៣នាក់ទល់៣នាក់។ ក្រុមនារីកម្ពុជា បានឈ្នះម្ចាស់ផ្ទះបារាំង ដោយពិន្ទុ ១៣-៣ នៅវគ្គ ១៦ ក្រុមចុងក្រោយ ហើយបានបន្តឈ្នះ ស៊ុយអែត ដោយលទ្ធផល ១៣-៦ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់ ថៃ ដោយពិន្ទុ ១៣-៤ ដូច្នេះទទួលបានមេដាយសំរិទ្ធ។
ចំណែកវិញ្ញាសា វាយយកពិន្ទុនារីទោល កីឡាការិនីកម្ពុជា អ៊ុន ស្រីយ៉ា បានធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីបានចាញ់តួកគី ដោយសារពេលវេលា បន្ទាប់ពីពិន្ទុស្មើគ្នា ៣៥-៣៥។
ក្រុមកីឡាប៉េតង់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយមិនសូវទទួលបានល្អប្រសើរទេសម្រាប់ការប្រកួតលើឆាកអន្តរជាតិ តាំងពីមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣។ ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ប៉េតង់កម្ពុជា រកមិនបានមេដាយមាសណាមួយសោះ ហើយការប្រកួតព្រឹត្តិការណ៍អន្តរជាតិបន្តបន្ទាប់មកទៀតក៏ពិតជាពិបាកក្នុងស្វែងរកមេដាយមាសដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ សមាសភាពកីឡាករ កីឡាការិនីដដែលៗដែលបានចេញទៅប្រកួតលើឆាកអន្តរជាតិ ហើយមិនសូវឃើញមានអ្នកជំនាន់ក្រោយទេ៕
ប្រភព៖ KAMPUCHEATHMEY



