កាប់វែរ ដែលមានប្រជាជនជាងកន្លះលាននាក់ បានកៅអី World Cup លើកដំបូង

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាប់វែរ ឈ្នះកៅអីទៅ FIFA World Cup ឆ្នាំ ២០២៦ លើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីយកឈ្នះអេស្វាទីនី ៣-០ បញ្ចប់ចំណាត់ថ្នាក់កំពូលតារាងនៃវគ្គជម្រុះទ្វីបអាហ្វ្រិក។ ប្រទេសដែលមានប្រជាជនប្រហែល ៥២៥,០០០ នាក់នេះ ក៏បានក្លាយជាប្រទេសតូចបំផុតទីពីរ បានបង្ហាញមុខនៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក ផ្នែកបុរស បន្ទាប់ពីអ៊ីស្លង់ ដែលចូលរួមដំបូងនៅឆ្នាំ ២០១៨។

នៅមុនជំនួបសំខាន់ចុងក្រោយវគ្គជម្រុះពូល D ក្នុងកីឡដ្ឋាន Estádio Nacional de Cabo Verde ក្នុងក្រុង Praia រដ្ឋធានីកាប់វែរ ថ្ងៃទី១៣ ខែតុលា រដ្ឋាភិបាលកាប់វែរ បានអនុញ្ញាតឱ្យពលរដ្ឋខ្លួនចេញពីធ្វើការមុនម៉ោង ពោលគឺប្រមាណម៉ោង៣រសៀល ដើម្បីពួកគេអាចទៅគាំទ្រក្រុមទល់នឹង អេស្វាទីនី។

ទីបំផុត កីឡាករ Livramento, Willy Semedo និង Santos Tavares សម្រេចបានម្នាក់មួយគ្រាប់ជួយកាប់វែរឈ្នះ អេស្វាទីនី ៣-០ ជួយក្រុមដែលដឹកនាំដោយលោក Bubista កក់សំបុត្រទៅ World Cup ឆ្នាំ ២០២៦ ដែលរៀបចំនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក។

កាប់វែរ បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល D មាន២៣ពិន្ទុ ពីការប្រកួត១០លើក តាមពីក្រោយដោយ កាមេរ៉ូននៅលេខ២ មាន១៩ពិន្ទុ បន្ទាប់ពីស្មើអង់ហ្គោឡា ០-០ នៅជំនួបចុងក្រោយ។ កាមេរ៉ូន បន្តទៅវគ្គជម្រុះជុំទី២ទ្វីអាហ្វ្រិក ស្របពេល៤ក្រុម នៅចំណាត់ថ្នាក់បន្តបន្ទាប់ ហាលអាវ។

កាប់វែរ ប្រទេសស្ថិតនៅប្រជុំកោះតូចមួយ ដែលមានប្រជាជនប្រមាណ ៥៥០,០០០ នាក់នេះ បានក្លាយជាប្រទេសតូចបំផុតទីពីរបង្ហាញមុខនៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក ផ្នែកបុរស បន្ទាប់ពីអ៊ីស្លង់ ដែលមានប្រជាជនប្រមាណ ៣៥០,០០០ ចូលរួមដំបូងនៅឆ្នាំ ២០១៨ ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ចាត់ទុកថាវត្តមានរបស់កាប់វែរនៅ World Cup នឹងផ្តល់កម្លាំងថាមពលដល់អ្នកគាំទ្រកីឡាបាល់ទាត់ជំនាន់ថ្មី នៅទូទាំងប្រទេសនេះ។

ប្រជាពលោករដ្ឋប្រទេសអាហ្វ្រិកមួយនេះ បង្ហាញក្តីរីករាយ ចំពោះវត្តមានក្រុមរបស់ពួកគេនៅព្រឹត្តិការណ៍ដ៏ធំលំដាប់ពិភពលោក ដោយអ្នកខ្លះកាន់ទង់ លើកបដា ហើយខ្លះទៀតរាំច្រៀងតាមចង្វាក់ Funana ដែលជាបទចម្រៀងប្រចាំប្រទេស។

មកទល់ពេលនេះ គេបានរកឃើញក្រុមប្រទេសអាហ្វ្រិកចំនួន៦ហើយដែលកក់សំបុត្រទៅកាន់អាម៉េរិកខាងជើង ក្នុងនោះមាន កាប់វែរ អាល់ហ្សេរី អេហ្ស៊ីប ម៉ារ៉ុក ទុយនេស៊ី និងហ្គាណា៕

ប្រភព​៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top