FIFA រំពឹងទីក្រុងរៀបចំ World Cup 2026 ត្រៀមខ្លួនបានល្អ ខណៈលោក ត្រាំ​ ព្រមានដកសិទ្ធិវិញ

សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)​ បង្ហាញក្តីរំពឹងខ្ពស់ទៅលើទីក្រុងទាំង១៦ ដែលធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ​២០២៦ នឹងត្រៀមលក្ខណៈបានល្អគ្រប់គ្រាន់សម្រាប់ការប្រកួត។ FIFA លើកឡើងបែបនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ព្រមាននឹងផ្លាស់ប្តូរសិទ្ធិពីទីក្រុងមួយចំនួន ប្រសិនបើទីក្រុងនោះគ្មានសុវត្ថិភាព និងសន្តិសុខ។

«យើងមានក្តីសង្ឃឹមថាគ្រប់គ្នាជាសមាជិកទីក្រុងម្ចាស់ផ្ទះទាំង១៦ នឹងត្រៀមខ្លួនឱ្យរួចរាល់ គ្រប់លក្ខណៈ ដើម្បីរៀបចំការប្រកួតឱ្យបានជោគជ័យ និងអាចបំពេញរាល់តម្រូវការ។ សុវត្ថិភាព និងសន្តិសុខល្អ គឺជារឿងចម្បងបំផុត អំឡុងរាល់ព្រឹត្តិការណ៍រៀបចំឡើងដោយ FIFA ទូទាំងពិភពលោក។»។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យរបស់ FIFA ដោយបន្ថែមទៀតថា ផ្នែកសុវត្ថិភាព និងសន្តិខុសសណ្ដាប់ធ្នាប់ក្នុងពេលប្រកួត គឺជាទំនួសខុសត្រូវរបស់រដ្ឋបាលទីក្រុងរៀបចំការប្រកួតទាំងនោះ។ ​ 

លោក ត្រាំ វិញបានចេញមុខព្រមានជាថ្មី នាថ្ងៃទី១៥ ខែតុលា នឹងដកសិទ្ធិរៀបចំការប្រកួតពីចេញទីក្រុងមួយចំនួន ដោយប្តូរទៅទីតាំងផ្សេង ប្រសិនបើទីក្រុងនោះរកឃើញថាគ្មានសុវត្ថិភាព និងផ្នែកសន្តិសុខមិនរៀបរយ។ ប្រធានាធិបតីវ័យ ៧៩ឆ្នាំ ថែមទាំងព្រមានចំៗ ទៅរដ្ឋបាលទីក្រុងណាដែលមិនពេញចិត្តចំពោះគោលនយោបាយចាប់បណ្តេញជនអន្តោប្រវេសន៍ និងការបង្រ្កាបអំពើឧក្រិដ្ឋកម្មរបស់លោកពេលកន្លងមក។ រដ្ឋបាលទីក្រុង Boston ត្រូវបានលោក ត្រាំ លើកឈ្មោះមកនិយាយចំៗផងដែរ។

ប្រធានាធិបតីអាម៉េរិកទី៤៧​ សង្កត់ធ្ងន់ថា៖«ប្រសិបបើនរណាម្នាក់ធ្វើការងារមិនបានល្អ ហើយបើខ្ញុំគិតថាទីនោះគ្មានសុវត្ថិភាព ខ្ញុំអាចទូរសព្ទទៅ ប្រធាន FIFA ហើយខ្ញុំនឹងអាចប្រាប់គាត់ថា ត្រូវតែប្តូរទីតាំងរៀបចំផ្សេងទៀតពីទីក្រុងនោះ។ ខ្ញុំជឿថាគេនឹងធ្វើតាម គឺងាយស្រួលណាស់គេនឹងធ្វើតាម។ យើងអាចដកសិទ្ធិពីពួកគេចេញបាន! ខ្ញុំពិតជាចូលចិត្តពលរដ្ឋទីក្រុង Boston ហើយខ្ញុំដឹងថាសំបុត្រការប្រកួតនៅទីនោះបានលក់អស់។​ ប៉ុន្តែអភិបាលក្រុងរបស់អ្នកគឺធ្វើការងារមិនបានល្អឡើយ។»

លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានម្តងរួចមកហើយ កាលពី២សប្តាហ៍មុន នៅការិយាល័យសេតវិមាន ថានឹងពិចារណាដូររដ្ឋរៀបចំ World Cup ឆ្នាំ២០២៦ បើលោកគិតថាវាជាទីតាំងគ្មានសុវត្ថិភាព។ កីឡដ្ឋានមួយក្នុងទីក្រុង Boxborough​ ជាទីក្រុងតូចចំណុះឱ្យទីក្រុង Boston ឈ្មោះថា Gillette នឹងត្រូវរៀបចំការប្រកួតចំនួន៧ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំក្រោយ។

ក្រៅពីទីក្រុង Boston ទីក្រុងផ្សេងទៀតរួមមាន San Francisco, Seattle ដែលនឹងរៀបចំការប្រកួតម្នាក់ចំនួន ៦ ស្ថិតក្រោមការព្រមានរបស់លោកត្រាំដូចគ្នា។ ចំណែកទីក្រុង Los Angeles ដែលគ្រោងរៀបចំការប្រកួតដល់ទៅ ៨ ធ្លាប់ត្រូវបានលោក ត្រាំ បញ្ជូលឆ្មាំការពារសន្តិសុខ និងទាហ៊ាន ទៅបង្ក្រាបអំពើឧក្រិដ្ឋកម្ម និងចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់នៅទីនោះ។

ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែល FIFA បានកែប្រែរូបមន្តបង្កើនចំនួនក្រុមរហូតដល់ ៤៨ក្រុម លើកដំបូង នឹងធ្វើឡើងចាប់ពីថ្ងៃទី១១ មិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា។ ទីក្រុងម្ចាស់ផ្ទះចំនួន១១ ចំណោម១៦ទីក្រុង ស្ថិតក្នុងទឹកដីអាម៉េរិក ខណៈ៥ទីក្រុងដទៃ នៅលើទឹកដីកាណាដា និងម៉ិកស៊ិក ដែលជាសហម្ចាស់ផ្ទះ។

គូសបញ្ជាក់ថា ក្រៅពីលទ្ធភាពប្តូរទីតាំងទីក្រុង ឬរដ្ឋរៀបចំ World Cup ឆ្នាំ ២០២៦ ក្នុងប្រទេសអាម៉េរិក លោក ត្រាំ ក៏ទទូចដែរថា បើមានការចាំបាច់ព្រឹត្តិការណ៍អូឡាំពិកអាចត្រូវអនុវត្តស្រដៀងគ្នានេះ។ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៨ គ្រោងរៀបចំឡើងនៅក្នុងទីក្រុង Los Angeles៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top