លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ធ្លាប់បានព្រមាន នឹងផ្លាស់ប្តូរទីក្រុងរៀបចំការប្រកួត FIFA World Cup ឆ្នាំ ២០២៦ បើសិនទីនោះគ្មានសុវត្ថិភាព និងអសន្តិសុខ។ ករណីនេះ ត្រូវបានអ្នករៀបចំចេញមុខច្រានចោលទាំងស្រុង និងឆ្លើយតបវិញថា ផែនការដែលបានរៀបចំទុកអស់ពេលជិត ១ទសវត្សរ៍ គ្មានការប្រែប្រួលឡើយ ស្របពេលសំបុត្រ រួមទាំងកញ្ចប់បដិសណ្ឋារកិច្ចផ្សេងៗ បានដាក់លក់ជិត ១ឆ្នាំហើយដែរ។
លោកប្រធានាធិបតីអាម៉េរិក វ័យ ៧៩ឆ្នាំ ព្រមានថានឹងដកសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២៦ ចេញពីទីក្រុងណាមួយ ដែលលោកគិតថាទីក្រុងនោះគ្មានសុវត្ថិភាព និងអសន្តិសុខ។ ការព្រមានជាលើកទី២ ពីសំណាក់លោក ត្រាំ ធ្វើឡើងកាលពីថ្ងៃទី១៥ តុលា បន្ទាប់ពីលោកធ្លាប់យករឿងនេះមកជជែកម្តង កាលពីចុងខែកញ្ញា។ ការគំរាមនេះ ភាគច្រើនសំដៅទៅលើទីក្រុងស្ថិតក្នុងរដ្ឋមួយចំនួន ដែលមិនចេញចិត្តចំពោះនយោបាយ ចាប់បង្រ្កាប់ក្រុមឧក្រិដ្ឋកម្ម និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ របស់លោក ត្រាំ។
កាលពីខែកញ្ញា ប្រធានាធិបតីអាម៉េរិកទី៤៧ ព្រមានចំៗទៅរដ្ឋបាលទីក្រុង San Francisco និង Seattle ដែលមិនចង់សហការជាមួយរដ្ឋាភិបាល។ ប៉ុន្តែពេលថ្មីៗនេះ ទីក្រុង Boston ក្នុងរដ្ឋ Massachusetts ក៏រងការគំរាមកំហែង និងត្រូវបានលោក ត្រាំ លើកឈ្មោះមកនិយាយចំៗដូចគ្នា។ រឿងនេះត្រូវបានអភិបាលក្រុងអ្នកស្រី Michelle Wu របស់គណបក្សប្រជាធិបតេយ្យ ទទូចថាបើរឿងនោះកើតឡើងមែន នោះអ្នកស្រីនឹងប្តឹងឧទ្ធរណ៍ទៅ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដោយផ្ទាល់។
មែនទែនទៅ លោក John Kristick ជាបុរសម្នាក់នៅពីក្រោយ ភាពជោគជ័យការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ ជួយឱ្យកាណាដា ម៉ិកស៊ិក និងអាម៉េរិក។ តបទៅកាន់ការគំរាមនោះ ប្រធានផ្នែករៀបចំការប្រកួត World Cup ឆ្នាំ ២០២៦ រូបនេះ ថានឹងគ្មានការប្រែប្រួលផែនការរៀបចំណាមួយឡើយ ឬការរំខានអ្វីផ្សេងទៅលើការត្រៀមលក្ខណៈ។
«ចេញពីអ្វីដែលខ្ញុំបានកំពុងសង្កេតដោយផ្ទាល់ វាយរឿងអ្វីសូម្បីតែបន្តិច បង្កជាការរំខាន អំឡុងពេលនៃការត្រៀមខ្លួនរៀបចំការប្រកួតនេះ។ សំបុត្រក៏ត្រូវបានដាក់លក់ ចំណែកឯកញ្ចប់បដិសណ្ឋារកិច្ច ក៏ត្រូវបានដាក់លក់ដូចគ្នា អស់ពេលជិត ១ឆ្នាំ រួចទៅហើយ។»។
មកដល់ពេលនេះ សំបុត្រទៅទស្សនាការប្រកួតត្រូវបានដាក់លក់អស់ជាង ១លានសន្លឹករួចទៅហើយ។ នេះបើតាមការប្រកាសរបស់ FIFA។ អ្នកគាំទ្រមកពីចំនួន ២១២ប្រទេសជុំវិញពិភពលោកឯណោះ ដែលបាននាំគ្នាសម្រុកជាងសំបុត្រនៅការបើកលក់លើកទីមួយតាមប្រព័ន្ធអនឡាញនេះ។
កន្លងមក FIFA ថែមទាំងបានបង្ហាញក្តីរំពឹងថាទីក្រុងទាំង ១៦ របស់សហម្ចាស់ផ្ទះទាំង ៣ នឹងត្រៀមខ្លួនបានល្អ ក្នុងការរៀបចំការប្រកួត។ នោះក៏អមជាមួយនឹងទំនួលខុសត្រូវលើផ្នែកការពារសុវត្ថិភាព និងការរៀបចំផ្នែកសន្តិសុខឱ្យបានល្អតាមតំបន់រៀងៗខ្លួន ហើយដែលរឿងនោះជាទំនួលខុសត្រូវរបស់រដ្ឋបាលទីក្រុងនីមួយ ដែលមានសិទ្ធិរៀបចំការប្រកួត។
ការប្រកួត World Cup ឆ្នាំ ២០២៦ នឹងធ្វើឡើងនៅលើទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក ដែលបង្កើនចំនួនក្រុមចូលរួមប្រកួត ៤៨លើកដំបូងក្នុងប្រវត្តិសាស្ត្រ។ មកពេលដល់ពេលនេះរកឃើញក្រុមចំនួន ២៨ រួមទាំងក្រុមម្ចាស់ផ្ទះ ៣ក្រុម បានកក់កៅអីត្រៀមខ្លួនសម្រាប់ការប្រកួត។ ការប្រកួតនឹងរៀបចំឡើងចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ ១៩ ខែកក្កដា ឆ្នាំ ២០២៦៕
ប្រភព៖ THMEYTHMEY



