ក្លិប Deportivo Alaves នៃលីគកំពូល La Liga បានសម្រេចចិត្តដកឈ្មោះខ្សែការពារ Facundo Garces ពីបញ្ជីក្រុម។ ការសម្រេចចិត្តនេះធ្វើឡើងក្រោយពេលសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដាក់បម្រាមកីឡាករ វ័យ២៦ឆ្នាំ ពីសកម្មភាពបាល់ទាត់រយៈពេល ១ឆ្នាំពាក់ព័ន្ធរឿងក្លែងបន្លំឯកសារ ចូលសញ្ជាតិម៉ាឡេស៊ី។
កីឡាករដើមកំណើតអាហ្សង់ទីន ស្ថិតក្នុងចំណោមកីឡាករ ៦នាក់ ផ្សេងទៀត ដែលបានរងទណ្ឌកម្មចំពោះការក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី បន្ទាប់ពី FIFA បានបើកការស៊ើបអង្កេតរហូតរកឃើញភស្តុតាង។ បើតាមការស៊ើបអង្កេតរបស់ FIFA កីឡាកទាំង ៧រូប គ្មានសិទ្ធិចូលលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីឡើយ។ ម៉ាឡេស៊ី ប្រើវិធីសាស្ត្រផ្តល់សញ្ជាតិដល់កីឡាករ តាមរយៈច្បាប់ជាប់សែស្រឡាយ ជាមួយនឹងជីដូនជីតាមានដើមកំណើតម៉ាឡេស៊ី។ ប៉ុន្តែ FIFA រកឃើញថាជីដូនជីតាកីឡាករទាំងអស់នោះ គ្មានដើមកំណើតម៉ាឡេស៊ីឡើយ។
បញ្ហានេះបានធ្វើឱ្យសហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM) ប្តឹងផ្តល់គ្នាជាមួយ FIFA ចាប់តាំងពីថ្ងៃមានបញ្ហារហូតមកដល់ពេលនេះ។ បញ្ហាបានកើតឡើងក្រោយពេលការប្រកួតដែល ម៉ាឡេស៊ី បានផ្តួលវៀតណាម ៤-០ ក្នុងវគ្គជម្រុះពានរង្វាន់ Asian Cup ឆ្នាំ ២០២៧ ក្នុងពូល F។
បើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ AS មកដល់ពេលនេះក្លិប Deportivo Alaves បានសម្រេចចិត្តដកឈ្មោះកីឡាករ Garces ចេញពីបញ្ជីក្រុម សម្រាប់ការប្រកួតពានរង្វាន់ La Liga រដូវកាលនេះ។
លើសពីនេះក្លិបកំពុងឈរចំណាត់ថ្នាក់លេខ ១០ នៅលីគកំពូលអេស្ប៉ាញក៏កំពុងពិចារណាផ្តាច់កិច្ចសន្យាជាមួយកីឡាករវ័យ ២៦ឆ្នាំ មុនពេលកំណត់ផងដែរ។ នៅមុនពេល Garces ត្រូវ FIFA ដាក់ទណ្ឌកម្ម គេបានចូលលេងឱ្យក្លិប Alaves ជាធម្មតា។ ប៉ុន្តែការបង្ហាញខ្លួននៅក្រុមម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកក្កដា ធ្វើឱ្យអាជីពរបស់គេធ្លាក់ក្នុងរឿងអាក្រក់។
មិនត្រឹមតែប៉ុណ្ណោះ ការបញ្ឈប់សកម្មភាពពីកីឡាករបាល់ទាត់រយៈពេល ១ឆ្នាំ វានឹងបង្កបញ្ហាប៉ះពាល់ដល់ទម្រង់លេងរបស់កីឡាករវ័យ ២៦ឆ្នាំផងដែរ។ Garces ក៏ប្រឈមនឹងបាត់បង់អាជីពបាល់ទាត់កម្រិតតំបន់អឺរ៉ុបថែមទៀត។ លើសពីនេះទណ្ឌកម្ម FIFA បានដាក់លើរូបគេ ទំនងនឹងរារាំងកីឡាករដដែលនេះ មិនអាចឱ្យគេបន្តទៅលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីបានទៀតនោះឡើយ ក្រោយពេលទណ្ឌកម្មបានលើកលែង។
គួររំលឹកថា FIFA បានដាក់ពិន័យសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ជាប្រាក់ជាង៤០ម៉ឺនដុល្លារ និងកីឡាករ ៧រូប មិនឱ្យជាប់ពាក់ព័ន្ធវិស័យបាល់ទាត់ ១២ខែ និងជាប្រាក់ ២ ៥០០ដុល្លារម្នាក់។ កីឡាករទាំង៧រូប រួមមាន Gabriel Palmero និង Jon Irazabal សញ្ជាតិដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca សញ្ជាតិដើមអាហ្សង់ទីន ព្រមទាំងកីឡាករ Joao Figueiredo សញ្ជាតិដើមប្រេស៊ីល និងកីឡាករ Hector Hevel ដើមកំណើតហូឡង់៕
ប្រភព៖THMEYTHMEY



