ថ្នាលគុនខ្មែរ ២រូប ត្រៀមប្រកួតដណ្ដើមមេដាយមាសកីឡាយុវជនអាស៊ី ល្ងាចនេះ ខណៈ ធន ចន្ធូ ទទួលបានមេដាយសំរឹទ្ធ

(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីថ្នាលគុនខ្មែរ ២រូប រួមមានកីឡាករ ឆុង វិសាល និងកីឡាការិនី អ៊ុំ ស្រីពេញ បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ហើយត្រូវធ្វើការប្រកួតកាត់សេចក្ដីដណ្ដើមមេដាយមាស នាល្ងាចថ្ងៃទី២៦ ខែតុលានេះ ស្របពេលកីឡាករ ធន ចន្ធូ ទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់កីឡាករអ៊ូបេគីស្ថាន ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញ។

សម្រាប់បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រទាំង ២រូប សុទ្ធតែធ្វើបានយ៉ាងល្អ ក្នុងវគ្គជម្រុះ ក្នុងនោះកីឡាករ ឆុង វិសាល បានយកឈ្នះគូប្រជែង ៤ប្រកួតជាប់គ្នា មុនឈានវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសាទម្ងន់ក្រោម ៥៤គីឡូក្រាម រួមមានឈ្នះកីឡាករថៃ Suphak Chanthachaem ដោយពិន្ទុ ៣០-២៧ ក្នុងវគ្គ ៣២នាក់ និងឈ្នះកីឡាករលីបង់ Khodor Bahaa Din ដោយពិន្ទុ ២៩-២៨ ក្នុងវគ្គ ១៦នាក់ កាលពីថ្ងៃទី២៣-២៤ ខែតុលាកន្លងទៅ។

បន្ទាប់មកនៅយប់ថ្ងៃទី២៥ ខែតុលាម្សិលមិញ វិសាល បានយកឈ្នះ ២ប្រកួតជាប់គ្នា ពោលគឺឈ្នះកីឡាករកៀហ្ស៊ីស៊ីស្ថាន Abdykarov Allanur ដោយពិន្ទុ ២៩-២៨ ក្នុងវគ្គ ៨នាក់ និងឈ្នះកីឡាករម៉ុងហ្គោលី Myagmar Bayambatsogt ដោយពិន្ទុ ៣០-២៧ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងប្រកួតនៅល្ងាចថ្ងៃអាទិត្យនេះ វិសាល នឹងត្រូវជួបកីឡាករអ៊ូបេគីស្ថាន Nurkhuaev Muzaffar។

ចំណែកកីឡាការិនី អ៊ុំ ស្រីពេញ វិញ មុនឡើងវគ្គផ្ដាច់ព្រ័ត្រ គឺបានទទួលជ័យជម្នះ ៣ប្រកួតជាប់គ្នា រួមមានឈ្នះកីឡាការិនីអ៊ីរ៉ង់ Taghipoorheidari Hananeh ដោយពិន្ទុ ៣០-២៧ ក្នុងវគ្គ ៨នាក់ និងឈ្នះកីឡាការិនីហ្វីលីពីន Blair Bitun Lyeshia ដោយពិន្ទុ ៣០-២៧ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយ ស្រីពេញ នឹងត្រូវជួបកីឡាការិនីកាហ្សាក់ស្ថាន Zhuminova Albina ក្នុងវគ្គផ្ដាច់ព្រ័ត្រល្ងាចនេះ ដើម្បីដណ្ដើមមេដាយមាស។

ដោយឡែកកីឡាករ ធន ចន្ធូ ដែលជាបេក្ខភាពថ្នាលគុនខ្មែរម្នាក់ ក្នុងចំណោម ៣រូប ដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺបានត្រឹមទទួលមេដាយសំរឹទ្ទស្ទួន បន្ទាប់ពីរូបគេ បានរងបរាជ័យ ក្រោមថ្វីដៃកីឡាករអ៊ូបេគីស្ថាន Asadbek Turdiboev នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញ ដោយពិន្ទុ។

សរុបមេដាយបណ្ដោះអាសន្ន គិតត្រឹមថ្ងៃទី២៦ ខែតុលានេះ កម្ពុជាទទួលបានមេដាយសំរឹទ្ធ ២គ្រឿង ពីការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ ក្នុងនោះមេដាយសំរឹទ្ធ ១គ្រឿងទៀត ដណ្ដើមបានដោយកីឡាករបញ្ចស៊ីឡាត់ ភុក ដានីញែល កាលពីថ្មី។ ចំពោះកីឡាករ ឆុង វិសាល និងកីឡាការិនី អ៊ុំ ស្រីពេញ ក៏បានកក់មេដាយប្រាក់ក្នុងដៃផងដែរ តែបើពួកគេទទួលបានជ័យជម្នះថ្ងៃនេះ នឹងក្លាយជាម្ចាស់មេដាយមាសតែម្ដង៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top