លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា (NOCC) បានបញ្ជាក់ថា កម្ពុជាបានស្នើទៅកាន់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ផ្លាស់ប្ដូរការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុជនអាស៊ី ទៅឆ្នាំ២០៣១ វិញ។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ដោយសារក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) មានការផ្លាស់ប្ដូររយៈពេលនៃការរៀបចំព្រឹត្តិការណ៍នេះពី ៤ឆ្នាំម្ដងទៅជា ២ឆ្នាំម្ដងវិញទើបកម្ពុជាស្នើសុំលើកការទទួលធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ទៅ ឆ្នាំ២០៣១ វិញ។
ការស្នើសុំរបស់កម្ពុជាត្រូវបានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានយល់ព្រមទទួលយក និងបន្តអនុញ្ញាតឲ្យរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០៣១។ តំណាងឲ្យកម្ពុជានឹងប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងបន្តដំណើរការនេះជាម្ចាស់ផ្ទះនៅពេលខាងមុខនេះឲ្យបានរលូនល្អ និងលើកកម្ពស់កេរ្តិ័ឈ្មោះកម្ពុជា និងកិត្យានុភាពជាតិតាមរយៈចលនាកីឡា។
បញ្ជាក់ដែរថា បើតាមគម្រោង កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ នៅឆ្នាំ២០២៩។ នៅពេលនេះផងដែរក្រុមអត្តពលិកកម្ពុជាមួយចំនួនកំពុងបន្តការប្រកួតស្វែងរកមេដាយក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ ដែលកំពុងធ្វើឡើងនៅឯប្រទេសបារ៉ែន។ គិតមកដល់ថ្ងៃទី២៧ ខែតុលា ២០២៥ នេះកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ ២៦ ឈ្នះមេដាយសរុប ៤គ្រឿង ប្រាក់២ សំរឹទ្ធ២៕
ប្រភព៖ KAMPUCHEATHMEY



