មក​ស្គាល់​ប្រវត្តិម្ចាស់​មេដាយ​ប្រាក់​កីឡា​យុវជន​អាស៊ី​នៅ​បារ៉ែន​ ឆុង​ វិសាល

កីឡាករ​វ័យ​ក្មេង​ ឆុង​ វិសាល​ ឬ​ សៅយ៉ាន់​ វិសាល​ ដែល​កំពុង​ល្បី​នៅ​បារ៉ែន​ពិសេស​គឺការ​ប្រកួត​នៅ​ទីនោះ​ឈ្នះ៤ប្រកួត​ជាប់​គ្នា​ និង​ចាញ់​ ១ប្រកួត​ចុង​ក្រោយ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទទួល​បាន​មេដាយ​ប្រាក់​ជូន​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ លើក​ទី៣​ ឆ្នាំ​២០២៥ ។​

តោះ​មក​ដឹង​ពី​ប្រវត្តិ​កីឡាករ​វ័យ​ក្មេងរបស់​កម្ពុជា​រូប​នេះ​ទាំង​អស់​គ្នា។៖

 

ឆុង​ វិសាល​ ឬ​ឈ្មោះ​ក្នុង​ប្រដាល់​ហៅ​ថា​ សៅយ៉ាន់​ វិសាល​ មាន​អាយុ​ ១៦​ឆ្នាំ​​ កម្ពស់​ ១.៧៥Cm​ សឹក្សា​ថ្នាក់​ទី១១ នៅ​ឆ្នាំ​ថ្មី​នេះ ​នៃ​វិទ្យាល័យ​ឥន្ទ្រទេវី​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។​ វិសាល​ មាន​ឪពុកឈ្មោះ​ សាន សៅយ៉ាន់​ និង​ម្ដាយ​ឈ្មោះ ទូច​ គិមសៀន។​ កូន​ប្រុស​លោក​ សាន​ សៅយ៉ាន់ រូប​នេះមាន​បង​ប្អូន​៤នាក់​ ស្រី១​ ប្រុស​៣​ ហើយ​រូប​គេ​ជា​កូន​ទី២​ នៃ​គ្រួសារ។​​ វិសាល​ និង​ក្រុម​គ្រួសារ​ជា​អ្នក​ខេត្ត​បន្ទាយមានជ័យ​។​

ងាក​មក​និយាយ​ពី​វិស័យ​ប្រដាល់​គុន​ខ្មែរ​វិញ​កីឡាករ​ ឆុង​ វិសាល​ ស្រឡាញ់​ចូល​ចិត្ត​កីឡា​មួយ​នេះ​តាំង​តែ​ពី​តូច​មក​ម្ល៉េះ​ និង​ឆ្លៀត​ពី​ការ​សិក្សា​បាន​ហ្វឹកហាត់​ ឬ​ឡើង​ប្រកួត​តាម​កម្មវិធី​តូចធំ​តាំង​ពី​នៅ​ឯ​ស្រុក​កំណើត​ខេត្ត​បន្ទាយមានជ័យ​មក​ម្ល៉េះ។​

បច្ចុប្បន្ន​នេះ​ វិសាល​ ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែ​ក​កីឡា​ឃីកបុកស៊ីង​ (Kick Boxing)​ ដែល​កំពុង​ហ្វឹកហាត់​ជា​ប្រចាំ​ និង​បាន​ឡើង​​ប្រកួត​គុន​ខ្មែរ​តាម​ស្ថានីយ​ទូរទស្សន៍​ ឬ​សង្វៀន​នានា​ជា​បន្តបន្ទាប់​មក​ដែរ។​ ដោយ​សារ​តែ​ជាប់​សិក្សា​ផង​នោះ​ទើប​កូន​ប្រុស​លោក​ សាន​ សៅយ៉ាន់​ រូប​នេះ​មិន​សូវ​ប្រកួត​ញឹកញ៉ាប់​ដូច​កីឡាករ​ដទៃ​នោះ​ឡើយ។​

ឆុង​ វិសាល​ មាន​ប្រវត្តិ​ប្រកួត​ ៣៤​ដង​ ឈ្នះ​៣០ដង​ ស្មើ៣​ និង​ចាញ់១​ (មិន​រាប់​ការ​ប្រកួត​នៅ​ប្រទេស​បារ៉ែន)​។​ រូប​គេ​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​ ១គ្រឿងលើ​​ប្រភេទ​ទម្ងន់​ ៤៥គីឡូក្រាម​​កីឡា​ឃីកបុកស៊ីងក្នុង​​ព្រឹត្តិការណ៍​កីឡា​ជាតិ។​ ឈ្នះ​មេដាយ​សំរឹទ្ធ ១គ្រឿងលើ​ប្រភេទ​ទម្ងន់​ ៥១គីឡូក្រាម​ក្នុង​កម្មវិធី​ជើងឯកថ្នាក់​ជាតិ​។ ឈ្នះ​មេដាយ​មាស​ ១គ្រឿងលើ​ប្រភេទ​ទម្ងន់​ ៥១​គីឡូក្រាម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ឃីក​បុកស៊ីង​ជើងឯក​អាស៊ីអាគ្នេយ៍​កម្ពុជា​ជា​ម្ចាស់ផ្ទះ និង​ចុងក្រោយ​នេះ​ឈ្នះ​មេដាយ​ប្រាក់ ១គ្រឿង​លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ លើក​ទី៣​ ឆ្នាំ​២០២៥​ នៅ​ឯ​ប្រទេស​បារ៉ែន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top