ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកាសអំពីដំណឹងនៃការអាចជួបគ្នាជាថ្មី ជាមួយគូសត្រូវចាស់ Floyd Mayweather នៅឆ្នាំក្រោយ ២០២៦។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ ពុធ ទី ២៩ ខែ តុលា កន្លងទៅ លោក Pacquiao បានបង្ហើប ថា៖ «ឥឡូវនេះ ពួកយើងបានចរចាគ្នាយ៉ាងច្រើន អំពីការប្រកួតបន្ទាប់របស់ខ្ញុំ។ វាអាចមានលទ្ធភាពប្រកួតគ្នាម្តងទៀតជាមួយ Floyd Mayweather។ មានការចរចាច្រើន ដែលកំពុងដំណើការ។ ខ្ញុំកំពុងរង់ចាំការចរចាចុងក្រោយ»។
តាមការបង្ហើបរបស់ស្តេចប្រដាល់ ហ្វីលីពីន វ័យ ៤៦ ឆ្នាំខាងលើ គឺបច្ចុប្បន្ន កំពុងតែចរចាអំពីការប្រកួតបន្ទាប់របស់គាត់ ដែលអាចកើតឡើងនៅឆ្នាំក្រោយ។ តាមការបង្ហើបនេះដែរ គឺកំពូលអ្នកប្រដាល់ អាមេរិក Floyd Mayweather ដែលបានឈ្នះលោកដោយពិន្ទុកាលពីឆ្នាំ ២០១៥ កំពុងក្លាយជាបេក្ខភាព ដែលអាចជួបលោកនៅឆ្នាំក្រោយ ប៉ុន្តែអ្វីៗមិនទាន់សម្រេចនៅឡើយទេ ដោយសារមានការចរចាច្រើនដំណាក់កាល។
គួរឱ្យដឹងថា Pacquiao ធ្លាប់បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់រួចម្តងហើយ បន្ទាប់ពីគាត់ប្រកួតលើកចុងក្រោយ បរាជ័យក្រោមថ្វីដៃកីឡាករសញ្ជាតិ គុយបា Yordenis Ugas នៅរដ្ឋ Las Vegas ទឹកដី សហរដ្ឋអាមេរិក ប៉ុន្តែនៅឆ្នាំ ២០២៥ លោកបានសម្រេចចិត្តវិលឡើងសង្វៀនឡើងវិញ ដោយប្រកួតស្មើជាមួយ Mario Barrios ហើយក្រោយការប្រកួតនេះបញ្ចប់ គាត់បានបង្ហើបពីផែនការរបស់គាត់ថា នឹងត្រៀមឡើងប្រកួតលក្ខណៈអាជីពឡើងវិញ នាពេលអនាគតជាបន្តបន្ទាប់ទៀត៕
ប្រភព៖ KAMPUCHEATHMEY



