Liverpool រកបានជ័យជម្នះវិញ ក្រោយចាញ់ ៦ប្រកួត និងឡើងទៅឈរលេខ៣ ក្នុងតារាង PL

(បរទេស)៖ ម្ចាស់ការពារតំណែងជើងឯក Premier League គឺហង្សក្រហម Liverpool អាចរកបានជ័យជម្នះឡើងវិញ តាមរយៈយកឈ្នះក្រុមភ្ញៀវ Aston Villa ២-០ យប់មិញ បន្ទាប់ពីការបរាជ័យ ៦លើក គ្រប់កម្មវិធីរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

៣ពិន្ទុដ៏សំខាន់នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃសៅរ៍ បានធ្វើឱ្យក្រុមរបស់លោក Arne Slot ហក់ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ ជាបណ្តោះអាសន្នផងដែរនៃតារាងពិន្ទុ Premier League គិតត្រឹមសប្តាហ៍ទី១០ ជើងទី១ របស់ពួកគេ។

Liverpool ក្នុងនាមក្រុមចាយលុយច្រើនជាងគេ ដើម្បីទិញកីឡាករថ្មីចូលនារដូវកាល ២០២៥-២៦ បានរងបរាជ័យមានដល់ទៅ ៦លើកឯណោះ ពោលគឺចាញ់ ៤ប្រកួតនៅ Premier League និង ១ប្រកួតទៀតនៅ UEFA Champions League រួមទាំងជ្រុះចេញពីពានរង្វាន់ League Cup ក្រោមថ្វីជើងរបស់ Crystal Palace ដោយលទ្ធផល ៣-០ ថែមទៀតដោយមិននឹកស្មាន។

ទោះជាយ៉ាងណា ក្រុមជើងឯកលីគអង់គ្លេស ២០សម័យកាលស្មើនឹង Manchester United មួយនេះចាប់ផ្តើមធ្វើបានល្អឡើងវិញ នៅពេលខ្សែប្រយុទ្ធជួរមុខ Mohamed Salah និង Ryan Gravenberch រកបានម្នាក់ ១គ្រាប់ជ័យជម្នះ ក្នុងការរកបាន ១៨ពិន្ទុចាញ់ប្រៀប ៧ពិន្ទុពីក្រុមកំពូលតារាងកាំភ្លើងធំ Arsenal៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top