ម៉ូតូទឹក មានកម្លាំងម៉ាស៊ីនខ្លាំងតែម្យ៉ាងមិនគ្រប់គ្រាន់ ក្នុងការប្រកួតយកជ័យជម្នះទេ សមត្ថភាពកីឡាករ ក៏ត្រូវតែខ្លាំងឱ្យសមនឹងកម្លាំងម៉ូតូទឹកដែរ។ នេះ បើតាមការបញ្ជាក់ពីលោក ទីន ហូសេន អគ្គលេខាធិការរងសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាគ្រូជំនួយក្រុមជម្រើសជាតិម៉ូតូទឹក។
កីឡាម៉ូតូទឹក គឺជាកីឡាសក្ដានុពលរបស់កម្ពុជា ដែលធ្លាប់ឈ្នះមេដាយ និងជ័យលាភីអន្ដរជាតិជាច្រើន ក្នុងនោះមានដូចជា៖ មេដាយមាស១ និងសំរឹទ្ធ១ នៅ Asian Games ឆ្នាំ២០១៨, មេដាយមាស២ ព្រឹត្តិការណ៍ Jet Ski World Series ឆ្នាំ២០២៤ និងមេដាយមាស១ ប្រាក់១ និងសំរឹទ្ធិ២ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ជាដើម។
លោក ទីន ហូសេន ដែលតែងតែជូនដំណើរកីឡាករទៅប្រកួតនៅក្រៅប្រទេស សម្លឹងឃើញសមត្ថភាពអត្ដពលិកកម្ពុជា មានកម្រិតខ្ពស់។ បើមិនមានបញ្ហាខូចម៉ូតូទឹកទេ កីឡាករកម្ពុជា នឹងអាចដណ្ដើមបានជ័យលាភី បានស្ទើរតែគ្រប់ព្រឹត្តិការណ៍។
បើតាមគ្រូជំនួយរូបនេះ កីឡាករកម្ពុជា មានភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងគ្រឿងម៉ាស៊ីនរបស់ខ្លួន។ ក្រៅពីនេះ កីឡាករកម្ពុជា ពូកែបត់បែនតាមស្ថានភាពក្នុងទីលានផ្ទៃទឹក។ លោក ទីន ហូសេន បាននិយាយថា៖«កីឡាករកម្ពុជាយើង មានបច្ចេកទេស និងជំនាញលើម៉ូតូរបស់ខ្លួនរៀងៗខ្លួន។ ពួកគាត់មានភាពវៃឆ្លាត ក្នុងការប្រើប្រាស់ម៉ូតូនេះ។ បើសិនជាម៉ូតូទឹកមិនខូច កីឡាករខ្មែរយើង ដឹងតែលេខ១ តែម្ដង ហើយពួកគាត់អាចដណ្ដើមបានមេដាយតែម្ដង។ បើយើងប្រើកម្លាំងម៉ាស៊ីន ហើយកម្លាំងយើងមិនដល់ម៉ាស៊ីន យើងនឹងមិនអាចគ្រប់គ្រងលើម៉ាស៊ីនបានទេ។ ដូច្នេះ យើងត្រូវហាត់កម្លាំងយើងឲ្យខ្លាំង។ យើងត្រូវចេះគ្រប់គ្រងម៉ូតូឲ្យខ្លាំង។ បើយើងមិនអាចបញ្ជាលើម៉ាស៊ីន បានយើងអាចធ្លាក់ទឹក ឬត្រូវបោកដោយសារម៉ាស៊ីន។»។
បច្ចុប្បន្ន ជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា កំពុងហ្វឹកហាត់បន្ថែមនៅក្រៅប្រទេស ដើម្បីត្រៀមសម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា៕
ប្រភព៖ THMEYTHMEY



