កីឡាករ Gabriel Palmero សញ្ជាតិដើមអេស្ប៉ាញ ជាកីឡាករដំបូងគេម្នាក់ និងម្នាក់ដំបូងគេបង្អស់ចំណោម ៦នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី ត្រូវបានក្លិបបញ្ចប់កិច្ចសន្យាមុនកំណត់។
Palmero វ័យ ២៣ឆ្នាំ បានក្លាយជាកីឡាករដំបូងគេបង្អស់ ចំណោមកីឡាករ ៦នាក់ផ្សេងទៀត ត្រូវបានក្លិបនៅលីគកម្រិតទី៣ អេស្ប៉ាញ Unionistas de Salamanca បញ្ចប់កិច្ចសន្យា ហើយគេនឹងគ្មានក្លិបលេងតទៀត ចាប់ពីថ្ងៃទី៨ វិច្ចិកា ទៅ។ នេះជាឥទ្ធិពលនៃការពិន័យរបស់ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ចំពោះករណីក្លែងបន្លំឯកសារចូលសញ្ជាតិកីឡាករ របស់សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM)។ តាមពិតទៅក្លិប Salamanca បានខ្ចីជើងកីឡាករដើមកំណើតអេស្ប៉ាញ ពីក្លិប Club Deportivo Tenerife។ ប៉ុន្តែពេលនេះក្លិបដើម Tenerife របស់កីឡាករ Palmero ក៏បានសម្រេចចិត្តផ្តាច់កិច្ចសន្យាកីឡាករដូចគ្នា។
បើតាមការចុះផ្សាយរបស់កាសែត The Star ក្លិប Unionistas de Salamanca ឈានដល់កិច្ចសន្យាជាមួយក្លិប Tenerife ក្នុងការបញ្ចប់កិច្ចសន្យាកីឡាករ Palmero។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពី FIFA ច្រានចោលរាល់ពាក្យបណ្តឹងឧទ្ធរណ៍របស់សហព័ន្ធ FAM ចំពោះការពិន័យលើកីឡា។
កីឡាករ Palmero ទៀតសោត ត្រូវបានក្លិប Unionistas de Salamanca នៅលីគកម្រិតទី៣ អេស្ប៉ាញខ្ចីជើងសម្រាប់រដូវកាល ២០២៥-២៦ នេះផ្ទាល់តែម្តង។
យ៉ាងណាមិញ ក្លិបដើម Tenerife របស់គេ ពេលថ្មីៗនេះ ក៏បានបង្ហោះនៅបណ្តាញសង្គម X របស់ខ្លួន ថាខ្លួនក៏បានសម្រេចចិត្តផ្តាច់កិច្ចសន្យាដែលមានសពុលភាពដល់ឆ្នាំ ២០២៧ ជាមួយកីឡាករ Palmero ដូចគ្នាដែរ។
កីឡាករ ៧នាក់ ដែលជាប់ទាក់ទងរឿងអាស្រូវនេះ រួមមាន Jon Irazabal សញ្ជាតិដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca សញ្ជាតិដើមអាហ្សង់ទីន ព្រមទាំងកីឡាករ Joao Figueiredo សញ្ជាតិដើមប្រេស៊ីល និងកីឡាករ Hector Hevel ដើមកំណើតហូឡង។ កន្លងមក កីឡាករ Facundo Garces បច្ចុប្បន្នកំពុងត្រូវបានក្លិប Deportivo Alaves ពិចារណាក្នុងការបញ្ចបកិច្ចសន្យាមុនកំណត់ដូចគ្នាដែរ។
កីឡាករប្រឈមមុខនឹងបាត់បង់អាជីពនៅទ្វីបអឺរ៉ុប ព្រោះតែរឿងអាស្រូវជាមួយសហព័ន្ធ FAM ដែលបញ្ហាក៏ធ្លាប់ត្រូវបានអ្នកជំនាញបង្ហាញក្តីបារម្ភដូចគ្នាដែរ។ អ្នកជំនាញទាំងនោះបារម្ភថាកីឡាករទាំង ៧ អាចបាត់បង់អាជីពបាល់ទាត់របស់ពួកគេ ព្រោះតែការហាមឃាត់ពីសកម្មភាពបាល់ទាត់រយៈពេល ១ឆ្នាំ ពីសំណាក់ FIFA។ បញ្ហានេះនឹងបង្កឱ្យកីឡាករទាំងអស់ធ្លាក់ទម្រង់លេងខ្លាំង៕
ប្រភព៖ THMEYTHMEY



