អ្នកចាត់ការក្រុម Real Madrid លោក Xabi Alonso ត្រូវបានសារព័ត៌មាន អេស្ប៉ាញ ចុះផ្សាយថ្មីៗនេះអំពីគោលបំណង ចង់យកខ្សែប្រយុទ្ធរបស់ខ្លួនកីឡាក Rodrygo ទៅដាក់លក្ខខណ្ឌចរចាប្តូរយកកីឡាករ Florian Wirtz ពី Liverpool មកវិញ។
Rodrygo ត្រូវបានក្លិប Real Madrid ចុះកិច្ចសន្យាយកបានពី Santos នៅឆ្នាំ ២០១៩ ក្នុងតម្លៃ ៥១ លានដុល្លារអាមេរិក។ អំឡុងពេលស្ថិតក្រោមការដឹកនាំរបស់លោក Zinedine Zidane និងលោក Carlo Ancelotti ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះ បានក្លាយជាកីឡាករដ៏សំខាន់ និងបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួត ប៉ុន្តែចាប់ពីលោក Xabi Alonso ចូលដឹកនាំនៅរដូវកាល ២០២៥-២០២៦ នេះ Rodrygo មិនសូវបានបង្ហាញខ្លួនជាប់លាប់នោះទេ។
កន្លងមក Arsenal, Chelsea និង Liverpool ត្រូវបានគេអះអាងថា មានបំណងចង់បាន Rodrygo។ ប៉ុន្តែ Liverpool ពេលនោះចាប់អារម្មណ៍លើ Florian Wirtz ជាង ហើយចុងក្រោយពួកគេ បានទិញយកខ្សែប្រយុទ្ធសញ្ជាតិ អាល្លឺម៉ង់ វ័យ ក្នុងតម្លៃ ១៥២.៦៨ លានដុល្លារអាមេរិក។
ងាកមកកាន់ Real Madrid វិញ ក៏ធ្លាប់ចង់ទិញ Wirtz ដែរ ប៉ុន្តែពួកគេមិនហ៊ានចាយលុយក្នុងតម្លៃខ្ពស់តាមដែល Bayer Leverkusen ត្រូវការ។ បច្ចុប្បន្ន ខណៈពេល Wirtz កំពុងប្រឈមភាពលំបាកសម្រាប់ការសម្របខ្លួននៅ Premier League ស្រាប់តែក្លិប Real Madrid មានបំណងចង់ដាក់ Rodrygo ជាលក្ខខណ្ឌដើម្បីប្តូរយក Wirtz មកវិញ។
របាយការណ៍បាននិយាយថា Xabi Alonso គឺពេញចិត្តខ្លាំង ប្រសិនបើបាន Wirtz មកចូលរួមជាមួយក្រុម។ ទោះបីយ៉ាងណា ការផ្លាស់ប្តូរនេះ នឹងក្លាយជារឿងលំបាក ព្រោះ Liverpool ឥឡូវនេះ មិនមានបំណងចង់បញ្ចេញខ្សែប្រយុទ្ធសញ្ជាតិ អាល្លឺម៉ង់ វ័យ ២២ ឆ្នាំ នៅពេលឆាប់ៗនេះនោះទេ៕
ប្រភព៖ KAMPUCHEATHMEY



