ព្រឹត្តិការណ៍ទ្វីបអាហ្វ្រិក AFCON 2025 ប៉ះពាល់ខ្លាំងដល់ក្លិបបាល់ទាត់ធំៗនៅអឺរ៉ុប

ក្រុមបាល់ទាត់ធំៗប្រចាំអឺរ៉ុប កំពុងបង្ហាញការព្រួយបារម្ភ និងកំពុងរកយុទ្ធសាស្ត្រថ្មី អំពីការរៀបចំផែនការប្រព័ន្ធលេង ព្រមទាំងស្វែងរកកីឡាករថ្មីនៅខែមករា ដោយសារកីឡាករអាហ្រ្វិកក្នុងក្រុមរបស់ពួកគេ ត្រូវធ្វើដំណើរទៅជួយក្រុមជម្រើសជាតិរៀងៗខ្លួន ប្រជែងពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៥។

ជើងឯកអាហ្វ្រិក AFCON 2025 ឆ្នាំ២០២៥ នឹងចាប់ផ្តើមការប្រកួតប្រជែងពីថ្ងៃទី២៥ ខែធ្នូ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ម៉ារ៉ុក ដែលក្រុមកំពុងលេចធ្លោខ្លាំងប្រចាំអាហ្រ្វិក នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ខណៈពួកគេក៏ប្រើឱកាសប្រជែងពានកម្រិតតំបន់នេះ ធ្វើតេស្តសមត្ថភាពត្រៀម ធ្វើដំណើរទៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។ មិនត្រឹមតែសម្រាប់ម៉ារ៉ុក តែមួយមុខនោះទេ ប៉ុន្តែក៏ជាពេលល្អសម្រាប់ក្រុមអាហ្រ្វិកដទៃដែលមានកៅអីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ពង្រឹងយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនឱ្យបានកាន់តែល្អ។

ក្រុមជម្រើសជាតិខ្លាំងៗប្រចាំអហ្វ្រិកចំនួន ២៤ក្រុម នឹងប្រមូលផ្តុំតទល់គ្នាប្រជែង AFCON 2025 លើទឹកដីម៉ារ៉ុក ដែលនេះជាលើកដំបូងក្នុងពេល ៣៧ឆ្នាំ សម្រាប់ម៉ារ៉ុក ដែលបានធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់កម្រិតទ្វីបអាហ្វ្រិក។

តែទោះជាយ៉ាងណាព្រឹត្តិការណ៍នេះ ក៏នឹងជះផលប៉ះពាល់ខ្លាំងដល់ក្លិបធំៗមួយចំនួននៅអឺរ៉ុប​ នៅពេលកីឡាករសញ្ជាតិអាហ្រ្វិកក្នុងក្រុមរបស់ពួកគេ ចាកចេញទៅជួយក្រុមបាល់ទាត់ជម្រើសជាតិរៀងៗខ្លួន។

កីឡាករអាហ្រ្វិកមួយរូប ត្រូវបានគេលើកមកនិយាយច្រើនបំផុតនៅពេលនេះ គឺ Bryan Mbeumo ដែលអវត្តពីក្រុម Manchester United នឹងធ្វើឱ្យក្រុមកំពុងរីកចម្រើនទម្រង់លេងមួយនេះ ជួបបញ្ហាពេលប្រកួតក្រោយៗ។ មិនខុស ពីក្រុមបិសាចក្រហម ក្លិបដទៃក្នុងតំបន់អឺរ៉ុប ក៏កំពុងរងឥទ្ធិពលអាក្រក់ពីពានរង្វាន់ AFCON ផងដែរ។ 

ចំពោះ Mbeumo គេត្រៀមខ្លួនចេញទៅជួយក្រុមជម្រើសជាតិកាមេរូន ដែលរឿងនេះនឹងធ្វើឱ្យខកខានលេងឱ្យក្រុម Man Utd រហូតដល់ទៅ ៦ប្រកួត នៅក្របខណ្ឌ Premier League។ បញ្ហានេះនឹងធ្វើឱ្យលោក Ruben Amorim អ្នកចាត់ការទូទៅក្រុមបិសាចក្រហម ត្រូវដោះស្រាយជាថ្មី បន្ទាប់ពីក្រុមទើបរកឃើញភាពល្អប្រសើរផ្នែកទម្រង់លេង។

បើទោះបីទើបផ្លាស់ចូលរួម Man Utd នៅរដូវកាលថ្មីនេះ តែកីឡាករវ័យ ២៦ឆ្នាំ បានសម្របខ្លួនគេយ៉ាងឆាប់រហ័សទៅក្នុងប្រព័ន្ធរបស់លោក Amorim។ នៅពេលនេះក្លិប Man Utd តែងត្រូវការវត្តមានរបស់ Mbeumo ក្នុងក្រុម ព្រោះតែគេនៅប៉ុន្មានប្រកួតចុងក្រោយនេះ តែងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី។ ម្យ៉ាងវិញ​ ក្លិប Man Utd ក៏នឹងមិនងាយរកកីឡាករណាម្នាក់ដែលមានសមត្ថភាពល្អដូចទៅនឹងកីឡាករសញ្ជាតិកាមេរូននេះភ្លាមៗណាស់។

ដោយឡែក កីឡាករ Nicolas Pepe លេងឱ្យក្រុម Villarreal ឯណោះវិញ គេនឹងត្រូវចេញទៅជួយក្រុមកូតឌីវ័រ។ អវត្តមានកីឡាករសំខាន់ម្នាក់នេះ នឹងទាញទម្រង់លេងក្រុមស្ថិតក្នុងលីគកំពូលអេស្ប៉ាញ ឱ្យចុះអន់ខ្សោយត្រង់ចំណុចប្រយុទ្ធស្លាបខាងស្តាំ។ កីឡាករ Zambo Auguissa មិត្តរួមសញ្ជាតិជាមួយកីឡាករ Pepe គេក៏នឹងខកខានជួយក្លិប Napoli ជាច្រើនប្រកួតផងដែរ។ 

កីឡាករអាហ្វ្រិកសំខាន់ៗដទៃទៀត រួមមាន Mohamed Salah របស់ Liverpool, Achraf Hakimi របស់ក្រុម Paris Saint Germain រួមជាមួយកីឡាករ Victor Osimhen ជាដើម នឹងត្រូវចេញទៅជួយក្រុមជម្រើសជាតិរៀងៗខ្លួន។ ក្លិបរបស់ពួកគេក៏អាចនឹងប្រឈមផលប៉ះពាល់តិចតួច លើរឿងនេះ នៅពេលការប្រកួតប្រចាំលីគបាល់ទាត់រៀងៗខ្លួនពួកគេ។

បាត់វត្តមានកីឡាករអាហ្រ្វិកទាំង ៣ ព្រមទាំងកីឡាករនៅក្លិបដទៃផ្សេងទៀត ដែលពួកគេកំពុងឡើងជើងខ្លាំងទាំងនោះពីទ្វីបអឺរ៉ុប ក៏ទំនងធ្វើឱ្យការប្រកួតប្រចាំទ្វីបអឺរ៉ុបមានការប្រែប្រួលខ្លាំងដូចគ្នាដែរ។ 

រឿងទាំងនេះបង្ខំចិត្តឱ្យក្លិបអឺរ៉ុបទាំងនេះ ត្រៀមខ្លួនផ្លាស់ប្តូរយុទ្ធសាស្ត្រ ការកែប្រែទម្រង់លេង ផែនការការប្រកួតក៏ដូចជាការស្វែងរកកីឡាករថ្មីចូលមកជំនួស។ បើមើលឱ្យមែនទែនទៅ ការបាត់បង់កីឡាករសំខាន់ៗទាំងនេះ នឹងធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើការប្រជែងពិន្ទុ នៅតាមលីគបាល់ទាត់នីមួយៗ អំឡុងកាលវិភាគដ៏មមាញឹកក្នុងវិស័យបាល់ទាត់អឺរ៉ុប៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top