ក្លិបបាល់ទាត់ វិសាខា បានតែងតាំងលោក Scott Joseph Cooper ជាគ្រូបង្គោលថ្មី បន្ទាប់ពីស្ថិតក្រោមការដឹកនាំរបស់លោក Seon Power ជាគ្រូបង្គោលបណ្តោះអាសន្ន ក្រោយចែកផ្លូវគ្នាជាមួយគ្រូបង្វឹកសញ្ជាតិអង់គ្លេស Gérard Jones។
ក្លិបកម្ពុជាមួយនេះបានតែងតាំងគ្រូបង្វឹកជនជាតិអង់គ្លេសទៀតគឺ លោក Scott Cooper វ័យ៥៥ឆ្នាំ។ ដើមឡើយលោកជាគ្រូបង្វឹកក្រុមជម្រើសជាតិ អង់ហ្គីឡា និង ម៉ុងសឺរ៉ាត់ ដែលជាប្រទេសតូចស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស។ លោកក៏ធ្លាប់ជាគ្រូបង្វឹកក្រុមយុវជនសាលាបាល់ទាត់អង់គ្លេសអាយុ ១៥ ឆ្នាំ និងក្រុមយុវជនក្លិប Leicester City ព្រមទាំងក្រុមមួយចំនួនទៀតនៅអង់គ្លេស។
នៅឆ្នាំ ២០១៣ លោក Scott Cooper បានមកដឹកនាំក្រុមយុវជនក្លិប Buriram United របស់ប្រទសថៃ មុនពេលតែងតាំងជាគ្រូបង្វឹកក្រុមធំនៅក្លិបដដែល។ ការដឹកនាំនៅក្លិបថៃនីមួយៗមិនបានយូរប៉ុន្មានទេដោយឆ្នាំ ២០១៤ លោកដឹកនាំ ក្លិប Muangthong United មុនពេលទៅប្រទេសឥណ្ឌូណេស៊ីដឹកនាំក្រុម Mitra Kukar។
នៅឆ្នាំ ២០១៥ លោកបានវិលទៅថៃវិញដឹកនាំក្រុម Ubon UMT United និងឆ្នាំ ២០១៨ ជាគ្រូបង្វឹកក្រុម Police Tero។ នៅឆ្នាំ ២០១៩ លោកបានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ ហ្វីលីពីន រហូតដល់ឆ្នាំ ២០២២ ដែលជាកន្លែងធ្វើការបានយូរបំផុតរបស់លោក មុនពេលត្រឡប់ទៅថៃដឹកនាំ Port FC នៅឆ្នាំ ២០២២ និងក្រុមឥណ្ឌា Jamshedpur ឆ្នាំ ២០២៣។ គិតចាប់តាំងពីចុងឆ្នាំ ២០២៣មក លោកមិនបានដឹកនាំក្លិបណាទេ មុនពេលទទួលបានការងារដឹកនាំក្លិបវិសាខា។
សរុបទៅ លោក Scott Cooper ធ្លាប់ធ្វើការងារជាគ្រូបង្វឹកនៅអង់គ្លេស ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និងឥណ្ឌា មុនពេលមកកម្ពុជា។
ប្រវត្តិដឹកនាំសង្ខេប
- ឆ្នាំ ១៩៩៩ ជាជំនួយការ ក្លិប Chester City (ចក្រភពអង់គ្លេស)
- ឆ្នាំ ២០០១ ជាគ្រូបង្វឹកក្រុម អង់ហ្គីឡា (ចក្រភពអង់គ្លេស)
- ឆ្នាំ ២០០៥ ជាគ្រូបង្វឹកក្រុម ម៉ុងសឺរ៉ាត់ (ចក្រភពអង់គ្លេស)
- ឆ្នាំ ២០០៩ ជាគ្រូបង្វឹកក្រុម អង់ហ្គីឡា (ចក្រភពអង់គ្លេស)
- ឆ្នាំ ២០១០ ជាគ្រូបង្វឹកក្រុមយុវជនអង់គ្លេសអាយុ១៥ឆ្នាំ (ISFA) (អង់គ្លេស)
- ឆ្នាំ ២០១១ ជាគ្រូបង្វឹកក្រុមយុវជនក្លិប Leicester City (អង់គ្លេស)
- ឆ្នាំ ២០១៣ ជាគ្រូបង្វឹកក្រុមយុវជន Buriram United (ថៃ)
- ឆ្នាំ ២០១៣ ជាគ្រូបង្វឹកក្រុម Buriram United (ថៃ)
- ឆ្នាំ ២០១៤ ជាគ្រូបង្វឹកក្រុម Muangthong United (ថៃ)
- ឆ្នាំ ២០១៤-១៥ ជាគ្រូបង្វឹកក្រុម Mitra Kukar (ឥណ្ឌូណេស៊ី)
- ឆ្នាំ ២០១៥-១៧ ជាគ្រូបង្វឹកក្រុម Ubon UMT United (ថៃ)
- ឆ្នាំ ២០១៨ ជាគ្រូបង្វឹកក្រុម Police Tero (ថៃ)
- ឆ្នាំ ២០១៩-២០២២ ជាគ្រូបង្វឹកជម្រើសជាតិ ហ្វីលីពីន
- ឆ្នាំ ២០២២ ជាគ្រូបង្វឹកក្រុម Port FC (ថៃ)
- ឆ្នាំ ២០២៣ ជាគ្រូបង្វឹកក្រុម Jamshedpur (ឥណ្ឌា)
ប្រភព៖ KAMPUCHEATHMEY



