ខ្សែប្រយុទ្ធរបស់ក្រុម Al-Ittihad កីឡាករ Karim Benzema បានបង្ហើបពីបំណងនៃការចង់វិលត្រឡប់មកកាន់ក្លិប Real Madrid ដែលជាទ្រនំចាស់របស់ខ្លួនវិញ ហើយរួបគេជឿលើរឿងនេះអាចទៅរួច ប្រសិនបើលោក Florentino Perez នៅបន្តកាន់តំណែងជាប្រធានក្លិប។
Benzema ជាកីឡាករដ៏ជោគជ័យបំផុតម្នាក់ អំឡុងពេលលេងនៅក្រុមមានមូលដ្ឋានក្នុងរដ្ឋធានី អេស្ប៉ាញ រយៈពេល ១៤ ឆ្នាំ ពីឆ្នាំ ២០០៩ ដល់ ២០២៣។ កីឡាករបានស៊ុតបញ្ចូលទីបានចំនួន ៣៥៤ គ្រាប់ ក្នុងចំណោមការលេង ៦៤៨ ប្រកួត ហើយខ្សែប្រយុទ្ធសញ្ជាតិ បារាំង រូបនេះ បានឈ្នះពាន La Liga ៤ សម័យ, Champions League ៥ សម័យ, UEFA Super Cup ៤ សម័យ និងពានមួយចំនួនទៀត។
ទោះបីជាយ៉ាងណា ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or រូបនេះ បានចាកចេញពី Real Madrid រយៈពេលជាង ២ ឆ្នាំកន្លះមកហើយ ដោយផ្លាស់ទៅចូលរួមជាមួយក្រុម Al-Ittihad។ កីឡាករនឹងអស់សុពលភាពកិច្ចសន្យាជាមួយក្លិបលីគ អារ៉ាប៊ីសាអ៊ូឌីត មួយនេះនៅខែ មិថុនា ឆ្នាំ ២០២៦ ប៉ុន្តែស្រាប់តែថ្មីៗនេះ រូបគេបង្ហើបបំណងរបស់ខ្លួន ចង់ផ្លាស់មកកាន់ទឹកដី អេស្ប៉ាញ វិញ។
ថ្លែងប្រាប់សារព័ត៌មាន AS ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ៣៧ ឆ្នាំ បាននិយាយអំពីលទ្ធភាពរបស់ខ្លួន ដែលអាចត្រឡប់មក Real Madrid វិញ យ៉ាងដូច្នេះ ថា៖ «ប្រសិនបើលោក Florentino Perez នៅតែនៅទីនោះ វានឹងអាចកើតឡើងបាន។ ខ្ញុំជជែកជាមួយគាត់ ហើយវាអាចកើតឡើង។ ខ្ញុំគឺជា Madridista ម្នាក់។ ខ្ញុំមានអារម្មណ៍នៅទីនោះ។ Madrid នៅតែជាទីក្រុងរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ដូចជា Madridista និង Madrileno ម្នាក់។ ពួកយើងនឹងឃើញ ពីអ្វីដែលនឹងកើតឡើង ប្រសិនបើគាត់បន្តនៅទីនោះ។ គាត់ជាមនុស្សម្នាក់ ដែលខ្ញុំមិនអាចនិយាយថា ទេ បានទេ។ Florentino ជាមនុស្សពិសេស»៕
ប្រភព៖ KAMPUCHEATHMEY



