អាហ្សង់ទីន នឹងត្រូវការពារជើងឯក Finalissima ទល់អេស្ប៉ាញ នៅខែមីនា ឆ្នាំ២០២៦

ជំនួបដណ្តើមពានរង្វាន់ Finalissima ដែលជាការប្រជែងរវាងម្ចាស់ជើងឯកទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) និងម្ចាស់ជើងឯកអឺរ៉ុប (UEFA) នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦។ ការប្រកួតនេះនឹងក្លាយឱកាសស្ទាបស្ទង់សមត្ថភាពជើងខ្លាំងទាំង ពីរទ្វីប មុនព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ដោយអាហ្សង់ទីនមានភារកិច្ចការពារតំណែងជើងឯករបស់ខ្លួន ពីការប្រជែងរបស់អេស្ប៉ាញ។

ពានរង្វាន់ Finalissima ជាឈ្មោះចុងក្រោយបង្អស់ដែលអ្នករៀបចំបានដាក់ ហើយដំបូងឡើយពានរង្វាន់នេះ ត្រូវបានគេស្គាល់ឈ្មោះថា European/South American Nations Cup។​ បន្ទាប់មកវាបានប្តូរឈ្មោះទៅជាពានរង្វាន់អន្តរទ្វីប Intercontinental Cup វិញ ហើយធ្លាប់រៀបចំឡើងតែ ៣លើកប៉ុណ្ណោះ ក្នុងឆ្នាំ ១៩៨៥, ១៩៩៣ និងនៅឆ្នាំ ២០២២។ ក្រុមដែលមានសិទ្ធិចូលការប្រកួតពានរង្វាន់នេះ ត្រូវបានកំណត់តែលើក្រុមដែលឈ្នះជើងឯកទ្វីបអាម៉េរិកខាងត្បូង និងអឺរ៉ុបតែប៉ុណ្ណោះ។

បើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ RTVE ជំនួបពានរង្វាន់ FInalissima រវាងក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនម្ចាស់ជើងឯក Copa America ឆ្នាំ ២០២៤ ទល់នឹងអេស្ប៉ាញ ម្ចាស់ពាន Euro ឆ្នាំ​២០២៤ នឹងរៀបចំឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦។ 

អាហ្សង់ទីនជាក្រុមកាន់កាប់តំណែងជើង Finalissima ឆ្នាំ ២០២២ មក ដោយកាលនោះ ពួកគេបានផ្តួលអ៊ីតាលី ម្ចាស់ជើងឯក Euro ឆ្នាំ ២០២០ ក្នុងលទ្ធផល ៣-០​ ក្នុងកីឡដ្ឋាន Wembley ទីក្រុងឡុងដ៏។ ជ័យជម្នះទល់អ៊ីតាលី ក្លាយជាការសាកល្បងសមត្ថភាពដ៏សំខាន់មួយ នៅក្នុងដំណើរនៃការប្រជែងពានរង្វាន់បាល់ទាត់ពិភពលោកយ៉ាងជោគជ័យរបស់អាហ្សង់ទីននៅទឹកដីកាតាផងដែរ។

នៅពេលនេះអាហ្សង់ទីនមានឱកាសមកប្រជែងពាន Finalissima ជាថ្មីម្តងទៀត ហើយគូប្រជែងរបស់ពួកគេគឺជាក្រុមអេស្ប៉ាញជើងខ្លាំងប្រចាំ Euro ឆ្នាំ ២០២៤ នេះឯង។ 

កាលព្រឹត្តិការណ៍ Euro ឆ្នាំ ២០២៤ អេស្ប៉ាញបានផ្តួលក្រុមអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រលទ្ធផល​ ២-១ នៅក្នុងកីឡដ្ឋានអូឡាំពិក ទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។ នោះជាការជួបរឿងខកចិត្តជាលើកទី២ សម្រាប់អង់គ្លេស ដែលចាញ់វគ្គផ្តាច់ព្រ័ត្រ Euro ២លើកជាប់ៗគ្នា។ អេស្ប៉ាញវិញ​ចាយពេល ១៤ឆ្នាំ ទើបរកឃើញភាពខ្លាំងត្រឡប់មកវិញ ហើយអាចសមត្ថភាពប្រជែងឈ្នះក្រុមខ្លាំងៗកម្រិតតំបន់ និងពិភពលោកវិញបាន។ 

កាលពីពេលថ្មីៗនេះ អេស្ប៉ាញទាំង ដណ្តើមបានកៅអីទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលគ្រោងធ្វើឡើងនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក ដូចទៅនឹងអាហ្សង់ទីនដែរ។ 

Finalissima ប្រៀបបានជាការតេស្តសមត្ថភាពដ៏ល្អបំផុត សម្រាប់ក្រុមជើងឯកតំបន់ទាំង ២ នៅមុនពេលធ្វើដំណើរទៅ World Cup ឆ្នាំ ២០២៦។ ទាំង ២ក្រុម បច្ចុប្បន្នសុទ្ធសឹងតែមានកីឡាករវ័យក្មេងកំពុងតែលេចធ្លោរខ្លាំងលើកម្រិតសមត្ថភាព ក៏ដូចជាការប្រកួតប្រជែងកម្រិតពិភពលោកដូចៗគ្នា។ បើទោះអាហ្សង់ទីនធ្លាប់ឈ្នះ World Cup ឆ្នាំ ២០២២ រួចមកហើយក្តី ប៉ុន្តែទម្រង់លេងពួកគេនៅតែល្អមិនធ្លាក់ចុះខ្លាំង។ អេស្ប៉ាញវិញ ក៏កំពុងពង្រឹងសមត្ថភាពកីឡាករ ត្រៀមខ្លួនប្រជែងពានពិភពលោកជាថ្មីដូចគ្នាដែរ៕ 

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top