FIFA Ranking៖ អេស្ប៉ាញរក្សាតំណែងកំពូលតារាង ៣ខែជាប់គ្នា ខណៈប្រេស៊ីលឡើងទៅលេខ ៥

ចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិកម្រិតអន្តរជាតិ (FIFA Ranking) បានធ្វើបច្ចុប្បន្នភាពក្នុងខែវិច្ឆិកា ក្រោយបញ្ចប់វគ្គជម្រុះ​ FIFA World Cup ឆ្នាំ ២០២៦​ តាមទ្វីប។ក្រុមខ្លាំងៗមួយចំនួនបន្តកាន់តំណែងនៅលេខរៀងកំពូលៗរបស់ពួកគេ ក្នុងនោះអេស្ប៉ាញបានរក្សាតំណែងកំពូលតារាង ៣ខែ ជាប់គ្នា ស្របពេលប្រេស៊ីលឡើងទៅលេខ ៥ ដោយរុញព័រទុយហ្កាល់ ហូឡង់ ទៅឈរលេខ ៦ និង ៧ ពិភពលោក។

ចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់ FIFA Ranking កាលពីខែសីហា ជាពេលដែលអេស្ប៉ាញទម្លាក់អាហ្សង់ទីន ឈរកំពូលតារាង គិតមកដល់ពេលនេះគឺរយៈពេល ៣ខែហើយ ដែលក្រុមម្ចាស់ជើងឯកអឺរ៉ុប (Euro 2024) បន្តរក្សាបានតំណែងលេខ ១ ប្រចាំពិភពលោក។ 

អាហ្សង់ទីន នៅលេខ ២ បារាំង លេខ ៣ អង់គ្លេសនៅលេខ ៤ ក៏រក្សាចំណាត់របស់ពួកគេបាន តាមរយៈការប្រកួតឈ្នះដៃគូជាបន្តបន្ទាប់នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កាលពីខែតុលា ចំណាត់ថ្នាក់កំពូលទាំង ៤ នេះរក្សាតំណែងនៅដដែល។

ប្រេស៊ីល ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ឡើង២ចំណាត់ថ្នាក់។ ពួកគេបានឡើងមកឈរនៅលេខ ៥ ដោយបានរុញក្រុមព័រទុយហ្កាល់ ទៅលេខ ៦​ និងហូឡង់ក៏ធ្លាក់ទៅឈរនៅលេខ ៧។ ក្រុមម្ចាស់ពាន World Cup ៥សម័យ មកពីទ្វីបអាម៉េរិកខាងត្បូង កំពុងតែកើតសមត្ថភាព និងមានទម្រង់លេងល្អខ្លាំង នៅជិតបញ្ចប់ឆ្នាំ ២០២៥។ ក្រឡែកមើលព័រទុយហ្កាល់ និងហូឡង់វិញ ៥ប្រកួតចុងក្រោយរបស់ពួកគេមានឈ្នះ ចាញ់ និងស្មើ។ 

ក្រុមអ៊ីតាលី ទើបធ្លាក់ទៅប្រជែងកៅអីវគ្គ Playoffs នៃវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ទ្វីបអឺរ៉ុប ពួកគេធ្លាក់ចំណាត់ថ្នាក់ពីរលេខ។ កន្លងមកអ៊ីតាលី ឈរលេខ ១០ ប៉ុន្តែចាញ់ការប្រកួតក្រោមថ្វីជើងន័រវែសកាលពីពេលថ្មីៗនេះ ធ្វើឱ្យពួកគេធ្លាក់ដល់លេខ ១២។ ក្រូអាស៊ី ជាក្រុមកក់កៅអី World Cup ឆ្នាំក្រោយរួច ផ្លាស់មកកាន់នៅចំណាត់ថ្នាក់លេខ ១០ ជំនួសអ៊ីតាលី។

អាម៉េរិក ម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២៦ ហក់ឡើងឈរលេខ ១៤ ដោយទម្លាក់ម៉ិកស៊ិកជាសហម្ចាស់ផ្ទះរៀបចំការប្រកួតដូចគ្នា ទៅលេខ ១៥ វិញ។ ទាំង ២ក្រុមនេះ គឺជាក្រុមខ្លាំងប្រចាំអាម៉េរិកខាងជើង (CONCACAF)។

ក្រុមនីហ្សេរីយ៉ា របស់ទ្វីបអាម៉េរិក ក៏កើនចំណាត់ថ្នាក់ ដោយពួកគេឡើងមកឈរនៅចំណាត់ថ្នាក់លេខ ៣៨ ចំណែកឯទុយណេស៊ី ក៏បានឡើងចំណាត់ថ្នាក់មកឈរនៅលេខ ៤០ ជំនួសនីហ្សេរីយ៉ាវិញ។ ចំណែកក្រុមមកពីអាស៊ីកណ្តាល អ៊ូសបេគីស្ថាន បានវិលត្រឡប់ចូលចំណាត់ថ្នាក់ ៥០ ដែលចំណាត់ថ្នាក់ក្រុមកម្រិតកំពូលទាំង ៥០ លើពិភពលោកលើកដំបូង គិតចាប់តាំងពីឆ្នាំ ២០១៦។ 

ក្រុមជម្រើសជាតិដែលលោតចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតក្នុងខែវិច្ឆិកា គឺក្រុមហ្វីលីពីន កើនប្រាំលេខ ឡើងឈរនៅលេខរៀង ១៣៦, តួកម៉េនីស្ថាន ឡើងមកលេខ ១៣៧ និងម៉ាល់ត៍ ឡើងមកលេខ ១៦១។

ក្រុមជម្រើសជាតិកូសូវូ ដែលបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន ជាក្រុមធ្វើបានល្អអំឡុងវគ្គជម្រុះ World Cup ទ្វីបអឺរ៉ុប ហើយមានទម្រង់លេងធ្វើឱ្យខ្លាំងៗក្នុងពូលជាមួយពិបាកយកឈ្នះពួកគេ។ នៅពេលនេះក្រុមពួកគេលោតមកឈរនៅចំណាត់ថ្នាក់លេខ ៨០ លើកដំបូង ដែលចំណាត់ថ្នាក់នេះក៏ជាកំណត់ត្រាថ្មីសម្រាប់កូសូវូ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top