ការប្រកួតជម្រុះតាមទ្វីបនីមួយៗ ដើម្បីរកក្រុមឡើងទៅជុំចុងក្រោយពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក (World Cup 2026) ចំនួន ៤៨ ក្រុម ពេលនេះបានរកឃើញក្រុមចំនួន ៤២ ហើយ ខណៈរឿងគួរចាប់អារម្មណ៍ គឺមានក្រុម ៤ ដែលទើបឆ្លងផុតវគ្គជម្រុះ ឡើងទៅជុំចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ក្រុមចំនួន ៤២ ដែលបានកក់កៅអីឡើងទៅជុំចុងក្រោយ World Cup 2026 រួចរាល់ រួមមានប្រទេសសហម្ចាស់ផ្ទះ សហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ិក។ ទ្វីបអាស៊ី មានក្រុម ជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ អូស្ត្រាលី អ៊ុយបេគីស្ថាន ហ្ស៊កដានី កាតា និងអារ៉ាប៊ីសាអូឌីត។ តំបន់អូសេអានី មាន នូវែលហ្សេឡង់។ ទ្វីបអាមេរិកខាងត្បូង មានក្រុម អាហ្សង់ទីន ប្រេស៊ីល អ៊ុយរូហ្គាយ អេក្វាឌ័រ កូឡុំប៉ី និងប៉ារ៉ាហ្គាយ។
តំបន់អាហ្វ្រិក មាន ម៉ារ៉ុក ទុយនីស៊ី អេហ្ស៊ីប អាល់ហ្ស៊េរី ហ្គាណា សេណេហ្គាល់ កូតឌីវ័រ អាហ្វ្រិកខាងត្បូង និងកាបវែរ ។ ទ្វីប អាមេរិកខាងជើង មានក្រុម ប៉ាណាម៉ា ហៃទី និង គូរ៉ាសៅ។ ទ្វីបអឺរ៉ុប មាន អង់គ្លេស បារាំង អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្កាល់ ហូល្លង់ បែលហ្ស៊ិក ក្រូអាត ន័រវែស ស្កុតលែនដ៍ ស្វីស និង អូទ្រីស។
ក្នុងចំណោមក្រុមទាំង ៤២ ខាងលើ មានក្រុមចំនួន ៤ ដែលទើបទទួលបានកៅអីឡើងជុំចុងក្រោយពាន World Cup 2026 លើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ រួមមាន អ៊ុយបេគីស្ថាន (ទ្វីបអាស៊ី) ហ្ស៊កដានី (ទ្វីប អាស៊ី) កាបវែរ (ទ្វីបអាហ្វ្រិក) និង គូរ៉ាកាវ (ទ្វីប អាមេរិកខាងជើង)។ នេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ព្រឹត្តិការណ៍ World Cup 2026 ខាងមុខ។
យ៉ាងណា រឿងដែលកាន់តែចាប់អារម្មណ៍មួយទៀតនោះ គឺ កោះគូរ៉ាសៅ បានក្លាយជាប្រទេសតូចជាងគេបំផុត ពោលគឺតូចជាង កោះកាបវែរ ទៅទៀត ដែលបានឡើងជុំចុងក្រោយ World Cup 2026។ ប្រទេសនេះមានផ្ទៃដីត្រឹម ៤៤៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនត្រឹម ១៥៥,៩០០ នាក់ប៉ុណ្ណោះ៕
ប្រភព៖ KAMPUCHEATHMEY



