ទស្សនៈ ៦ ​ចំណុចរបស់​លោក វ៉ាត់ ចំរើន ចំពោះ​ការចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ថៃ

កម្ពុជា នឹង​បញ្ជូន​ប្រតិភូ និង​អត្តពលិក​លើ​ ២១ ប្រភេទ​កីឡា​​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ​នា​ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​ប្រទេស​ថៃ ស្រប​ពេល​វិបត្តិ​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​មិន​ទាន់​ធូរ​ស្រាល។

កីឡាមានគោលការណ៍ផ្សេងដែលមិនពាក់ព័ន្ធនឹងនយោបាយ ដូចជា ប្រកាន់ភ្ជាប់យុត្តិធម៌ សាមគ្គីភាព រួបរួមគ្នា ការយោគយល់ និងសុខសន្តិភាពរវាងប្រទេសជាជន ប្រទេស អន្តរតំបន់ ទ្វីប និងពិភពលោក។

ស្របពេលការសម្រេចចិត្តបញ្ជូនប្រតិភូកីឡាទៅចូលរួមប្រកួតបែបនេះ ក៏មានមហាជនជាច្រើនមិនគាំទ្រឡើយដោយបារម្ភពីសុវត្ថិភាព និងមិនជឿទុកចិត្តលើប្រទេសថៃ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញទស្សនៈផ្ទាល់ខ្លួនចំនួន ៦ ចំណុចចំពោះការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។

  1. ការចូលរួមប្រកួត SEA Games លើក​នេះ​ គឺកម្ពុជាចូលរួមប្រកួតក្នុងនាមជា​សមាជិក និងគ្រួសារសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ចលនាអូឡាំពិកតំបន់។ ចលនាអូឡាំពិកប្រទេសជាសមាជិកត្រូវមានកាតព្វកិច្ចចូលរួមប្រកួតពហុកីឡាតាមការកំណត់។ 
  2. គោលការណ៍គ្រឹះអូឡាំពិកអន្តរជាតិ គឺប្រឆាំងនឹងការរើស​អើង​គ្រប់ទម្រង់ ក្នុងវិស័យកីឡា និងជៀសវាងពីសម្ពាធនយោបាយ សាសនា ជាតិសាសន៍ និង និន្នាការសង្គមឡើយ។ ប្រកាន់យកស្មារតីសាមគ្គីភាព មិត្តភាព និងយោគយល់គ្នា ដើម្បី​កសាងពិភពលោកមួយល្អប្រសើរ។
  3. ព្រឹត្តិការណ៍កីឡា SEA games ជាបុព្វសិទ្ធិរបស់សហព័ន្ធកីឡាអាស៊ី​អាគ្នេយ៍ទាំង១១ ប្រទេស គ្រប់គ្រងដឹកនាំ។ រីឯម្ចាស់ផ្ទះជាអ្នក រៀបចំតាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ ទាំង ១១ ប្រទេស ។
  4. ជ័យលាភីមេដាយដែលប្រទេសទាំងអស់ប្រកួតប្រជែងដណ្តើម​គ្នាជាមេដាយ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ពោល​គឺ​ មិនមែនមេដាយរបស់ម្ចាស់ផ្ទះ​ឡើយ។
  5. បើមិនចូលរួម យើង​នឹងត្រូវបន្ទោសថា មិនគោរពធម្មនុញ្ញអូឡាំពិក និងធម្មនុញ្ញ​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ ។
  6. បើ យើង​ចូលរួមដោយយកហេតុផលផ្សេងៗខុសពីគោលការណ៍ច្បាប់កីឡាជាសកលខាងលើ​ ក៏ត្រូវអន្តរជាតិថ្កោលទោស ឬដាក់ពិន័យ។ តែជនរួមជាតិយើង មួយចំនួនមិនគាំទ្រ និងមិនពេញចិត្តឲ្យ​ចូលរួមដោយអស់ទំនុកចិត្ត បារម្ភ​ពី​សុវត្ថិភាពក៏ត្រឹមត្រូវដែរ។

ឧទាហរណ៍ថា ក្នុងស្ថានភាព បច្ចុប្បន្នដែលកម្ពុជាត្រូវការសន្តិភាព បើ​មានកិច្ចប្រជុំទ្វេភាគីក្នុងប្រទេសថៃ លើ​ទឹកដីថៃ រវាងកម្ពុជា និងថៃ តើ​យើង​ទៅចូលរួមឬឥត ? ប្រសិនបើ​មានប្រជុំ ASEAN លើ​ដីថៃមានការអញ្ជើញ​ត្រឹមត្រូវ យើង​ចូលរួមឬឥត? ថ្មីៗនេះប្រឡងបវកញ្ញានៅថៃ ការ​ប្រកួតកីឡាជនពិការរទេះនារីនៅថៃ ក៏យើង​បានចូលរួមដោយសុវត្ថិភាពមកវិញដែរ។ ប៉ុន្មានឆ្នាំមុនការប្រកួតកីឡាអូឡាំពិករដូវរងារនៅកូរ៉េខាងត្បូង ប្រតិភូកូរ៉េខាងជើង​បានចូលរួម ទោះបីបងប្អូនកូរ៉េទាំងពីរជាសត្រូវដ៏សាហាវនឹងគ្នាក៏ដោយ។

តើ​អាចទេដែលយើង​យកកីឡាជាសារកាទូត ឬជាសមរភូមិកាទូតមួយទៀតបង្ហាញថា កម្ពុជាចង់បានសន្តិភាព គោរពជានិច្ចគោលការណ៍ច្បាប់កីឡាអន្តរជាតិ ច្បាប់កីឡាតំបន់ និងមានសេចក្តីក្លាហ៊ាន ថ្លៃថ្នូរ មិនចុះញមចំពោះអគតិទាំងឡាយ និងសភាវអាក្រក់ទាំងអស់ឡើយ។

នេះជាទស្សនៈផ្ទាល់ខ្លួន​របស់​លោក វ៉ាត់ ចំរើន ដែល​ មិនឆ្លុះបញ្ចាំងជាទស្សនរួមរបស់គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា​ និងបងប្អូនជនរួមជាតិ​ឡើយ៕

ប្រភប៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top