World Cup 2026 នឹងជួយបង្កើនទេសចរអន្តរជាតិទៅកាន់ទឹកដីអាម៉េរិក

កំណើនចំនួនទេសចរអន្តរជាតិនៅលើទឹកដីសហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងស្ទុះខ្លាំងឡើងវិញ តាមរយៈព្រឹត្តិការណ៍ FIFA World Cup នៅឆ្នាំ ២០២៦។ ក្តីរំពឹងនេះកើតឡើង បន្ទាប់ពីចំនួនទេសចរបរទេស ទៅអាម៉េរិក បានធ្លាក់ចុះ ព្រោះតែក្តីបារម្ភលើកត្តាគោលនយោបាយពាណិជ្ជកម្ម នឹងការត្រួតពិនិត្យយ៉ាងតឹងរឹងលើសន្តិសុខព្រំដែន ពីសំណាក់រដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ចំនួនទេសចរបរទេសទៅអាម៉េរិកធ្លាក់ចុះ ៤ភាគរយ នៅក្នុងខែកក្កដា និងប្រឈមធ្លាក់ចុះបន្តទៅដល់ ៦,៣ភាគរយ ក្នុងឆ្នាំ ២០២៥។

បើតាមរបាយការណ៍របស់គេហទំព័រទេសចរណ៍ Travel Age West ទេសចរអន្តរជាតិធ្វើដំណើរទៅអាម៉េរិកមានទំហំប្រមាណ ៦៧,៩លាននាក់ ប្រចាំឆ្នាំ ២០២៥ នេះ។ រីឯរបាយការណ៍ទិន្នន័យទិដ្ឋការធ្វើដំណើរ ពីសំណាក់ការិយាល័យទេសចរណ៍ជាតិអាម៉េរិក ចំនួនទេសចរបរទេសទៅអាម៉េរិក ធ្លាក់ចុះ ៤ភាគរយ គិតត្រឹមខែកក្កដា។ ដោយឡែកទិន្នន័យធ្វើដំណើរពីក្រុមហ៊ុនទេសចរណ៍ Tourism Economics បានប៉ាន់ស្មានថាចំនួននេះអាចនឹងធ្លាក់ចុះដល់ ៦,៣ភាគរយ។

យ៉ាងណាមិញ ចំនួនទេសចរបរទេសធ្វើដំណើរទៅអាម៉េរិក ត្រូវបានគេរំពឹងថានឹងកើនឡើងត្រឡប់មកវិញ នៅពេលព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ចូលមកដល់។ កន្លងមកសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ជាពិសេសលោក Gianni Infantino ប្រធានសហព័ន្ធ បានអះអាងចំពោះមុខប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថាចំនួនអ្នកគាំទ្រទៅទស្សនាការប្រកួតនៅអាម៉េរិក អាចនឹងមានចំនួនពីចន្លោះ ៦-១០លាននាក់។

ផ្ទុយពីមេ FIFA អ្នកជំនាញផ្នែកទេសចរណ៍ បានបង្ហាញក្តីរំពឹងថាទេសចរបរទេសប្រមាណចន្លោះពី ១-៦ លាននាក់នឹងធ្វើដំណើរទៅអាម៉េរិក អំឡុងប្រកួតបាល់ទាត់ពិភពលោក។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នឹងរៀបចំឡើងលើទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក ពីថ្ងៃទី១១ ខែមិថុនា ដល់ ១៩ ខែកក្កដា។ អាម៉េរិកបានត្រៀមទីក្រុងចំនួន ១១ សម្រាប់រៀបចំការប្រកួត World Cup ឆ្នាំ ២០២៦។

មកដល់ពេលនេះ ការស្វែងរកជើងហោះហើរ និងកន្លែងស្នាក់នៅ សម្រាប់ថ្ងៃប្រកួត World Cup ឆ្នាំ ២០២៦ បានស្ទុះឡើងដល់ជិត ៧០ភាគរយ។ ចំណែកតម្លៃចំណាយលើការស្នាក់នៅ ក៏អាចកើនឡើង ៣០ភាគរយ នៅដើមការប្រកួតដ ហើយវានឹងអាចកើនឡើងដល់ ៦០ភាគរយ នៅចុងបញ្ចប់ព្រឹត្តិការណ៍។ អ្នកទេសចរទាំងនោះ ត្រូវបានគេរំពឹងថា នឹងចំណាយពេលស្នាក់នៅយ៉ាងតិច ១២ថ្ងៃ​ក្នុងម្នាក់ ហើយ ១ថ្ងៃពួកគេអាចចាយប្រាក់ទំហំ ៤១៦ដុល្លារ។ 

ទោះជាបែបនេះក្តី មិនមែនទីក្រុងដែលរៀបចំការប្រកួត World Cup ឆ្នាំ ២០២៦ ក្នុងអាម៉េរិកទាំងអស់ ទទួលផលប្រយោជន៍ស្មើៗគ្នានោះឡើយ។ រឿងនេះអាស្រ័យទៅតាមក្រុមបាល់ទាត់ជម្រើសជាតិល្បីៗដែលនឹងមានវត្តមានទៅប្រកួតតាមទីក្រុងទាំងនោះ។ ក្រុមជម្រើសជាតិអង់គ្លេស ប្រេស៊ីល បារាំង អាហ្សង់ទីន ​និងព័រទុយហ្កាល់ ជាប្រទេសមានទំហំអ្នកគាំទ្រច្រើន បើទីក្រុងណារៀបចំការប្រកួតមានវត្តមានក្រុមទាំងនេះ ពួកគេនឹងទទួលបានចំនួនទេសចរច្រើនទីក្រុងពួកគេ។

គូសរំលឹកថា កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ មេដឹកនាំអាម៉េរិក បានប្រកាសនឹងជួយពន្លឿនការផ្តល់ទិដ្ឋការធ្វើដំណើរសម្រាប់អ្នកគាំទ្រ World Cup ឆ្នាំ ២០២៦ ដែលបានទិញសំបុត្រការប្រកួតរួចរាល់។ ដោយឡែក FIFA ក៏បានប្រកាសថាខ្លួនបានលក់សំបុត្រការប្រកួតតាមប្រព័ន្ធអនឡាញ ទៅអ្នកគាំទ្រប្រមាណជាង ១​,៦លាននាក់ រួចមកហើយដែរ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top