Arsenal ឈ្នះ Bayern Munich ៣-១ និងជាជ័យជម្នះលើកដំបូងបង្អស់លើក្រុមអាល្លឺម៉ង់ក្នុងរយៈពេល ១០ឆ្នាំ ឡើងឈរតំណែងកំពូលតារាងពានរង្វាន់កម្រិតអឺរ៉ុប UEFA Champions League ជាមួយកំណត់ត្រាឈ្នះ ១០០ ភាគរយ បន្ទាប់ពីឆ្លងកាត់ការប្រកួត ៥លើក។ Liverpool, Manchester City, Newcastle United និង Tottenham Hotspur សុទ្ធតែចាញ់រៀងខ្លួន។
ក្រុមរហស្សនាមកាំភ្លើងធំ ដណ្តើមបាន ១៥ពិន្ទុពេញ ពីការប្រកួត ៥លើក ហើយការឈ្នះលើ Bayern Munich នៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ជាការឈ្នះដ៏ធំបំផុតមួយ សម្រាប់ក្រុមស្ថិតក្រោមការដឹកនាំរបស់ លោក Mikel Arteta។ ខ្សែការពារ Jurrien Timber តែតបាល់បញ្ចូលទី ១គ្រាប់ នៅនាទី២២ មុនពេលមិត្តរួមក្រុមកីឡាករ Noni Madueke ស៊ុតថែមគ្រាប់ទី២ នាទី៦៩ និង Gabriel Martinelli ទើបប្តូរចូលវគ្គទីពីរ ជាអ្នករកបានគ្រាប់ជ័យជម្នះ នៅនាទី៧៧។ Bayern Munich រកបានគ្រាប់មកវិញ ដោយកីឡាករ Lennart Carl ស៊ុតនៅនាទី៣២។
ការប្រកួតធ្វើឡើងក្នុងកីឡដ្ឋាន Emirate នោះ ក៏កើតមានការប៉ះទង្គិចគ្នាខ្លាំង និងភាពតានតឹងក្នុងការប្រកួត ដោយក្រុមទាំងខាងរងការពិន័យកាតលឿងដល់ទៅ ៦សន្លឹក។ ចំណែកកាតលឿងម្នាក់ ១ សន្លឹក បានផ្តល់ទៅកាន់គ្រូបង្វឹកក្រុមទាំងសងខាង លោក Mikel Arteta និងលោក Vincent Kompany ព្រោះតែអ្នកទាំងពីរ តែងតវ៉ាខ្លាំងសំដៅអាជ្ញាកណ្តាលការប្រកួត ពេលកីឡាករប៉ះទង្គិចគ្នា ឬការពិន័យម្តងៗ។
ចាញ់ក្រោមថ្វីជើង Arsenal លើទីកដីអង់គ្លេស ក៏ជាការចាញ់លើកដំបូងសម្រាប់ក្រុម Bayern Munich ជើងខ្លាំងមកពីលីគកំពូលអាល្លឺម៉ង់ក្នុងរដូវកាល ២០២៥-២៦ នេះ។ ចំណែកលទ្ធផលនេះ ក៏បានផ្តល់ឱ្យក្រុមរហស្សនាមកាំភ្លើងធំ បានបន្តកំណត់ត្រាឆ្លងកាត់ការប្រកួត ១៦លើកចុងក្រោយ មិនទាន់បរាជ័យនៅឡើយ រាល់ពានរង្វាន់ទាំងអស់។
អ្វីដែលពិសេសបំផុត Arsenal អាចដណ្តើមបានជ័យជម្នះពីក្រុម Bayern Munich លើកដំបូងក្នុងរយៈពេល ១០ឆ្នាំ គិតចាប់តាំងពីការឈ្នះចុងក្រោយនៅក្នុងឆ្នាំ ២០១៥ មក។ ការជួបគ្នា ៦លើកចុងក្រោយ Arsenal យកឈ្នះទើបស្គាល់ឈ្នះ Bayern លើនេះប៉ុណ្ណោះ ក្រៅពីនោះចាញ់ ៤ និងស្មើ ១ប្រកួត។ ក្រុមទាំង ២ មានប្រវត្តិជួបគ្នាបានត្រឹមតែ ១៥លើកប៉ុណ្ណោះ តែជើងខ្លាំងមកពី Bundesliga បានយកឈ្នះ ៨លើក ស្មើ៣ និងចាញ់ ៤លើក ទល់ជើងខ្លាំងមកពី Premier League គិតចាប់តាំងពីជួបគ្នាដំបូង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០០០។
Liverpool ក្រោមការដឹកនាំរបស់លោក Arne Slot បន្តរងបរាជ័យម្តងទៀត ក្រោមថ្វីជើងក្រុម PSV Eindhoven លទ្ធផល ៤-១ ដែលធ្វើឱ្យកំណត់ត្រាការប្រកួតរបស់ក្រុមនៅរដូវកាលថ្មីកាន់តែអាក្រក់ខ្លាំងឡើង។ Liverpool បន្តបរាជ័យ បន្ទាប់ពីចាញ់ Nottingham Forest និង Manchester City នៅ Premier League រួចមក។ នេះក៏ជាបរាជ័យទី ៩ ប្រចាំរដូវកាល ២០២៥-២៦ ខណៈតំណែងនៅ UCL ក្រុមការពារជើងឯក Premier League ធ្លាក់ឈរនៅលេខ ១៣ រកបានត្រឹម ៩ពិន្ទុ។
គិតត្រឹមការប្រកួតទី៥ នៃពានរង្វាន់ UCL វគ្គសន្សំពិន្ទុ Arsenal ជាក្រុមមកពីអង់គ្លេស ដែលបានផ្តួលគូប្រកួត បន្ទាប់ពី Chelsea បានលត់ Barcelona លទ្ធផល ៣-០ នៅកីឡដ្ឋាន Stamford Bridge កាលថ្ងៃទី២៥ វិច្ឆិកា។
ក្រុម Spurs ឯនោះវិញ រងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ Paris Saint Germain លទ្ធផល ៥-៣ ក្នុងកីឡដ្ឋាន Parc des Princes។ ដណ្តើមបាន ៣ពិន្ទុ ក្នុងទឹកដីផ្ទាល់ខ្លួន ជួយឱ្យ PSG ឈរតំណែងលេខ ២ ដោយរកបាន ១២ពិន្ទុ ស្មើទៅនឹងក្រុម Bayern Munich នៅលេខ ៣, Inter Milan ទើបចាញ់ការប្រកួតទល់ Atletico Madrid លទ្ធផល ២-១ ឈរនៅលេខ ៤ និង Real Madrid យកឈ្នះក្រុម Olympiacos លទ្ធផល ៤-៣ ឈរនៅលេខ ៥។
Spurs រកបានត្រឹមតែ ៨ពិន្ទុ ប៉ុណ្ណោះឈរនៅលេខរៀងទី១៦ ពីក្រោមក្រុម Newcastle United មកពីអង់គ្លេសដូចគ្នា ឈរលេខ ១១ រកបាន ៩ពិន្ទុ និងក្រុម Manchester City នៅលេខ ១០ មាន ១០ពិន្ទុនៅក្នុងដៃ។ Manchester City ទៀតសោតប្រកួតចាញ់ក្រុម Bayer Leverkusen លទ្ធផល ២-០។ ចំណែក Newcastle United ចាញ់ក្រុមមកពីបារាំង Olympique de Marseille លទ្ធផល ២-១៕
ប្រភព៖ THMEYTHMEY



