ព័រទុយហ្កាល់ គ្រងជើងឯក FIFA U17 World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់អាយុក្រោម ១៧ឆ្នាំ ក្លាយជាជើងឯកពិភពលោក FIFA U-17 World Cup ឆ្នាំ ២០២៥ លើកដំបូងក្នុងប្រវត្តិសាស្ត្រ តាមរយៈការយកឈ្នះអូទ្រីស ១-០ នៅវគ្គផ្តាច់ព្រ័ត្រ នៅទឹកដីកាតា។ ជាការប្រកួតបង្កើនចំនួនក្រុមរហូតដល់ ៤៨ក្រុម ស្រដៀងទៅនឹងព្រឹត្តិការណ៍ធំ World Cup ឆ្នាំ២០២៦ ក្រុមអាយុក្រោម ១៧ឆ្នាំ មកពីអឺរ៉ុប ៣ក្រុម កាន់តំណែងកំពូលទាំង ៣ (Top 3) ឆ្នាំនេះ។

ជ័យជម្នះរបស់ព័រទុយហ្កាល់ ទទួលបានមកពីការស៊ុតបាល់បញ្ចូលទីពីខ្សែប្រយុទ្ធ Anisio Cabral មកពីក្លិប SL Benfica បន្ទាប់ពីគេទទួលបានការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម នៅនាទី៣២ នៃវគ្គទី១។ 

គ្រាប់ជួយក្រុមលើកពាននោះ ក៏ជាគ្រាប់ទី៧ ប្រចាំព្រឹត្តិការណ៍ សម្រាប់ខ្សែប្រយុទ្ធវ័យក្មេង Cabral ផងដែរ ប៉ុន្តែ ពានរង្វាន់បាល់មាស សម្រាប់អ្នកស៊ុតបាល់ចូលទីច្រើនជាងគេ បានលើកីឡាករ Johannes Moser របស់អូទ្រីស ដោយគេរកបាន ៨គ្រាប់។ 

ពានរង្វាន់ពិភពលោកនេះ គឺជាពានរង្វាន់លើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ក្រុម U​17 ព័រទុយហ្កាល់ ដែល ដណ្តើមបាន​ ហើយស្ថិតក្នុងព្រឹត្តិការណ៍ U17 World Cup លើកទី២០ និងចំពេល FIFA បង្កើនចំនួនក្រុមដល់ ៤៨ក្រុម លើកដំបូងដូចគ្នាថែមទៀត។ FIFA ក៏បានកែប្រែការប្រកួតពានរង្វាន់សម្រាប់យុវជនថ្នាលមួយនេះ ពីរយៈពេល ៤ឆ្នាំ ឱ្យមកនៅត្រឹម ២ឆ្នាំម្តង។ 

ដោយឡែកការប្រកួតមុនពេលរកឃើញក្រុមជើងឯកនេះ ក្រុម U17 អ៊ីតាលី​ បានផ្តួលប្រេស៊ីលក្នុងលទ្ធផល ៤-២ នៅក្នុងវគ្គទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ បន្ទាប់ពីការប្រកួតរយៈពេល ៩០នាទី បញ្ចប់ទៅត្រឹមលទ្ធផលស្មើ ០-០។ អ៊ីតាលី ជាក្រុមមកពីអឺរ៉ុបកាន់តំណែងលេខ ៣។ 

ចំណែកកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអ៊ីតាលី ត្រូវបានអូទ្រីសទម្លាក់ចេញពីការប្រកួត នៅក្នុងលទ្ធផល ២-០។ រីឯ ព័រទុយហ្កាល់ ឈ្នះប្រេស៊ីល នៅក្នុងវគ្គទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ៦-៥ ក្រោយការប្រកួតស្មើ ០-០។ 

គូសបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់ FIFA U17 World Cup ក្រុមនីហ្សេរីយ៉ា ជាក្រុមដណ្តើមបានជើងឯក ច្រើនជាងគេ រហូតដល់ទៅ ៥លើក ចំពោះពានរង្វាន់ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៨៥ មួយនេះ។ ប្រេស៊ីល​ ជា ក្រុមធ្លាប់គ្រងជើងឯក ៤លើក, ម៉ិកស៊ិក ២លើក, ហ្កាណា ២លើក, សូវៀត អារ៉ាប៊ីសាអូឌីត បារាំង ស្វ៊ីស អង់គ្លេស អាល្លឺម៉ង់ និងព័រទុយហ្កាល់ ឈ្នះម្នាក់ ១លើកដូចគ្នា។ ប្រទេសកាតាទៀតសោត នឹងធ្វើជាម្ចាស់ផ្ទះការប្រកួត រហូតដល់ឆ្នាំ ២០២៩ តែម្តង៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top