(បរទេស)៖ អតីតខ្សែប្រយុទ្ធ Manchester United គឺ Rasmus Hojlund រកបានទាំង ២គ្រាប់ជ័យជម្នះតែម្តង នៅពេល Napoli យកឈ្នះ Juventus ២-១ ដើម្បីឡើងទៅឈរទីកំពូលតារាង Serie A រដូវកាល ២០២៥-២៦ ជាបណ្តោះអាសន្នវិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិដាណឺម៉ាក ដែលលេងខ្ចីជើងពីក្លឹបបិសាចក្រហម ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ផ្តើមរកបានគ្រាប់ទី១ ត្រឹមចាប់ផ្តើមលេងបានតែ ៧នាទីប៉ុណ្ណោះនៃសប្តាហ៍ទី១៤ ជើងទី១ ក្នុងក្របខណ្ឌ Serie A របស់ប្រទេសអ៉ីតាលី។
ទោះជាយ៉ាងណា សេះបង្កង់បានវាយបកតាមស្មើវិញរបស់កីឡាករតួកគី Kenan Yildiz មុនពេល Hojlund សម្រេចគ្រាប់ទី២ នៅនាទី៧៨ ពីការតែតបញ្ចូលទីស្រួលៗនៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់។
គិតមកទល់ពេលនេះរូបគេរកបាន ៦គ្រាប់ហើយសម្រាប់ក្រុមការពារតំណែងជើងឯក Napoli ទាំងនៅ Serie A និង UEFA Champions League រដូវកាលនេះ ស្របពេលក្រុមពពកសមួយនេះមាន ៣១ពិន្ទុនាំមុខក្រុមលេខ២ Inter Milan ១ពិន្ទុ គ្រាដែល Juventus កំពុងឈរនៅលេខរៀងទី៧ ដោយមាន ២៣ពិន្ទុ៕
ប្រភព៖ FRESHNEWS



