ម្ចាស់ផ្ទះអាមេរិក ប៉ះសុទ្ធតែក្រុមខ្លាំងក្នុងមិត្តភាពអន្តរជាតិ មុនពេល World Cup 2026 មកដល់

(បរទេស)៖ សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក បានប្រកាសពីការលេងមិត្តភាពអន្តរជាតិចំនួន ៤ប្រកួត នៅមុនពេលព្រឹតិ្តការណ៍ FIFA World Cup 2026 ឈានចូលមកដល់នាអំឡុងខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយ ESPN។

ប្រទេសសហម្ចាស់ផ្ទះ World Cup នាឆ្នាំក្រោយជាមួយមិចស៊ិក និងកាណាដាមួយនេះ នឹងត្រូវប្រឈមមុខនឹងក្រុមខ្លាំងនៅអឹរ៉ុបមានដូចជា បិសាចក្រហមប៊ែលហ្សិក នាថ្ងៃទី២៨ ខែមីនា មុនពេលជួបបច្ចខែលព័រទុយហ្គាល់ នៅ ៣ថ្ងៃបន្ទាប់។

អាមេរិក ដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិអាហ្សង់ទីន Mauricio Pochettino នឹងជួបអាល្លឺម៉ង់ និង ១ក្រុមទៀតមិនទាន់ប្រកាសនាខែឧសភា ឆ្នាំ២០២៦ ដែលជាការប្រកួតមិត្តភាពចុងក្រោយ មុនពេល World Cup ជំនាន់ទី២៣ មកដល់ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា។

គួរបញ្ជាក់ផងថា អាមេរិកត្រូវលេងបើកឆាក World Cup 2026 របស់ពួកគេទល់នឹងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ នាថ្ងៃទី១៣ ខែមិថុនា មុនប៉ះអូស្រ្តាលី និងក្រុមជម្រុះតំបន់អឺរ៉ុបផ្នែក C ដែលស្ថិតក្នុងពូល D ជាមួយគ្នានៃវគ្គសន្សំពិន្ទុ ៤៨ក្រុមលើកដំបូង៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top