ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lamine Yamal បានស្ថិតនៅក្នុងបេក្ខភាពកីឡាករ ៣ ក្នុងពេលបច្ចុប្បន្ន ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពលោក រហូតដល់ទៅ ២៣៥ លានដុល្លារអាមេរិក។
យោងតាមប្រភពពី Transfer Market បានបង្ហាញ ថា កីឡាករវ័យ ១៨ ឆ្នាំ Lamine Yamal បច្ចុប្បន្នមានតម្លៃ្លខខ្លួនខ្ពស់កប់ពពករហូតដល់ទៅ ២៣៥ លានដុល្លារអាមេរិក។ ដោយឡែកកីឡាករកំពូល ២ នាក់ទៀត រួមមាន Erling Haaland របស់ Manchester City និង Kylian Mbappe របស់ Real Madrid ក៏មានតម្លៃខ្លួន ២៣៥ លានដុល្លារអាមេរិកដូចគ្នាផងដែរ។
ខ្សែបម្រើរបស់ Real Madrid កីឡាករ Jude Bellingham ស្ថិតនៅលំដាប់លេខ ២ មានតម្លៃខ្លួន ១៨៨ លានដុល្លារអាមេរិក។ ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Vinicius Jr. ឈរនៅលំដាប់លេខ ៣ មានតម្លៃខ្លួន ១៧៦ លានដុល្លារអាមេរិក។
ចំណែក Pedri ខ្សែបម្រើរបស់ Barcelona និង Jamal Musiala របស់ Bayern Munich ស្ថិតនៅលំដាប់លេខ ៤ មានតម្លៃខ្លួន ១៦៤.៥ លានដុល្លារអាមេរិកដូចគ្នា។ រីឯ Bukayo Saka របស់ Arsenal និង Michael Olise របស់ Bayern Munich វិញ ស្ថិតនៅលំដាប់លេខ ៥ មានតម្លៃខ្លួន ១៥២.៧៥ លានដុល្លារអាមេរិកដូចគ្នា។
ក្នុងចំណោមកីឡាករបច្ចុប្បន្ន មានតម្លៃខ្លួនលើទីផ្សារលើស ១០០ លានដុល្លារអាមេរិក គឺមានតែ Lamine Yamal ម្នាក់ប៉ុណ្ណោះ ដែលមានវ័យក្មេងជាងគេ ពោលគឺមានអាយុត្រឹម ១៨ ឆ្នាំ។ ដោយឡែកកីឡាករផ្សេងៗទៀត គឺសុទ្ធតែមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ៕
ប្រភព៖ KAMPUCHEATHMEY



