ម្ចាស់ផ្ទះ ថៃ រងភាពអាម៉ាសជាថ្មី ក្រោយកីឡាការិនី Esports របស់​ខ្លួន​ម្នាក់ ប្រើ​ឧបករណ៍​ជំនួយ​ហាម​ឃាត់

កីឡាការិនីអេឡិចត្រូនិក របស់ក្រុមជម្រើសជាតិថៃម្នាក់ ត្រូវបានបណ្តេញចេញ​ពីការប្រកួត ក្នុង​កីឡាស៊ីហ្គេម លើកទី ៣៣ បន្ទាប់ពីត្រូវបានរកឃើញកំហុស ពីការរំលោភបំពានច្បាប់ប្រកួត។

យោងតាមប្រភពពី Bangkok Post បានឱ្យដឹងថា ហេតុការណ៍នេះ​បាន​កើតឡើងក្នុងការប្រកួតវិញ្ញាសានារី Arena of Valor (RoV) ទល់​នឹង​ក្រុម​​កីឡាការិនី​វៀតណាម។ កីឡាការិនីរូបនេះ ត្រូវបានរកឃើញថា បានប្រើប្រាស់ ឧបករណ៍​ជំនួយ​ហាម​ឃាត់ (កម្មវិធីភាគីទីបី) ដែលមិនត្រូវបានអនុញ្ញាតឡើយ ហើយទង្វើ​នេះបានក្លាយជារឿងផ្ទុយនឹង​បទប្បញ្ញត្តិ​បច្ចេកទេសនៃការប្រកួតកីឡា​អេឡិចត្រូនិក នៅកីឡាស៊ីហ្គេម លើក​ទី​៣៣។

បន្ទាប់ពីមានការស៊ើបអង្កេត និងពិនិត្យភស្តុតាងរួចរាល់ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក បានសម្រេច​ថា ករណីនេះមានភាពធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវបណ្តេញចេញពីការប្រកួត​តែ​ម្តង​។ ការសម្រេចនេះត្រូវបានសម្រេច​ជា​ផ្លូវការ ដោយសាមីកីឡាការិនីមិនអាចប្ដឹងឧទ្ធរណ៍​ដើម្បី​តវ៉ាបាន​ឡើយ។

 

សហព័ន្ធកីឡាអេឡិចត្រូនិកថៃ បានទទួលស្គាល់ពីកំហុស​កីឡាការិនីរបស់ខ្លួន និងគោរពតាមការសម្រេចនេះ។ ពួកគេ បានបញ្ជាក់ថា នឹងធ្វើការពិនិត្យផ្ទៃក្នុងបន្ថែម ដើម្បីរក្សា​ភាពយុត្តិធម៌ និងសុចរិតភាពក្នុងការប្រកួត ហើយទប់ស្កាត់មិនឲ្យមានករណីរំលោភច្បាប់បែបនេះកើតឡើយ​នា​ពេល​អនាគត៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top