ក្ដៅចិត្ត​ខ្លាំង គ្រូ​ម៉ាឡេស៊ី​ចង្អុល​មុខ​គណៈកម្មការ​​ពីការ​លំអៀង​ទៅ​​ម្ចាស់​ផ្ទះ​​ថៃ​ ក្នុង​ការ​ប្រកួត​កីឡា​បញ្ចស៊ីឡាត់

ផ្ទុះ​ការ​តវ៉ា​យ៉ាង​​ខ្លាំង​រហូត​តម្រួត​ថៃ​ចេញ​មុខ​មក​អន្តរាគមន៍​ ស្រប​ពេល​គ្រូ​បង្វឹក​កីឡា​បញ្ចស៊ីឡាត់ ​របស់​ប្រទេស​ម៉ាឡេស៊ី ​ខឹងសម្បារ​​រហូត​ចង្អុល​មុខ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ភ្លាមៗ​ និង​ទាញ​សិស្ស​ចេញពី​​កន្លែងប្រកួត​​តែ​ម្ដងដោយ​សារ​​តែ​ការ​លំអៀង​ទៅ​លើ​កីឡាការិនី​ម្ចាស់​ផ្ទះ​ថៃ​។​

នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Tik Tok​ ឈ្មោះ​ថា​ Leo.commentator គឺ​បង្ហាញ​ពីការ​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ និង​ការ​លំអៀង​របស់​គណៈកម្មការ​​ទៅ​លើ​​ម្ចាស់​ផ្ទះ​ថៃ​ជា​ខ្លាំង​រហូត​ដល់​មានការ​តវ៉ា​ និង​មាន​ចលាចល​ក្នុង​បរិវេណ​ប្រកួត​ថែម​ទៀត​ផង។​ ក្នុង​វីដេអូ​ចំនួន ​២​នោះ​គឺ​មាន​ការតវ៉ា​រហូត​ដល់​តម្រួត​ថៃ​ចេញ​មុខ​មក​សម្របសម្រួល​ និង​ក្រុមការងារ​ទាញ​ភាគី​តវ៉ាផ្សេងៗ​ចេញ​ទើប​ក្នុង​សាល​ប្រកួត​នោះ​ស្ងប់ស្ងាត់​ទៅ​វិញ។​

 

គេ​ឃើញ​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​ថៃ​ហាក់​មិន​ហ៊ាន​មាត់​ក​អ្វី​ឡើយ​ក្នុង​ពេល​នោះ​ និង​បាន​ត្រឹម​ឈរ​កាន់​ទង់ជាតិ​នៅ​ស្ងៀម​​ប៉ុណ្ណោះ។​ ចំណែក​គ្រូ​បង្វឹក​ និង​គ្រូ​ជំនួយ​របស់​កីឡាការិនី​ម៉ាឡេស៊ី​ ប្រតិកម្ម​ខ្លាំង​មែន​ទែន​ចំពោះ​ការ​កាត់​សេចក្ដី​អំឡុង​ពេល​ប្រកួត​ខ្លាំង​រហូត​ជង្អុល​មុខ​គណៈ​កម្មការ​រៀបចំ​ និង​ទាញ​សិស្ស​ចេញ​ភ្លាម​ៗ​មិន​ឲ្យ​នៅ​យូរ​នោះ​ឡើយ​ ព្រោះ​ស្អប់​ខ្ពើម​ចំពោះ​ការ​លំអៀង​​ទៅ​លើ​ម្ចាស់​ផ្ទះ​ថៃ។

ចំណែក​​ការ​ប្រកួត​បាល់ទះ​​ក្នុង​សាលផ្នែក​​នារី​ នៅ​វគ្គផ្ដាច់ព្រ័ត្រ​រវាង​ ថៃ​ និង​វៀតណាម​ ក៏​ផ្អើល​ក្នុង​បណ្ដាញ​សង្គម​ផង​ដែរ​ ពិសេសគឺ​​ Tik Tok តែ​ម្ដង។​ បើ​ទោះ​ជា​លទ្ធផល​បាន​​បញ្ចប់​ហើយ​ក្ដី​ ប៉ុន្តែ​ការ​មិន​ពេញ​ចិត្ត​ និង​មិន​អស់​ចិត្ត​លើ​គ្រាប់​បាល់​ចុង​ក្រោយ​ដែល​កាត់​សេចក្ដី​ឲ្យ​ម្ចាស់​ផ្ទះ​ឈ្នះ​មេដាយ​មាស។ ​ស្រប​ពេល​ការ​ប្រកួត​នោះ​ដូច​ជា​មិន​បង្ហាញវីដេអូសា​ឡើង​វិញ​ (Video  Challenge)​ នោះ​ទេ។​ គ្រាន់​តែ​អាជ្ញាកណ្ដាល​ទង់​លើក​បង្ហាញ​ថា ​បាល់​ចេញ​ភ្លាម​ គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​ផ្នែក​នារី​វៀតណាម​ សម្ដែង​ការ​ហួស​ចិត្ត​រហូត​លើក​មេដៃ​ដាក់​ រួច​ហើយ​លើក​ដៃ​មក​សំពះ​អាជ្ញាកណ្ដាល​កាន់​ទង់​ភ្លាមៗនោះ​ទៀត​ផង​ និង​ដើរ​ចេញ​ដោយ​ហួស​ចិត្ត។​

បណ្ដា​សារព័ត៌មាន​វៀតណាម​ និង​អាខោន​ Tik Tok ​វៀតណាម​​ជា​ច្រើន​បាន​បង្ហោះ​ពី​ការ​ហួស​ចិត្ត​ចំពោះ​ការ​កាត់​សេចក្ដី​នៅ​គ្រាប់​បាល់​ចុងក្រោយ​នេះ និង​មាន​ការ​បង្ហាញ​អំពីការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ចាញ់​ដោយ​មិន​អស់​ចិត្ត​ក្នុង​វគ្គ​ដណ្ដើម​មេដាយ​មាស៊ីហ្គេម​ លើក​ទី៣៣​ ដែល​កំពុង​ធ្វើ​នៅ​​​ប្រទេស​ថៃ​។​ បញ្ចប់​ការប្រកួត​យ៉ាងតានតឹង​រហូត​ដល់​ ៥សិត​គឺ​ថៃ​យក​ឈ្នះ​វៀតណាម​ ៣-២ សិត​ ដោយ​សិត​ចុងក្រោយ​ពិន្ទុ​ប្រដេញ​គ្នា​រហូត​ ២៥-២៣​។​

នេះ​លើក​យក​ត្រឹម​តែ​ពីរ​ប្រភេទ​កីឡា​ប៉ុណ្ណោះ​មាន​ការ​រិះគន់​ និង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​លទ្ធផល​ និង​ការ​រៀបចំ​របស់​ម្ចាស់​ផ្ទះ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣៣​ ឆ្នាំ​២០២៥​ ប៉ុន្តែ​ក៏​នៅ​មាន​ការ​ប្រកួត​កីឡា​​ផ្សេង​ៗ​ទៀត​ដែល​មាន​បញ្ហា៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top