ខ្សែប្រយុទ្ធថ្មី បឹងកេត ធ្លាប់មានប្រវត្តិលេងទល់កីឡាករល្បីៗ Otamendi, Cavani, Jonathan Tah

ក្លិបបាល់ទាត់ បឹងកេត បានប្រកាសជាផ្លូវការនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥ នេះ អំពីការចុះកិច្ចសន្យាយកបានអតីតខ្សែប្រយុទ្ធក្រុម Auckland City នៃលីគកំពូល នូវែលសេឡង់ Myer Bevan ខណៈចំណុចគួរឱ្យចាប់អារម្មណ៍ គឺកីឡាករសញ្ជាតិ នូវែលសេឡង់-កាណាដា រូបនេះ ធ្លាប់មានប្រវត្តិលេងទល់កីឡាករល្បីៗលំដាប់ពិភពលោកជាច្រើនរូប។

បឹងកេត សម្រេចនាំចូល Myer Bevan នៅពេលនេះ គឺដើម្បីជំនួសកន្លែងខ្សែប្រយុទ្ធ ២ រូប រួមមាន Thabiso Brown ដែលបានចាកចេញជាអចិន្ត្រៃយ៍ និង Louis Willy ដែលត្រូវបានខ្ចីជើងទៅ គិរីវង្សសុខសែនជ័យ។ យ៉ាងណាមិញ ការមកដល់របស់ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំ ក៏នឹងក្លាយជាការត្រៀមខ្លួនរបស់ បឹងកេត សម្រាប់ការប្រកួតលីគកំពូល កម្ពុជា ជុំទី ២ ផងដែរ។

Myer Bevan ជាកីឡាករបាល់ទាត់មួយរូប ដែលបានដុះចេញពីថ្នាលយុវជនរបស់ក្លិប Auckland City ខណៈរូបគេត្រូវបានក្លិបតម្លើងមកកាន់ក្រុមធំដំបូងនៅឆ្នាំ ២០១៦។ ក្រៅតែអំពីការលេងនៅក្លិប Auckland City កីឡាករធ្លាប់បានលេងនៅក្លិបធំៗមួយចំនួនទៀត ដូចជា Vancouver (លីគកំពូល អាមេរិក), Western Springs (លីគកំពូល នូវែលសេឡង់), TS Galaxy FC (លីគកំពូល អាហ្វ្រិកខាងត្បូង) និង Cavalry FC (លីគកំពូល កាណាដា)។

 

នៅរដូវកាល ២០២៤-២០២៥ ជាពេលមួយ ដែល Bevan បានចាកចេញពីក្លិប Cavalry FC ផ្លាស់មកកាន់ ទ្រំចាស់ Auckland City វិញ ហើយនៅរដូវកាលនោះ រាប់បានជារដូវកាលដ៏ជោគជ័យបំផុតសម្រាប់ Bevan បើធៀបនឹងរដូវកាលផ្សេងៗ។ រូបគេលេងបានសរុប ៣៩ ប្រកួត រកបាន ១៤ គ្រាប់ និង ៧ បញ្ជូន (assist) និងបានជួយឱ្យ Auckland City ឈ្នះជើងឯកលីគកំពូល នូវែលសេឡង់។

រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត គឺ Bevan បានលេងនៅក្នុងពានរង្វាន់ FIFA Club World Cup ដោយស្ថិតនៅក្នុងពូល C ជាមួយ Bayern Munich, Benfica និង Boca Juniors។ ថ្វីដ្បិតក្នុងការប្រកួតទាំងនោះ ក្រុមរបស់គេធ្វើមិនសូវបានល្អ ប៉ុន្តែវាបានបង្កើតជាបទពិសោធមួយសម្រាប់កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ដែលបានលេងតទល់នឹងកីឡាករល្បីជាច្រើនដូចជា Nicolás Otamendi, Endinson Cavani, Jonathan Tah, Thomas Muller និងកីឡាករជាច្រើនទៀត។

គួរឱ្យដឹងថា Bevan ក៏ធ្លាប់ជាប់ជម្រើសជាតិ នូវែលសេឡង់ ក្រុមធំផងដែរ ក្នុងនោះរូបគេបង្ហាញខ្លួនបាន ៦ ប្រកួត និងរកបាន ២ គ្រាប់៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top