ស៊ីហ្គេម គឺជាព្រឹត្តិការណ៍ប្រកួតកីឡា ដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមាន១១ប្រទេស ចូលរួម និងធ្វើរៀងរាល់ ២ឆ្នាំម្ដង។ ព្រឹត្តិការណ៍កីឡាដ៏ធំរបស់អាស៊ាន លើកទី៣៣ ដែលថៃជាម្ចាស់ផ្ទះនេះ ត្រូវបានបិទបញ្ចប់ ក្នុងរូបភាពសដ៏ស្ងប់ស្ងាត់បំផុត និងរឿងអាស្រូវដ៏ច្រើនពីសំណាក់ម្ចាស់ផ្ទះ នៃប្រវត្តិសាស្ដ្រអាស៊ាន។ ពិសេសការបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសថៃ នៅថ្ងៃទី២០ ខែធ្នូ គឺមានមិនមានការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយធំៗអ្វីឡើយ តាមបណ្ដាលប្រទេសជាសមាជិក ខណៈប្រតិភូកីឡា និងអ្នកចូលរួមពិធីបិទ មានចំនួនតិចតួចបំផុត។
ទិដ្ឋភាពនេះ គឺខុសគ្នាដាច់កាលពីកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២។ ស៊ីហ្គេមលើកដំបូងរបស់កម្ពុជា ត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍មានការរៀបចំល្អ និងប្លែក។ ប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ អាចយកទៅផ្សាយបន្ដបាន ដោយគ្មានការចំណាយថវិកា លើការទិញសិទ្ធិផ្សាយអ្វីឡើយ។
ចំណែក អត្ដពលិកអន្ដរជាតិចូលរួម អាចស្នាក់នៅ កម្ពុជា បានពេញមួយស៊ីហ្គេម ដែលមានរយៈពេលជិត ២០ថ្ងៃ។ ក្រៅពីនេះ អ្នកស្ម័គ្រចិត្តស៊ីហ្គេម ទទួលបដិសណ្ឋារកិច្ចប្រតិភូកីឡាទាំងអស់យ៉ាងល្អ។ ចំពោះបច្ចេកទេសនៃការប្រកួត អាជ្ញាកណ្ដាល ចៅក្រម និងមន្ដ្រីបច្ចេកទេស ធ្វើការបានយ៉ាងល្អ ដោយកីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ សុទ្ធតែពេញចិត្តចំពោះការកាត់សេចក្ដី និងមិនមានការតវ៉ាអ្វីឡើយ។
ប៉ុន្ដែ នៅវិញ្ញាសាបាល់ទាត់បុរស ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលឥណ្ឌូណេស៊ី បានឈ្នះ ថៃ មានជម្លោះក្រុមទាំង២។ មន្ដ្រីកីឡា មន្ដ្រីសមត្ថកិច្ច បានជួយសម្រួលស្ថានភាពទាន់ពេល ដែលមិនមានកើតជារូបភាពអ្វីធ្ងន់ធ្ងរឡើយ។ ជារួម ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ត្រូវបានបញ្ចប់ទៅដោយរលូត ព្រមទាំងធ្វើឲ្យកម្ពុជា មានមោទកភាពចំពោះការធ្វើជាម្ចាស់ផ្ទះនេះ។
ផ្ទុយមកវិញ ថៃ ដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣៣ ត្រូវបានពលរដ្ឋនៅក្នុងតំបន់អាស៊ាន រិះគន់យ៉ាងចាស់ដៃ។ ការរិះគន់ទាំងនោះ មានដូចជា៖ការរិះគន់រឿងរៀបចំពិធីបើក, បញ្ហាបច្ចេកទេស, បញ្ហាកាត់សេចក្ដី, ការការពារសុវត្ថិភាព, ការអន្ដរាគមពេលមានវិវាទ និងពិធីបិទស៊ីហ្គេម។
ជាក់ស្ដែង សារព័ត៌មានធំៗ ជាច្រើន បានចុះផ្សាយពី ការលួចប្រើប្រាស់កម្មវិធីទី៣ (Third Party) របស់អត្ដពលិកកីឡាអេឡិចត្រូនិកថៃ Warain Naraphat (Tokyogurl) ក្នុងការប្រកួតវិញ្ញាសា AOV និងកាយវិការឌឺដងគ្មានសីលធម៌របស់កីឡាការិនីរូបនេះ ទៅលើគូប្រកួតមុខកាមេរ៉ាផ្សាយផ្ទាល់។ ក្រៅពីនេះ សារព័ត៌មានអន្ដរជាតិជាច្រើន ក៏បានចុះផ្សាយពីជម្លោះរវាងប្រតិភូកីឡាបញ្ចស៊ីឡាត់ម៉ាឡេស៊ី ឈ្លោះគ្នាជាមួយប្រតិភូកីឡាថៃ ចំពោះការកាត់សេចក្ដី។ វីដេអូកីឡាករហុកគីថៃ វាយកីឡាករហុកគីឥណ្ឌូណេស៊ី, វីដេអូគ្រូបង្វឹកវៀតណាម គប់ទឹកសុទ្ធចូលសង្វៀនប្រកួតសកល និងវីដេអូបញ្ហាបច្ចេកទេសជាច្រើនទៀត ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម និងតាមសារព័ត៌មានអន្ដរជាតិនានា។
កំហុសជាច្រើននេះ បង្ហាញថា ថៃមិនបានយកចិត្តទុកដាក់ ក្នុងការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡារបស់អាស៊ានឡើយ។ ពលរដ្ឋនៅតាមប្រទេសក្នុងតំបន់អាស៊ាន បាននាំគ្នារិះគន់យ៉ាងចាស់ដៃ ចំពោះរឿងនេះ។ ថៃ មានពេល២ឆ្នាំ ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម បន្ទាប់ពីឆ្នាំ២០២៣ ដែលធ្វើនៅកម្ពុជា។ ប៉ុន្ដែ រយៈពេល២ឆ្នាំនេះ មិនគ្រប់គ្រាន់ឡើយសម្រាប់ប្រទេស ដែលតែងតែចាត់ទុកខ្លួនឯង ជាប្រទេសមានសេដ្ឋកិច្ចខ្ពស់នៅអាស៊ីអាគ្នេយ៍។
ព្រឹត្តិការណ៍បិទស៊ីហ្គេម លើកទី៣៣ ហាក់បីដូចជាស្ងៀមស្ងាត់ ដែលធ្វើឲ្យពលរដ្ឋក្នុងអាស៊ាន ស្ទើតែមិនដឹងថា ព្រឹត្តិការណ៍នេះ ត្រូវបិទបញ្ចប់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍បិទ មិនមានការផ្សព្វផ្សាយទូលំទូលាយឡើយ ហើយក៏មិនមានសារព័ត៌មានធំៗ បានយកទៅផ្សាយបន្ដដែរ។ យោងទៅលើរូបភាព ដែលផ្សាយលើ CNA មនុស្សតិចតួចណាស់ ដែលបានចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់មួយនេះ។
មន្ដ្រីកីឡាកម្ពុជាមួយរូប សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ថៃ មិនមានថវិការៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឡើយ ហើយបន្ទុកនៃការរៀបចំនិងចំណាយ គឺសហព័ន្ធកីឡាជាតិនីមួយៗរបស់ថៃ ជាអ្នករ៉ាប់រងរៀបចំដោយខ្លួនឯង។
យ៉ាងណាមិញ ថៃធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ៦លើកមកហើយ។ នេះ គឺជាលើកទី៧ ដែលថៃបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ បើធៀបទៅ៦លើកកន្លងទៅ នេះ គឺជាលើកដំបូង ដែលព្រឹត្តិការណ៍នេះ មានលក្ខណៈអន់បំផុត ជាពិសេសគឺទទួលបានការរិះគន់ពីប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជម្រាបលាបាងកក ជួបគ្នានៅម៉ាឡេស៊ី! ស៊ីហ្គេម លើកទី៣៤ នឹងត្រូវធ្វើនៅឆ្នាំ២០២៧ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ៕
ប្រភព៖ THMEYTHMEY



