ប្រភេទកីឡាបាល់ទាត់ថៃ ដែលជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ រងបរាជ័យធ្ងន់ និងអាម៉ាស់ខ្លាំង ដោយរបូតមេដាយមាសគ្រប់វិញ្ញាសា ទាំងបាល់ទាត់បុរស-នារី និងបាល់ទាត់ក្នុងសាលបុរស-នារី។ នៅវគ្គផ្តាច់ព្រ័ត្រ វៀតណាមក្រសោបបានមេដាយមាស វិញ្ញាសាបុរស ឯបាល់ទាត់នារីបានលើហ្វីលីពីន ស្របពេលបាល់ទាត់ក្នុងសាលបុរស បានលើឥណ្ឌូណេស៊ី និងនារី បានលើវៀតណាម។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលពោរពេញទៅដោយរឿងអាស្រូវ ភាពចម្រូងចម្រាស កំហុសបច្ចេកទេស ភាពលម្អៀងលើអត្តពលិកម្ចាស់ផ្ទះ នៅក្នុងប្រទេសថៃ បានបិទបញ្ចប់កាលពីថ្ងៃទី២០ ខែធ្នូ។ ពិធីបើកការប្រកួតផ្លូវការ រៀបចំខ្វះមុខខ្វះក្រោយ ចំណែកពិធីបិទវិញ មានសភាពស្ងប់ស្ងាត់ និងសោះកក្រោះ។
កាលពីថ្ងៃបើកការប្រកួតវិញ្ញាសាបាល់ទាត់បុរស ក្រុមជម្រើសជាតិវៀតណាម ឡាវ ត្រូវច្រៀងភ្លេងជាតិដោយខ្លួនឯង ព្រោះតែបញ្ហាបច្ចេកទេសសំឡេងនៅក្នុងកីឡដ្ឋាន Rajamangala។ បញ្ហានោះថៃ សុំទោសវៀតណាម ជាថ្មី ក៏ដូចជាសហព័ន្ធបាល់ទាត់ឡាវ។ លើសពីនេះ អ្នករៀបចំថៃ នៅតែបន្តកំហុសបច្ចេកទេស ជារឿយៗលើរូបភាពទង់ជាតិ នៅពេលផ្សាយផ្ទាល់ការប្រកួតម្តងៗ។
វិញ្ញាសាបាល់ទាត់ក្នុងសាលបុរស ថៃរបូតមេដាយមាសដោយចាញ់ឥណ្ឌូណេស៊ី ក្នុងកីឡដ្ឋាន Nonthaburi ជាពេលដែលធ្វើឱ្យថៃជួបរឿងអាម៉ាស់ធំក្នុងប្រវត្តិសាស្ត្របាល់ទាត់ខ្លួន ដោយរបូតមេដាយមាសដល់ទៅ ៤ ក្នុងប្រភេទកីឡាបាល់ទាត់នេះ។
បាល់ទាត់ក្នុងសាលថៃជាក្រុមខ្លាំងកាលពីវគ្គចែកពូល បានផ្តួលម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម និងឥណ្ឌូណេស៊ី។ ប៉ុន្តែនៅវគ្គផ្តាច់ព្រ័ត្រក្រុមម្ចាស់ផ្ទះបែរជាចាញ់ក្រុមឥណ្ឌូណេស៊ី ដែលជាក្រុមនៅលេខ ២ កាលពីវគ្គចែកពូល ទៅវិញ ហើយត្រូវបានគូប្រកួតលត់ក្នុងលទ្ធផលចាស់ដៃ ៦-១ ដណ្តើមយកបានមេដាយមាស។
បាល់ទាត់ក្នុងសាលនារី ថៃ ត្រូវបានឥណ្ឌូណេស៊ីទម្លាក់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយលទ្ធផលដ៏ខកចិត្ត ដោយចាញ់ការទាត់បាល់កាត់សេចក្តី លទ្ធផល ៧-៦ ក្រោយការប្រកួតស្មើ ៤-៤។ ក្រុមបាល់ទាត់ក្នុងសាលនារីឥណ្ឌូណេស៊ី ឡើងជួបក្រុមនារីវៀតណាម ប៉ុន្តែពួកគេបែរជាចាញ់នៅវគ្គផ្តាច់ព្រ័ត្រនោះ ហើយថៃ ដណ្តើមបានត្រឹមមេដាយសំរិទ្ធ។
ចំណែកបាល់ទាត់បុរសវគ្គផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន Rajamanga ក្រុមម្ចាស់ផ្ទះថៃ មានឱកាសបើកការនាំមុខមុន ដល់ ២-០ ទល់វៀតណាម ប៉ុន្តែភាពរីករាយនោះកើតមានមិនបានប៉ុន្មាន ក៏ត្រូវក្រុមវៀតណាម វាយបកយកឈ្នះក្នុងលទ្ធផល ៣-២ វិញ។ វៀតណាមត្រឡប់ដណ្តើមបានមេដាយមាសឡើងវិញ និងធ្វើឱ្យថៃ ចាញ់វគ្គផ្តាច់ព្រ័ត្រក្នុងស៊ីហ្គេម ៣លើកជាប់គ្នា។
ក្រឡែកទៅបាល់ទាត់នារីវិញ ថៃ ដែលធ្លាប់ខ្លាំងនៅវគ្គចែកពូល ត្រូវបានក្រុមម្ចាស់មេដាយមាសស៊ីហ្គេមបាល់ទាត់នារី ហ្វីលីពីន ទម្លាក់ចេញពីការប្រកួតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ ក្រោយលទ្ធផលស្មើ ០-០។ នៅវិញ្ញាសានេះ ថៃ ដណ្តើមបានត្រឹមមេដាយសំរិទ្ធ ខណៈវៀតណាម បានមេដាយប្រាក់។
ខណៈបាល់ទាត់ថៃ ជួបរឿងខកចិត្តមិនសមបំណង វៀតណាមវិញ កំពុងរីករាយចំពោះភាពជោគជ័យរបស់ពួកគេ នៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ សម្រាប់ប្រភេទបាល់ទាត់។ នេះក៏ជាបរាជ័យដ៏អាក្រក់ និងអាម៉ាស់បំផុតសម្រាប់ថៃ ដែលរបូតមេដាយមាសទាំងអស់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ៕
ប្រភព៖ THMEYTHMEY



