ឈ្នះមេដាយមាសស៊ីហ្គេម ក្រុមបាល់ទាត់វៀតណាមទទួលបានប្រាក់លើកទឹកចិត្ត ជិត១៤ម៉ឺនដុល្លារ

ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ វៀតណាម ទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ១៣៧ ០០០ដុល្លារអាម៉េរិក​ ពីសហព័ន្ធបាល់ទាត់វៀតណាម (VFF) និងអ្នកឧបត្ថម្ភផ្សេងៗ ក្រោយក្រុមវាយបកឈ្នះក្រុមម្ចាស់ផ្ទះថៃ ដណ្តើមបានមេដាយមាសកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣​ ឆ្នាំ ២០២៥។

បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម គិតត្រឹមថ្ងៃទី២១ ធ្នូ ក្រុមដឹកនាំដោយគ្រូបង្វឹកលោក Kim Sang Sik ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ចំពោះការឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣៣ កើនដល់ប្រមាណ ៣,៦ពាន់លានដុង (១៣៧ ០០០ដុល្លារ)។ ចំនួនប្រាក់រង្វាន់ មិននៅត្រឹងត្រឹមនេះឡើយ ព្រោះតែមានអ្នកឧបត្ថម្ភជាច្រើនទៀត កំពុងបន្តបណ្តាក់គ្នាចូលមកឧបត្ថម្ភលើកទឹកចិត្ត។

ក្រៅពីទឹកប្រាក់ឧបត្ថម្ភ ដែលវៀតណាមទទួលបានពីការឈ្នះម្ចាស់ផ្ទះថៃ លទ្ធផល ៣-២ នៅកីឡដ្ឋាន Rajamangala ក្នុងនោះមានពី VFF ប្រមាណ ៦០០លានដុល្លារដុង (២២ ៨០០ដុល្លារ)​  បន្ទាប់ពីឈ្នះម៉ាឡេស៊ីនៅវគ្គចែកពូល។ 

VFF ក៏បានផ្តល់បន្ថែម ៥០០លានដុង (១៩ ០០០ដុល្លារ) ដល់ក្រុមរបស់លោកគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង ពេលក្រុមផ្តួលហ្វីលីពីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់បុរសក្នុងស៊ីហ្គេមប្រទេសថៃ។

ទឹកប្រាក់ ១ពាន់លានដុង (៣៨ ០០០ដុល្លារ) ពីសំណាក់សហព័ន្ធ VFF ដែលបានសន្យាផ្តល់ឱ្យតាំងពីមុនការប្រកួតមកដល់។ ចំណែកប្រធានក្លិប Hong Linh Ha Tinh លោក Pham Hoanh Son បានផ្តល់ប្រាក់លើកទឹកចិត្ត ៣៨ ០០០ដុល្លារដូចគ្នាទៅក្រុមវៀតណាម។ 

ក្រុមហ៊ុនឧបត្ថម្ភផ្សេងៗ បានផ្តល់ទឹកប្រាក់សរុបប្រមាណ ៥០០លានដុង(១៩ ០០០ដុល្លារ) ទៅដល់ក្រុមម្ចាស់មេដាយមាសវៀតណាម ចំពោះការបង្ហាញទម្រង់លេងល្អនៅក្នុងការប្រកួត។ 

ក្រៅពីប្រាក់រង្វាន់ទទួលបានពី VFF និងអ្នកឧបត្ថម្ភផ្សេងៗ កីឡាករម្នាក់ៗ ក៏នឹងទទួលបានប្រាក់រង្វាន់ពីសំណាក់រដ្ឋាភិបាលវៀតណាម។ កីឡាករម្នាក់ៗនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាលវៀតណាម ក្នុងម្នាក់ ១ ៧០០ដុល្លារ សម្រាប់ការដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ជ័យជម្នះលើទឹកដីថៃ ក៏បានបង្ហាញពីភាពជោគជ័យខ្លាំងរបស់លោក Kim Sang Sik ដែលបានដឹកនាំក្រុមដណ្តើមបានជើងឯកនៅការប្រកួត ៣ព្រឹត្តិការណ៍ផ្សេងៗគ្នា ត្រឹមរយៈពេលដ៏ខ្លី។ ពានរង្វាន់កម្រិតតំបន់ចំនួន ៣ ដែលវៀតណាមឈ្នះនារយៈកាលចុងក្រោយ រួមមាន ASEAN Cup ឆ្នាំ ២០២៤, U23 ASEAN Cup និងមេដាយមាសស៊ីហ្គេមនេះ៕

ប្រភព៖ THMEYTYMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top