វឿន វាសនា កំពុងឈរជាកីឡាករបរទេសល្អដាច់គេនៅលីគបាល់ទះតៃវ៉ាន់ ២ រដូវកាលជាប់គ្នា

កីឡាករ វឿន វាសនា របស់ក្រុមបាល់ទះ Win Streak កំពុងសាងភាពលេចធ្លោខ្លាំងនៅលីគបាល់ទះកំពូល តៃវ៉ាន់ ដោយឈរជាកីឡាករបរទេសល្អដាច់គេ ២ រដូវកាលជាប់គ្នា។

វឿន វាសនា បានចូលរួមជាមួយក្រុម Win Streak នៅឆ្នាំ ២០២៣ ដោយគិតត្រឹមពេលនេះ គឺ ៣ រដូវកាលហើយ។ សម្រាប់ ២ រដូវកាលកន្លង​មក កីឡាករជម្រើសជាតិ កម្ពុជា វ័យ ២៤ ឆ្នាំ បានដើរតួជាស្មាត់ដ៏សំខាន់ ដោយរួមចំណែកជួយឱ្យក្រុម Win Streak ឈ្នះពានបាល់ទះកំពូល តៃវ៉ាន់ ២ រដូវកាលជាប់គ្នា។ ដោយឡែក នៅរដូវកាលនេះ ក៏ធ្វើបានកាន់តែល្អថែមទៀត ដោយកំពុងឈរនៅកំពូលតារាងក្នុងលីគ បន្ទាប់ពីឆ្លងកាត់ការប្រកួត ២៣ ប្រកួត ឈ្នះទាំង ២៣ ប្រកួត។

 

ការលេង ៣ រដូវកាលមកនេះ វាសនា បានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ប៉ុន្តែក្នុងរយៈពេល ២ រដូវកាលចុងក្រោយ អ្នកលេងតួនាទីស្មាត់ កម្ពស់ ១.៩៦ ម៉ែត្រ បានបង្ហាញសមត្ថភាពល្អខ្លាំងសឹងមិននឹកស្មានដល់ ហើយថែមទាំងត្រូវបានគេចាត់ទុកជាកីឡាករបរទេសឆ្នើមបំផុតប្រចាំលីគបាល់ទះកំពូល តៃវ៉ាន់ ទៀតផង។

កាលពីរដូវកាល ២០២៤-២០២៥ វឿន វាសនា បានបង្ហាញទម្រង់លេងល្អខ្លាំង រហូតជួយឱ្យក្រុមបាល់ទះ Win Streak លើកពានលីគបាល់ទះកំពូល តៃវ៉ាន់។ នៅពេលនោះ កីឡាករ​ កម្ពុជា បាន​ស្ថិតនៅលើកីឡាករណាៗទាំងអស់ប្រចាំលីគ រហូតឈ្នះ​ពាន​ឯកត្តជន ៣ ម្នាក់​​​ឯង ​រួមមាន ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ ពាន​កីឡាករ​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ​បំផុត និង​ពាន​កីឡាករ​វាយ​ផ្តាច់​ស្តាំ​ល្អ​បំផុត។

ងាកមកកាន់រដូវកាលនេះវិញ វាសនា កំពុងធ្វើបានល្អខ្លាំង សឹងតែលើសរដូវកាលមុនទៅទៀត ដោយរូបគេបានក្លាយជាកីឡាកររកពិន្ទុច្រើនជាងគេឱ្យក្រុមសឹងតែគ្រប់ការប្រកួត។ គិតត្រឹមសប្តាហ៍ទី ២៣ វាសនា កំពុងឈរជាកីឡាកររកពិន្ទុច្រើនជាងគេបំផុតប្រចាំលីគកំពូល តៃវ៉ាន់ ដោយរកបានពិន្ទុសរុបចំនួន ៤៨៣ ពិន្ទុ។ អ្វីដែលកាន់តែពិសេសទៀតនោះ រួមគេបានជួយឱ្យក្រុម Win Streak ប្រកួតមិនចាញ់សោះ ក្នុងចំណោមការប្រកួត ២៣ ប្រកួតកន្លងមក និងកំពុងឈរនៅកំពូលតារាងក្នុងលីគបាល់ទះកំពូល តៃវ៉ាន់៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top