បឹងកេត ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ ក្នុង​ជំនួប​កំណត់ត្រាថ្មី

ក្លិប​បាល់ទាត់ បឹងកេត ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ២-១ លើ​ក្រុម​ខ្លាំង ព្រះ​ខ័ន​រាជ​ស្វាយរៀង សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​១៣ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា នា​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

គ្រាប់​បាល់​បាន​កើត​មាន​ឡើង​ ៣ គ្រាប់ ដែល​​ ២ គ្រាប់​របស់ បឹងកេត តាម​រយៈ​ការ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​គ្រាប់​បាល់​ជ័យជម្នះ​រក​បាន​ដោយ​កីឡាករ​ ជា វេសាលី ខណៈ​១​គ្រាប់​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​ដោយ​កីឡាករ សុផល ឌីម៉ង់។

នេះ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ដិត​អារម្មណ៍​សម្រាប់​អ្នក​ទស្សនា​ទាំង​នៅ​ទីលាន​ផ្ទាល់ និង​តាម​អនឡាញ ប៉ុន្តែ​​មាន​ស្ថិតិ​ជា​ប្រវត្តិ​សាស្ត្រ​ថ្មីមិន​ធ្លាប់​មាន​​​នៅ​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ ទី១ ការ​ប្រកួត​​មាន​អ្នក​ទស្សនា​​ផ្ទាល់​ច្រើន​បំផុត​គឺ​ចំនួន ២០០០៥ នាក់​ នៅ​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា។

ទី​២ ការ​ប្រកួត​ធ្វើ​ឡើង​ដើម្បី​ក្តី​ស្រឡាញ់​សម្រាប់​ជន​ភៀស​សឹក។ អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ​បាន​យក​តុក្តតា​ទៅគប់​ចូល​ក្នុង​ទី​លាន​រាប់​ពាន​ដើម្បី​ប្រមូល​យក​ទៅ​ជួយ​ដល់​កុមារ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សង្គ្រាម។ ជា​មួយ​គ្នា​នេះ ការ​ប្រកូត​ក៏​ស្វែង​រក​ថវិកា​ដើម្បី​ជួយ​ដល់​ជន​ភៀស​សឹក​គឺ​ថវិកា​ពី​ការ​លក់​សំបុត្រ និង​តាម​ការ​សន្យា​របស់​ម្ចាស់​ឧបត្ថម្ភ​ក្លិប​បឹង​កេត​ដែល​បាន​លើក​ឡើង​រាល់ មនុស្ស​ចូល​ទស្សនា​ ១ ​នាក់ ក្រុម​ហ៊ុន​នឹង​បរិច្ចាគ​ចំនួន ១​ដុល្លារ ដូច្នេះ​អ្នក​ទស្សនា​ ២​០០០៥​នាក់ មាន​ន័យ​ថា ប្រាក់​ឧបត្ថម្ភ​ក៏​ជាង ២​០០០៥ ​ដុល្លារ​អាមេរិក​ដែរ។

ពេល​នេះ ការ​ប្រកួត​ប្រជែង​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា​កាន់​តែ​តឹង​តែង​ខ្លាំង ដោយ​ភ្នំពេញ​ក្រោន​កាន់​តែ​តាម​ជិត​ទាន់​ពិន្ទុ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ហើយ ដោយ​ខុស​គ្នា​តែ ៣ ពិន្ទុ​ប៉ុណ្ណោះ ហើយ​ពួក​គេ​នៅ​សល់​១​ប្រកួត​ក្នុងដៃ​ទៀត៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top