ស្តេចហ្វ្រីស្ទាយ៍ Andrew បង្ហោះវីដេអូ ៥ ឃ្លីបនៅតំ​បន់ទេសចរណ៍កម្ពុជា មានអ្នកទស្សនាលាននាក់

កីឡាករបាល់ទាត់ហ្វ្រីស្ទាយ៍ដ៏ល្បីលំដាប់ពិភពលោក លោក Andrew Henderson បានកំពុងជួយផ្សព្វផ្សាយពីទេសចរណ៍នៅក្នុងប្រទេស កម្ពុជា តាមរយៈការបង្ហាញសមត្ថភាពដ៏អស្ចារ្យនៃការសម្តែងជំនាញហ្វ្រីស្ទាយ៍របស់លោក នៅតំបន់ទេសចរណ៍ធំៗមួយចំនួនក្នុងខេត្ត សៀមរាប ខណៈគិតត្រឹមពេលនេះ វីដេអូរបស់លោកមានអ្នកទស្សនារាប់លាននាក់។

កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៥ លោក Andrew Henderson បានបង្ហោះវីដេអូចំនួន ៥ ឃ្លីបនៅលើទំព័រ Facebook របស់លោក ដែលមានអ្នកតាមដានជាង ២.៧ លាននាក់ អំពីការបង្ហាញជំនាញហ្វ្រីស្ទាយ៍ប្លែកៗនៅតំបន់អង្គរ តំបន់ភ្នំ និងតំបន់ទឹកជ្រោះក្នុងខេត្ត សៀមរាប។

ក្រោយវីដេអូទាំងនោះបង្ហោះជាសាធារណៈភ្លាម បានធ្វើឱ្យប្រជាជន កម្ពុជា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះលោកជាមនុស្សម្នាក់ ដែលមានឥទ្ធផលក្នុងវិស័យបាល់ទាត់ ជាពិសេសលើជំនាញបាល់ទាត់ហ្វ្រីស្ទាយ៍។ ដូច្នេះ ការបង្ហាញជំនាញហ្វ្រីស្ទាយ៍របស់លោកនៅប្រទេស កម្ពុជា ប្រៀបដូចជាលោកកំពុងជួយផ្សព្វផ្សាយអំពីទេសចរណ៍ កម្ពុជា ទៅកាន់ពិភពលោក ដើម្បីឱ្យគេបានស្គាល់ពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកាន់តែខ្លាំង។ ជាក់ស្តែង វីដេអូនៃការសម្តែងរបស់លោក ពេលនេះមានអ្នកទស្សនារាប់លាននាក់ទៅហើយ។

គួរឱ្យដឹង ថា លោក Andrew Henderson ជាកីឡាករបាល់ទាត់ហ្វ្រីស្ទាយ៍ដ៏ល្បីលំដាប់ថ្នាក់ពិភពលោក។ លោកធ្លាប់បានឈ្នះជើងឯកការប្រកួតកីឡាហ្វ្រីស្ទាយ៍ពិភពលោកចំនួន ៥ សម័យ និងកីឡាហ្វ្រីស្ទាយ៍ទ្វីប អឺរ៉ុប ចំនួន ៨ សម័យ។

បុរសសញ្ជាតិ អង់គ្លេស រូបនេះ ត្រូវបានគេចាត់ទុកជាមនុស្ស ដែលមានឥទ្ធផលម្នាក់ក្នុងវិស័យកីឡាបាល់ទាត់ ដោយជានិច្ចជាកាល លោកតែងតែមានការសម្តែងជំនាញហ្វ្រីស្ទាយ៍នេះ ជាមួយតារាបាល់ទាត់ល្បីៗដូចជា Cristiano Ronaldo, Lionel Messi, Neymar, Kylian Mbappe និងកីឡាករជាច្រើនរូបទៀត។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់ត្រូវបានគេអញ្ជើញចូលរួមសម្តែងក្នុងព្រឹត្តិការណ៍កីឡាធំៗផងដែរ ដូចជា កីឡាអូឡាំពិក, FIFA World Cup និងកម្មវិធំមួយចំនួនទៀត។

សូម​បញ្ជាក់​ថា កីឡា​បាល់ទាត់ Freestyle ក៏​មាន​សកម្មភាពគួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​នៅ​ក្នុង​ឆ្នាំ ២០២៥។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​បាល់ទាត់​ហ្វ្រីស្ដាយ៍​កម្ពុជា​ ៣រូប បាន​​ចូលរួម​ប្រកួត​កម្មវិធី​ WFFA Pulse Jakarta 2025 ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top