ញាក់សាច់! ខ្សែការពារ Ramos កំពុងពិចារណា​ទិញអតីតក្លិបខ្លួនធ្លាប់លេងមួយនៅ អេស្ប៉ាញ

វីរបុរស Real Madrid និងក្រុមជម្រើសជាតិ អេស្ប៉ាញ កីឡាករ Sergio Ramos កំពុងពិចារណាតួនាទីថ្មី ក្នុងការក្លាយខ្លួនជាម្ចាស់ក្លិបរបស់ក្លិប Sevilla បន្ទាប់ពីមានរបាយការណ៍អំពីកីឡាករ អេស្ប៉ាញ រូបនេះចង់ទិញយកអតីតក្លិបរបស់ខ្លួន។

ក្លិប Sevilla នៃលីគកំពូល អេស្ប៉ាញ បានស្ថិតនៅក្រោមពាក្យចចាមអារ៉ាម អំពីការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអស់រយៈពេលជាច្រើនខែមកហើយ។ មួយរយៈមុន មានក្រុមវិនិយោគិនអាមេរិកមួយ បានបើកការចរចាលើរឿងនេះ ប៉ុន្តែដោយសារតែពួកគេផ្តល់សំណើហិរញ្ញវត្ថុទាបពេក ក៏បានធ្វើឱ្យការពិភាក្សាបរាជ័យ។ ប្រការនេះ បានបើកទ្វារឲ្យអ្នកវិនិយោគផ្សេងទៀតចូលមកពិភាក្សាជំនួស។

 

Ramos ជាកីឡាករបាល់ទាត់អាជីព ដែលបានរីកលូតលាស់ពីថ្នាលយុវជនរបស់ Sevilla ឥឡូវនេះកំពុងផ្តួចផ្តើមប្រមូលក្រុមវិនិយោគទិញយកក្លិបនៃក្របខណ្ឌ La Liga មួយនេះ។ ជុំវិញរឿងនេះ ត្រូវបានគេរាយការណ៍ថា ក្រុមវិនិយោគរបស់គាត់បានដាក់សំណើតម្លៃខ្ពស់ជាងគេនៅពេលនេះ ហើយ Ramos ត្រូវបានជ្រើសរើសជាប្រធាននៃគម្រោង ដោយសារតែគាត់ជាវីរបុរសមួយរូបរបស់ Sevilla និងបាល់ទាត់អេស្ប៉ាញ។

 

ដូច្នេះ ខ្សែការពារវ័យ ៣៩ ឆ្នាំអាចនឹងត្រឡប់មកកាន់ទ្រនំចាស់ Sevilla ជាថ្មីម្ដងទៀត ក្នុងនាមជាម្ចាស់ក្លិប ដែលជាជំហានធំបំផុតមួយរបស់គាត់ពីអាជីពកីឡាករបាល់ទាត់ ក្លាយជាអ្នកដឹកនាំ និងវិនិយោគក្នុងពិភពបាល់ទាត់៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top