Solskjaer គ្រោងនឹងជជែកទល់មុខគ្នា ដើម្បីវិលមកដឹកនាំក្លឹប Man Utd ម្តងទៀត

(បរទេស)៖ ការតែងតាំងអ្នកចាត់ការទូទៅថ្មី ដើម្បីដឹកនាំក្លឹបបិសាចក្រហម Manchester United រហូតដល់ចប់រដូវកាលនេះ ជិតឈានសម្រេចសាច់ការហើយ ស្របពេលលោក Ole Gunnar Solskjaer នឹងជួបពិភាក្សាទល់មុខគ្នានា ថ្ងៃសៅរ៍ ទី១០ ខែមករា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

លើសពីនេះទៀត អតីតខ្សែបម្រើ និងធ្លាប់ដឹកនាំក្លឹប Middlesbrough គឺ Michael Carrick ក៏ជាបេក្ខជនមួយផ្សេងទៀត និងបានជួបជជែកគ្នាជាមួយថ្នាក់ដឹកនាំ Man Utd រួចរាល់ហើយដែរ។

មែនទែនទៅ ក្រុមខ្លាំងប្រចាំទីក្រុង Manchester របស់អង់គ្លេសមួយនេះ ចង់ធ្វើការតែងតាំងគ្រូបង្វឹកថ្មីឱ្យបានមុនថ្ងៃជំនួប Derby ទល់នឹង Manchester City នាចុងសប្តាហ៍ក្រោយតែម្តង។

បើយោងតាមប្រភពទុកចិត្តពី Man Utd ពួកគេនឹងជ្រើសរើសម្នាក់ ក្នុងចំណោម ២នាក់ខាងលើនេះ ដ្បិតកន្លងមកពួកគេទាំងពីរក៏ធ្លាប់បានធ្វើការរួមគ្នា ក្រោយការចាកចេញរបស់លោក Jose Mourinho ក្នុងឆ្នាំ២០១៨ ដែរ។

បច្ចុប្បន្ននេះ លោក Darren Fletcher គឺជាគ្រូបង្វឹកស្តីទីរបស់ Man Utd ទទួលភារកិច្ចដឹកនាំតពីលោក Ruben Amorim ដែលត្រូវបានដកតួនាទី។ គ្រូបង្វឹកស្តីទីសញ្ជាតិស្កុតឡេនរូបនេះ ត្រូវបានតែងតាំងដឹកនាំបិសាចក្រហមត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ដែលបានដឹកនាំលេងស្មើ ១-១ ទល់នឹង Burnley ក្នុងលីគ និងត្រៀមប៉ះ Brighton នៃជុំទី៣ ពាន FA Cup ទៀត៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top