សៅយ៉ាន់​ វិសាល​ សមត្ថភាព​កាន់​តែ​ឡើង​ហើយ​ទើប​ឈ្នះ​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ទម្ងន់​ ៥៧​គីឡូក្រាម

កូន​ប្រុស​លោក​ សាន់​ សៅយ៉ាន់​ គឺ​កីឡាករ​ សៅយ៉ាន់​ វិសាល​ សមត្ថភាព​កាន់​តែ​ល្អ​ឡើង​ហើយ​បន្ទាប់​ពី​រូប​គេ​ប្រកួត​ឈ្នះ​មេដាយ​មាស​ជូន​ក្រសួង​ការពារជាតិ​ ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២៥​ ដែល​ទើប​បញ្ចប់​កាល​ពី​យប់មិញ​នៅ​ឯ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ សាន់​ សៅយ៉ាន់​ កូន​ប្រុស​របស់​លោក​យប់​មិញ​នេះ​បាន​ឈ្នះ​ពិន្ទុ​ដៃគូ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​បាន​មេដាយ​មាស​ជូន​ក្រសួង​ការពារ​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជ្រើស​ជើងឯក​ថ្នាក់​ជាតិ​ដែល​ទើប​បញ្ចប់​នេះ។​

 

គ្រូ​បង្វឹក​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បន្ថែម​ទៀត​ថា​ កូន​របស់​លោក​បន្ទាប់​ពី​ឈ្នះ​មេដាយ​នៅ​ប៉ារែន​ និង​ការ​ឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន​ថោន​ជា​មួយ​ ធន់​ បុរី​ រួច​មក​មាន​ការ​កើន​ឡើង​សមត្ថភាព​ និង​អភិវឌ្ឍន៍​ខ្លួន​កាន់​តែ​ល្អ​ឡើងៗ។​ កាល​ពី​មុន​កូន​របស់​លោក​មិន​សូវ​ចេញ​បាន​អាវុធ​ច្រើន​ទេ​ ដូច​ជា​កែង​ និង​មិន​សូវ​ហ៊ាន​ប្ដូរ​នោះ​ឡើយ​ ពោល​រៀង​ខ្លាចៗ​បន្តិច។​ ណា​មួយ​កូន​របស់​លោក​នៅ​ក្មេង​ និង​មិន​បាន​ហ្វឹកហាត់​ជាប់​ផង​ដោយ​សារ​រវល់​រៀន​សូត្រ។​

ការ​ប្រកួត​អំឡុង​ជើងឯក​ថ្នាក់​ជាតិ​នេះ​ វិសាល​ ធ្វើ​បាន​ល្អ​ចេញ​អាវុធ​បាន​ច្រើន​ កែង​ ជង្គង់​ និង​ហ៊ាន​ប្ដូរ​មុខ​ជា​ដើម។​ មួយ​វិញ​ទៀត​ការ​ចេញ​អាវុធ​ឥលូវ​ក៏​ធ្ងន់​ល្អ​ទៀត​ផង ដូច​បាន​ឃើញនៅ​ការ​ប្រកួត​ឯសង្វៀន​ TV5 ​បាន​ធ្វើ​ឲ្យ​ដៃគូ​បាក់​ដៃ​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ សៅយ៉ាន់​ វិសាល​ កាល​ពី​យប់​ថ្ងៃ​ទី៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ យប់​ម្សិលមិញ​នេះ​រូប​គេ​បាន​ប្រកួត​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ ឆាយ​ វណ្ណី​ ទទួល​បាន​មេដាយ​មាស។​ រូប​គេ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ និង​ឈ្នះ​៣ប្រកួត​ទើប​ទទួល​បាន​មេដាយ​មាស​នេះ​ជូន​ក្រសួង​ការពារជាតិ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top