កីឡាករជើងខ្លាំងមកពីខេត្តបន្ទាយមានជ័យ ឃឹម ឌីណា នឹងវិលត្រឡប់មកកាន់សង្វៀនគុនខ្មែរវិញហើយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីចំណាយពេលព្យាបាលរបួសដាច់ ACL តាំងពីអំឡុងឆ្នាំ២០២៤ ដែលរូបគេប៉ះជាមួយកីឡាករថៃ។
ឃឹម ឌីម៉ា បានបង្ហោះនៅលើហ្វេសបុករបស់ខ្លួនថា «សង្ឃឹមថាការខិតខំមួយនេះ នឹងទទួលបានជោគជ័យ ជួបខ្ញុំបាទនៅថ្ងៃអាទិត្យ ទី8 នៅសង្វៀនបាយ័ន នាខេត្តស្វាយរៀង សុំស្គាល់ផងបងប្អូនអ្នកស្វាយរៀង»។ ដូច្នេះហើយកីឡាករដើមកំណើតពីខេត្តបន្ទាយមានជ័យរូបនេះបានវិលចូលសង្វៀនវិញហើយដើម្បីកំដរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រគុនខ្មែរ។
មុនដល់គម្រោងនៃការឡើងសង្វៀនវិញនេះគេក៏ឃើញ ឌីម៉ា បានព្យាយាមហ្វឹកហាត់ជាច្រើនដងផងដែរ ដើម្បីពង្រឹងសមត្ថភាព និងជាការត្រៀមខ្លួនឲ្យបានល្អ។ នៅលើបណ្ដាញសង្គមក៏មានការអបអរសារទរច្រើនផងដែរពីសំណាក់អ្នកគាំទ្រចំពោះដំណឹងល្អនៃការវិលត្រឡប់មកវិញរបស់បងប្រុស ឃឹម បូរ៉ា ។
បញ្ជាក់ដែរថា កីឡាករ ឃឹម ឌីម៉ា បានរងរបួស ACL នេះចំនួន ២លើកហើយ ខណៈលើកទី២ នេះអំឡុងពេលប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករថៃ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅសង្វៀនទទក។ ការឡើងសង្វៀនជាថ្មីរបស់ ឌីម៉ា នេះនឹងត្រូវប្រកួតមិត្តភាពថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លើទូរទស្សន៍ BTV ទីតាំងនៅឯខេត្តស្វាយរៀង៕
ប្រភព៖ KAMPUCHEATHMEY



