ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥–ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាណត្តិចាស់ទី៤ ឆ្នាំ២០២១-២០២៥ បានជាប់ឆ្នោតបន្តដឹកនាំជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាណត្តិថ្មី ទី៥ (២០២៥-២០២៩) ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ថានឹងប្រឹងប្រែងជំរុញដល់ដំណើរការអភិវឌ្ឍជំនាញកីឡានេះឱ្យកាន់តែរីកចម្រើន។
ការបោះឆ្នោតនេះបានធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ បន្ដអាណត្ដិថ្មី កាលពីល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាណត្តិថ្មី ដែលគាំទ្រសំឡេងបោះឆ្នោត១០០%នោះ ឯកឧត្តម អ៊ូ រតនា បានលើកឡើងថា សម្រាប់អាណត្តិទី៥ដែលជាអាណត្តិថ្មីនេះ ឯកឧត្តមប្តេជ្ញាចិត្តខ្ពស់ធ្វើយ៉ាងណាឱ្យការដឹកនាំទទួលបានជោគជ័យកាន់តែខ្លាំងជាងអាណត្តិទី៤បន្ថែមទៀត។ ក្នុងអាណត្តិទី៥នេះ យើងមានទិសដៅអភិវឌ្ឍជាច្រើន ដូចជា ១.ការអភិវឌ្ឍ និងពង្រឹងបច្ចេកទេសបន្ថែមទៅដល់កីឡាករ កីឡាការិនីជម្រើសជាតិ ២.ខិតខំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីអាជ្ញាកណ្តាល-ចៅក្រម បន្ថែម ដើម្បីឆ្លើយតបនឹងកម្រិតអន្តរជាតិ ៣.ជំរុញឱ្យមានការប្រកួតកាន់តែច្រើននៅក្នុងស្រុក និងជំរុញឱ្យអត្តពលិកជម្រើសជាតិបានចូលរួមការប្រកួតលើឆាកអន្តរជាតិកាន់តែច្រើនជួយឱ្យអត្តពលិកកាន់តែមានសក្តានុពល និងបទពិសោធ ពិសេសគឺការកៀគរសមាជិកចូលរួមឱ្យមានចំនួនកាន់តែច្រើន ដើម្បីឱ្យសហព័ន្ធមានការអភិវឌ្ឍរីកចម្រើន។
ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន បានអបអរសាទរចំពោះការជាប់ជាប្រធានសហព័ន្ធដឹកនាំបន្តអាណត្តិថ្មីរបស់ឯកឧត្តម អ៊ូ រតនា ហើយឯកឧត្តម ក៏បានកោតសសើរចំពោះសមិទ្ធផលទទួលជោគជ័យជាច្រើនកាលពីអាណត្តិចាស់ ដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាមានសក្ខីកាមបានបញ្ជាក់យ៉ាងច្បាស់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ូរតនា ជាប្រធានបានដឹកនាំធ្វើឱ្យសហព័ន្ធកីឡាវ៉ូវីណាមមានវឌ្ឍនភាព និងស្ថិតនៅក្នុងសហព័ន្ធកីឡាមួយដែលមានសក្កានុពលរបស់កម្ពុជាដែលបញ្ជាក់អំពីភាពរឹងមាំផ្នែកបច្ចេកទេស ទាំងកម្រិតតំបន់ និងកម្រិតពិភពលោក។
ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា យើងត្រូវរក្សាសក្តានុពលទាំងអស់នេះ ដើម្បីបន្តបេសកម្មជោគជ័យសម្រាប់អាណត្តិទី៥ ដែលជាអាណត្តិថ្មីបន្តទៀត។ ឯកឧត្តមបន្ថែមទៀតថា យើងបានបាត់បង់ឱកាសប្រជែងមេដាយ ក្នុងស៊ីហ្គេម ២០២៥ ដោយម្ចាស់ផ្ទះថៃមិនដាក់បញ្ជូលប្រភេទកីឡាវ៉ូវីណាម ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅ ឆ្នាំ២០២៥នោះទេ ប៉ុន្តែស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅម៉ាឡេស៊ី និងស៊ីហ្គេម លើកទី៣៥ ឆ្នាំ២០២៩ នៅសិង្ហបុរីនឹងត្រូវរៀបចំឱ្យប្រកួតប្រភេទកីឡាវ៉ូវីណាមនេះឡើងវិញ។ ក្នុងនាមសហព័ន្ធមានសក្តានុពលយើងត្រូវបន្តពង្រឹងរហូត ព្រោះយើងនៅមានឱកាសជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗទៀត ទាំងកម្រិតតំបន់ និងពិភពលោក។ សហព័ន្ធក៏នៅតែទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលជានិច្ចចំពោះការរៀបចំការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំរបស់ខ្លួន និងធ្វើជាម្ចាស់ផ្ទះការប្រកួតកម្រិតតំបន់ អាស៊ី និងពិភពលោកផងដែរ។
គួរបញ្ជាក់ថា នៅក្នុងអាណត្តិទី៥ ឆ្នាំ២០២៥-២០២៩ មានគណៈកម្មការប្រតិបត្តិ ២៣រូប ដែលដឹកនាំដោយ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ អមដោយអនុប្រធាន ០៩រូប និងអគ្គលេខាធិការ គឺ ឯកឧត្តម លី ចាន់ភក្តី អមដោយអគ្គលេខាធិការរង៥រូប អគ្គហិរញ្ញិក១រូប អមដោយអគ្គហេរញ្ញិករង១រូប និងសមាជិក៥រូប៕
ប្រភព: AKP
