ក្រុម U23 កម្ពុជាត្រៀមចូលរួមប្រកួតជើងឯកអាស៊ាន ASEAN U23 Mandiri Championship

ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥–ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតក្រោមអាយុ២៣ឆ្នាំមានកម្មវិធីប្រកួតសំខាន់ៗចំនួនពីរ ក្នុងខែកក្កដានេះក្នុងជើងឯកអាស៊ាន និងខែកញ្ញា ឆ្នាំ២០២៥ វគ្គជម្រុះពានរង្វាន់អាស៊ី ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ប្រចាំពូល G។

កម្មវិធីប្រកួតសំខាន់ៗចំនួន២ព្រឹត្តិការណ៍ផ្សេងពីគ្នារបស់ក្រុម U23 កម្ពុជា រួមមាន៖ ក្រុម U23 កម្ពុជាត្រៀមចូលរួមប្រកួតជើងឯកអាស៊ាន ASEAN U23 Mandiri Championship នៅប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទីថ្ងៃទី១៥-២៩ ខែកក្កដា ឆ្នាំ២០២៥។ ការប្រកួតនេះមាន ១០ក្រុមចូលរួម ចែកជា ៣ពូល ក្នុងនោះកម្ពុជាស្ថិតក្នុងពូល B ជាមួយក្រុមឡាវ និងវៀតណាម។ ក្រុម U23 កម្ពុជាត្រូវប្រកួតបើកឆាកជាមួយក្រុម U23 ឡាវ ថ្ងៃទី១៦ ខែកក្កដា និងត្រូវប៉ះ U23 វៀតណាម នាថ្ងៃទី២២ ខែកក្កដា។ ក្រោយបញ្ចប់ពូល គេរើសយកក្រុមលេខ១ នៃពូលទាំង៣ចំនួន ៣ក្រុម និងលេខ២ ល្អផ្តាច់គេ១ក្រុមនឹងបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ព្រឹត្តិការណ៍ប្រកួតទី២នេះ គឺវគ្គជម្រុះពូល G AFC U-23 Asian Cup ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ប្រចាំពូល G នេះពីថ្ងៃទី០៣-០៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្រុមម្ចាស់ផ្ទះ កម្ពុជាត្រូវប៉ះជាមួយក្រុមខ្លាំងៗដូចជាក្រុមអ៊ីរ៉ាក់ អូម៉ង់ និងក្រុមប៉ាគីស្ថាន។ វគ្គជម្រុះនេះមាន៤៤ក្រុមចូលរួម បែងចែកជា១១ពូល ហើយក្រោយបញ្ចប់ការប្រកួតក្នុងពូល គឺគេជ្រើសរើសលេខ១ នៃពូលទាំង១១ ស្មើនឹង១១ក្រុមបូកនឹង៤ក្រុម ដែលជាក្រុមចំណាត់ថ្នាក់លេខ២ ល្អផ្តាច់គេ ឡើងទៅជុំផ្តាច់ព្រ័ត្រ ចំនួន១៥ និង១ក្រុមជាម្ចាស់ផ្ទះ គឺក្រុមអារ៉ាប់ប៊ីសាអូឌីត (សរុប១៦ក្រុម) ដែលគ្រោងនឹងធ្វើឡើងនាខែមករា ឆ្នាំ២០២៦ខាងមុខ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិ U23 កម្ពុជា ស្ថិតក្រោមការដឹកនាំពីគ្រូបង្គោលជនជាតិជប៉ុន លោក Koji Kyotoku ដែលកំពុងដំណើរការហ្វឹកហាត់បំប៉នគុណភាពបច្ចេកទេស ត្រៀមចូលរួមប្រកួត ASEAN U23 Mandiri Championship នៅប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទីថ្ងៃទី១៥-២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍មុនគេ៕

ប្រភព: AKP

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top