ខ្សែការពារ Tuanzebe ប្តឹងអតីតក្លិប Man Utd ដែលធ្វេសប្រហែសផ្នែកវេជ្ជសាស្រ្ត

(បរទេស)៖ អតីតកីឡាករខ្សែការពាររបស់ Manchester United គឹ Axel Tuanzebe បានដាក់ពាក្យប្តឹងក្លិបបិសាចក្រហមមួយនេះ ដែលបានធ្វេសប្រហែសពីការណែនាំផ្នែកវេជ្ជសាស្រ្ត ពេលខ្លួនរបួសនាពេលកន្លងមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ២៧ឆ្នាំ ដែលបានទៅចូលរួមជាមួយ Burnley កាលពីដើមខែនេះ បានដាក់ពាក្យប្តឹងទៅតុលាការកំពូល ដើម្បីប្រឆាំងទៅនឹង United រួចរាល់ហើយកាលពីសប្តាហ៍មុន។

ការចោទប្រកាន់នេះដែរ វាបានកើតឡើងនាអំឡុងខែកក្កដា ឆ្នាំ២០២២ ដែលមានការពាក់ព័ន្ធទៅនឹងបញ្ហារបួសដែលមិនត្រូវបានបញ្ជាក់ ជាមួយនឹងតម្លៃព្យាបាលមានដល់ទៅជាង ១លានផោនឯណោះ។

លើសពីនេះទៀត Tuanzebe ក៏បានទម្លាយថា រូបគេបានផុតសុពលភាពកិច្ចសន្យាមានដល់ ១៩៥ថ្ងៃនៅ Man Utd មុនពេលរូបគាត់ត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅក្លិប Stoke City នាអំឡុងខែមករា ឆ្នាំ២០២៣ ដែលលោកបានចូលលេងត្រឹមតែ ៥ប្រកួតប៉ុណ្ណោះ។

ទោះជាយ៉ាងណា ទាំងក្លិប United និងលោក Simons Muirhead Burton មេធាវីរបស់ Tuanzebe បានធ្វើការបដិសេធមិនធ្វើបទអត្ថាធិប្បាយណាមួយដូចគ្នា នៅពេលមានការទាក់ទងសួរនាំអំពីរឿងនេះពីសំណាក់ BBC Sport៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top