ធ្ងន់ធ្ងរ! ក្លិប FK Arsenal ត្រូវបាន UEFA ដាក់ពិន័យ ១០ឆ្នាំ ដោយសាររៀបចំលទ្ធផលទុកមុន

(បរទេស)៖ ក្លិបបាល់ទាត់អាជីពលេងនៅលីគកំពូលប្រទេសម៉ុងតេនីក្រូ FK Arsenal Tivat ត្រូវបានសហព័ន្ធអឺរ៉ុប UEFA ដាក់ទណ្ឌកម្មរយៈពេល ១០ឆ្នាំ ក្រោយរកឃើញថា បានរៀបចំលទ្ធផលទុកជាមុននាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បន្ថែមលើនេះ ក្រុមកីឡាករ និងមន្រ្តីរបស់ក្លិបនេះមួយចំនួន ក៏នឹងត្រូវបានដាក់ពិន័យដោយ UEFA ទៀតផង ជាមួយនឹងការសំណើទៅសហព័ន្ធ FIFA ក្នុងការបន្ថែមទណ្ឌកម្មទូទាំងសកលលោកទៀតដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA បានបញ្ជាក់ថា ការពិន័យនេះ ក៏រួមបញ្ចូលទាំងពិន័យជាប្រាក់ប្រមាណ ៥០ម៉ឺនអឺរ៉ូ បើទោះបីជាពួកគេត្រូវដកបញ្ឈរជើងពីពានអឺរ៉ុប គ្រប់កម្រិតរហូតដល់ឆ្នាំ២០៣៤-៣៥ ក៏ដោយ ដែលមានការពាក់ព័ន្ធទៅនឹងការប្រកួតជម្រុះក្នុងពានលំដាប់ទី៣ Conference League ទល់នឹង Alashkert របស់អាមេនីកាលអំឡុងខែកក្កដា ឆ្នាំ២០២៣។

Arsenal Tivat បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹង Alashkert សម្រាប់ជើងទី១ មុនពេលបំបាក់ ៦-១ ក្នុងដីរបស់ពួកគេនៅជើងទី២ គ្រានោះ។

លើសពីនេះទៀត UEFA ក៏បានសម្រេចដាក់ពិន័យកីឡាករ Nikola Celebic និងមន្រ្តីរបស់ក្លិប Arsenal Tivat គឺលោក Ranko Krgovic មិនឱ្យធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹងបាល់ទាត់អស់មួយជីវិត នៅពេលកីឡាករ ៣រូបផ្សេងទៀតរួមមាន Cetko Manojlovic, Dunsan Puletic និង Radule Zivkovic ត្រូវបានដកបញ្ឈរជើង ១០ឆ្នាំដូចគ្នា៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top