(មេនឆេស្ទើ)៖ ក្លិបបិសាចក្រហម Manchester United បានឈានដល់ការចុះកិច្ចព្រមព្រៀងផ្លូវការ ទិញខ្សែប្រយុទ្ធជួរមុខ Bryan Mbeumo ពីសមាជិកនៅ Premier League ដូចគ្នាគឺ Brentford ក្នុងតម្លៃ ៧២លានផោន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករអន្តរជាតិកាមេរូនរូបនេះ បានក្លាយជាសមាជិកថ្មីទី៣ ផងដែរនៃក្រុមរបស់លោក Ruben Amorim ក្នុងទីផ្សារដោះដូរកីឡាករនាខែកក្កដា ឆ្នាំ២០២៥ នេះ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធ Matheus Cunha និងខ្សែការពារស្លាបឆ្វេង Diego Leon នៅកីឡដ្ឋាន Old Trafford។
United បានប្រើពេលដល់ទៅ ៧សប្តាហ៍ ដើម្បីចែចូវយកកីឡាករវ័យ ២៥ឆ្នាំ ដែលនឹងត្រូវពាក់លេខ១៩ ផងដែរ ក្នុងក្លិបថ្មីប្រចាំទីក្រុង Manchester ដោយពួកគេបានបញ្ចប់ក្នុងតំណែងលេខ១៥ ក្នុងលីគរដូវកាលមុន។
ក្រុមរងជើងឯកពានលំដាប់ទី២ UEFA Europa League រដូវកាល ២០២៤-២៥ បានបង់ប្រាក់ប្រមាណ ៦៥លានផោន ជាមួយនឹងការបន្ថែម ៦លានផោនផ្សេងទៀតសម្រាប់សេវាផ្ទេរផ្សេងៗ ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន ក្រោយពេលដាក់សំណើ ៣លើក ទម្រាំបានសម្រេចនាពេលនេះ៕
ប្រភព៖ FRESH NEWS