គណៈកម្មាធិកាអូឡាំពិកកាតា (QOC) បានចូលរួមកិច្ចពិភាក្សាជាមួយនឹងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លើដំណើរការបោះឆ្នោតជ្រើសរើសទីក្រុងម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ ២០៣៦។ កាតា ក៏បានសម្លឹងមើលឱកាសធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ ២០៣៦ ដោយប្រជែងជាមួយនឹងក្រុមប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុបផ្សេងទៀត។
កាតា ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ ២០២២ និងពានរង្វាន់ Asian Cup ឆ្នាំ ២០២៤ ក្លាយជាប្រទេសចុងក្រោយគេបង្ហាញបំណងចង់ចូលរួមដេញថ្លៃប្រជែងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិក ឆ្នាំ ២០៣៦ បន្ទាប់ពីឥណ្ឌូណេស៊ី តួកគី ឥណ្ឌា និងស៊ីលី។
ដោយឡែកប្រទេសអាស៊ីដទៃ ដែលកំពុងពិចារណាក្នុងការដេញថ្លៃ រួមមាន អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង អេហ្ស៊ីប និងប្រទេសមកពីអឺរ៉ុប មានដូចជា ហុងគ្រី អ៊ីតាលី អាល្លឺម៉ង់ ដាណឺម៉ាក និងកាណាដា មកពីអាម៉េរិកខាងជើង ដែលបង្ហាញចំណាប់អារម្មណ៍។
ចំណែកក្នុងកិច្ចពិភាក្សារបស់អូឡាំពិកកាតា (QOC) ជាមួយនឹងស្ថាប័ន IOC ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ បង្ហាញក្តីសង្ឃឹមខ្ពស់របស់ពួកគេ ព្រោះតែចំនួន ៩៥ភាគរយ នៃហេដ្ឋរចនាសម្ព័ន្ធកីឡា ដែលមានស្រាប់ក្នុងប្រទេសនេះ ស័ក្តិសមក្នុងការរៀបចំព្រឹត្តិការណ៍ ដោយពុំចាំបាច់ត្រូវកសាងអ្វីច្រើនថែមទៀត។
លោក Sheikh Joan Bin Hamad Al Thani ប្រធាន QOC បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានកាតាដូច្នេះថា៖«បច្ចុប្បន្ននេះយើងមានរហូតដល់ទៅ ៩៥ភាគរយ នៃតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលស័ក្តិសមក្នុងការរៀបចំការប្រកួត។ យើងមានផែនការយ៉ាងទូលំទូលាយក្នុងការត្រៀមខ្លួន ដែលអាចធានាបានរហូតដល់ ១០០ភាគរយ ទៅលើគ្រឿងបរិក្ខាររៀបចំទាំងអស់។»។
នៅពេលអនាគត ទីក្រុងដូហា ប្រទេសកាតា ក៏នឹងត្រៀមខ្លួនធ្វើជាម្ចាស់រៀបចំការប្រកួតកីឡាអាស៊ី ក្នុងឆ្នាំ២០៣០ ហើយប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ធ្លាប់រៀបចំម្តងកាលឆ្នាំ២០០៦ សម្រាប់កីឡាអាស៊ី។
ប្រសិនបើកាតា អាចដេញថ្លៃរៀបចំអូឡាំពិកបានជោគជ័យ រឿងនេះនឹងធ្វើឱ្យកាតាក្លាយជាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដំបូងគេបង្អស់ ដែលនឹងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក បន្ទាប់ពីប្រទេសទ្វីបអាស៊ីមួយនេះ កើនភាពល្បីល្បាញខ្លាំងជុំវិញការរៀបចំព្រឹត្តិការណ៍កីឡាធំៗជាច្រើនលើពិភពលោក៕
ប្រភព៖ ThmeyThmey