(ភ្នំពេញ)៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហានេះ បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទូកនាគចំនួន ១៥រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក (World Games) ឆ្នាំ២០២៥ នៅទីក្រុង Chengdu សាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានការជូនដំណើរ និងជូនពរជាច្រើនពីថ្នាក់ដឹកនាំ មន្ដ្រីសហព័ន្ធ និងក្រុមគ្រួសារកីឡាករ-កីឡាការិនីផ្ទាល់ផងដែរ។
ជាមួយបេសកកម្មខាងលើ លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំលើក្រុមកីឡាករ-កីឡាការិនីកម្ពុជា ក្នុងការឈានទៅប្រជែងមេដាយជូនជាតិ ទោះបីនេះគឺជាលើកដំបូង ដែលក្រុមកីឡាទូកនាគកម្ពុជា បានចូលរួមព្រឹត្តិការណ៍ World Games ក៏ដោយ។ ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកបានមើលឃើញកីឡាករ-កីឡាការិនីទាំងអស់ បានខំប្រឹងហ្វឹកហាត់ជាខ្លាំង បន្ទាប់ពីជាប់វគ្គជម្រុះក្នុងការប្រកួតនៅហ្វីលីពីន កាលពីឆ្នាំ២០២៤ កន្លងទៅ។
លោកបន្ដថា «ក្រោយជាប់វគ្គជម្រុះ យើងបានដាក់គោលដៅ ទាំងការហ្វឹកហាត់ និងវិន័យ ជាមួយការវាយតម្លៃជាប្រចាំ។ កីឡាទូកនេះ គិតលើថិរវេលា ហើយផ្អែកលើការព្យាយាមហ្វឹកហាត់កន្លងមក ក៏ដូចជាលទ្ធផលនៃការធ្វើតេស្ដ យើងឃើញពួកគាត់ឈានដល់ចំណុចមួយ ដែលអាចទទួលបានមេដាយ។ នេះគឺជាក្ដីសង្ឃឹម ហើយយើងមានសុទិដ្ឋិនិយមថា ពួកគាត់នឹងធ្វើបានល្អ ហើយអាចដណ្ដើមបានមេដាយក្នុងការប្រកួតលើកដំបូង ក្នុងព្រឹត្តិការណ៍ World Games ឆ្នាំ២០២៥ នេះ»។
គួរដឹងថា នេះជាលើកដំបូងហើយ ដែលក្រុមកីឡាទូកនាគកម្ពុជា បានចូលរួមព្រឹត្តិការណ៍ World Games ក្រោយបញ្ចប់ការប្រកួតជម្រុះនៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០២៤ ស្ថិតក្នុងលេខរៀងទី៩ ។ សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅចិននេះដែរ គឺមាន ១២ប្រទេស ដែលទទួលបានសិទ្ធចូលរួមប្រកួត ពោលគឺសុទ្ធតែក្រុមខ្លាំងៗលើពិភពលោក ក្នុងនោះក្រៅពីកម្ពុជា គឺមានម្ចាស់ផ្ទះចិន កូរ៉េខាងត្បូង អ៊ុយក្រែន អេស្ប៉ាញ ឥណ្ឌូនេស៊ី ឆាយនីសតៃប៉ិ សាធារណរដ្ឋឆេក ហុងគ្រី ថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៩-១០ខែសីហាខាងមុខ។
សម្រាប់ប្រតិភូកីឡាទូកនាគកម្ពុជា គឺមានកីឡាករ ៦រូប និងកីឡាការិនី ៦រូប ដែលនឹងត្រូវធ្វើការប្រកួតលើ ៦វិញ្ញាសា រួមមានប្រណាំងចម្ងាយ ២០០ម៉ែត្រ (២វិញ្ញាសា), ៥០០ម៉ែត្រ(២វិញ្ញាសា) និង ២,០០០ម៉ែត្រ(២វិញ្ញាសា)៕
ប្រភព៖ FRESHNEWS